ព័ត៌មានអន្ដរជាតិ
ទីបំផុតដឹងមូលហេតុធ្លាក់យន្តហោះ Air india ដែលសម្លាប់មនុស្ស ២៦០នាក់ហើយ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានR euters នៅថ្ងៃទី១២ ខែ កក្កដា របាយការណ៍ថ្មីៗនេះបានលាតត្រដាងថា ភាពច្របូកច្របល់នៅក្នុងកាប៊ីនយន្ដហោះដែលបណ្ដាលមកពីកុងតាក់ប្រេងអាចនាំឱ្យមានសោកនាដកម្មធ្លាក់យន្តហោះ Air India កាលពីថ្ងៃទី ១២ ខែមិថុនា ដែលបានសម្លាប់មនុស្ស ២៦០ នាក់ទាំងអ្នកនៅលើដី។

គួររម្លឹកថាយន្តហោះ Boeing 787 Dreamliner កំពុងហោះហើរពីទីក្រុង Ahmedabad ប្រទេសឥណ្ឌា ទៅកាន់ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ប៉ុន្តែយន្តហោះនេះបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង។ ការស៊ើបអង្កេតបានរកឃើញថា កុងតាក់ប្រេងម៉ាស៊ីនទាំងពីររបស់យន្តហោះត្រូវបានប្តូរពី «run» ទៅ «cutoff» ភ្លាមៗបន្ទាប់ពីយន្តហោះហោះចេញ។ សកម្មភាពនេះបានកាត់ផ្តាច់ប្រេងឥន្ធនៈដល់ម៉ាស៊ីន ដែលបណ្តាលឱ្យយន្តហោះបាត់បង់ថាមពល និងធ្លាក់ចុះ។
របាយការណ៍នេះត្រូវបានចេញផ្សាយដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ប្រទេសឥណ្ឌា (AAIB) ដែលបានបង្ហាញថាមួយសន្ទុះមុនការធ្លាក់ អ្នកបើកយន្តហោះម្នាក់បានសួរអ្នកបើកយន្តហោះម្នាក់ទៀតថា «ហេតុអ្វីបានជាអ្នកផ្តាច់ប្រេង?»។ អ្នកបើកយន្តហោះទីពីរបានឆ្លើយថា អត់ទេ។ ក្រុមអ្នកស៊ើបអង្កេតមិនអាចបញ្ជាក់បានថាអ្នកបើកបរម្នាក់ណាជាអ្នកនិយាយអ្វីនោះទេ។
អ្នកជំនាញនិយាយថា វាមិនទំនងទេដែលកុងតាក់ទាំងនេះអាចបត់ដោយចៃដន្យ ខណៈមិនមានការសង្គ្រោះបន្ទាន់នៅលើយន្តហោះដែលតម្រូវឱ្យបិទម៉ាស៊ីននោះទេ។ ជាធម្មតា កុងតាក់ទាំងនេះត្រូវបានប្រើដើម្បីបិទម៉ាស៊ីនតែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះបានចុះចត ឬអំឡុងពេលមានអាសន្នធ្ងន់ធ្ងរ ដូចជាភ្លើងឆេះម៉ាស៊ីនជាដើម។ ការបិទកុងតាក់នៅពេលដែលយន្តហោះកំពុងឡើងនោះនឹងបណ្តាលឱ្យម៉ាស៊ីនខូចភ្លាមៗ។
យ៉ាងណាអ្នកបើកយន្តហោះទាំងពីរនាក់សុទ្ធតែមានបទពិសោធន៍ ដោយអ្នកបើកយន្តហោះលោក Sumeet Sabharwal មានអាយុ ៥៦ ឆ្នាំ មានបទពិសោធន៍ហោះហើរជាង ១៥,០០០ ម៉ោង។ លោកក៏ធ្លាប់ធ្វើជាគ្រូបង្ហាត់ជើងហោះហើរផងដែរ។ សហអ្នកបើកបររបស់គាត់ឈ្មោះ Clive Kunder មានអាយុ ៣២ ឆ្នាំក៏មានជើងហោះហើរច្រើនជាង ៣,៤០០ ម៉ោងផងដែរ។

បើតាមការស៉ើបអង្គេតមិនយូរប៉ុន្មានបន្ទាប់ពីការហោះឡើង ប្រព័ន្ធថាមពលបម្រុងហៅថា «ram air turbine» ត្រូវបានបន្លឺឡើងដែលវាកើតឡើងនៅពេលដែលម៉ាស៊ីនសំខាន់ៗឈប់ដំណើរការ។ យន្តហោះបានបាត់បង់រយៈកម្ពស់យ៉ាងលឿន ហើយបានធ្លាក់ចូលទៅក្នុងអគារនៅក្បែរព្រលានយន្តហោះ។ ក្នុងចំណោមមនុស្សទាំង២៤២នាក់នៅលើយន្តហោះ មានតែម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ខណៈមនុស្ស ១៩នាក់ទៀតនៅលើដីក៏ត្រូវបានសម្លាប់ផងដែរ។
បន្ទាប់ពីការធ្លាក់យន្តហោះ អ្នកស៊ើបអង្កេតបានរកឃើញថា កុងតាក់ប្រេងឥន្ធនៈត្រូវបានផ្លាស់ប្តូរទៅទីតាំង «run» វិញ ដែលអាចមានន័យថា អ្នកបើកយន្តហោះបានព្យាយាមចាប់ផ្តើមម៉ាស៊ីនឡើងវិញភ្លាមៗ មុនពេលយន្តហោះធ្លាក់មកដី។ រហូតមកដល់ពេលនេះ របាយការណ៍នេះមិនបានស្តីបន្ទោសទៅលើក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះ ឬ ក្រុមហ៊ុនGE ដែលផលិតម៉ាស៊ីននោះទេ ខណៈក្រុមហ៊ុនទាំងពីរកំពុងគាំទ្រការស៊ើបអង្កេតនេះ។
ក្រុមហ៊ុន Air India ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Tata Group បានស្ថិតនៅក្រោមការត្រួតពិនិត្យជាសាធារណៈអំពីសុវត្ថិភាពយ៉ាងខ្លាំងចាប់តាំងពីការធ្លាក់យន្តហោះនេះ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានប្រឈមមុខនឹងកង្វល់សុវត្ថិភាពផ្សេងទៀតនាពេលថ្មីៗនេះផងដែរ ដូចជាការខកខានក្នុងការថែទាំទាន់ពេលវេលាលើយន្តហោះរបស់ខ្លួននិងការបំពានច្បាប់អំពីម៉ោងធ្វើការរបស់អ្នកបើកបរ។
កន្លងមកអាជ្ញាធរឥណ្ឌាសង្ឃឹមថានឹងពង្រីកឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស និងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមជ្ឈមណ្ឌលធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោក ប៉ុន្តែគ្រោះថ្នាក់នេះបានបង្កឱ្យមានសំណួរធ្ងន់ធ្ងរអំពីសុវត្ថិភាពអាកាសចរណ៍។
ការស៊ើបអង្កេតការធ្លាក់យន្តហោះនេះនឹងនៅតែកំពុងបន្តដោយរបាយការណ៍ចុងក្រោយត្រូវបានរំពឹងទុកក្នុងរយៈពេលមួយឆ្នាំ ដោយផ្អែកលើទិន្នន័យពីប្រអប់ខ្មៅរបស់យន្តហោះ ដែលកត់ត្រាព័ត៌មានសំខាន់ៗនៃការហោះហើរ និងការសន្ទនារបស់អ្នកបើកបរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


