សាលា៩៩​កន្លែង​ ក្នុង​ខេត្ត​កំពត ទទួល​បាន​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សាលា៩៩​កន្លែង​ ក្នុង​ខេត្ត​កំពត ទទួល​បាន​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​ទឹក​អាកុល​ស្វ័យប្រវត្តិ

Published

on

ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​ទឹក​អាល់កុល​ស្វ័យប្រវត្តិ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​សាលាបឋមសិក្សា និង​មត្តេយ្យ​ចំនួន​៩៩​កន្លែង​ នៅ​ក្នុង​ខេត្ត​កំពត។

​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា​ ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​នាំ​ប្រគល់​ជូន និង​បែងចែក​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​ទឹក​អាល់កុល​ស្វ័យប្រវត្តិ​ចំនួន ៩៩​គ្រឿង​ដល់​លោកគ្រូ អ្នកគ្រូ មកពី​សាលាបឋមសិក្សា និង​មត្តេយ្យ​សិក្សា​ចំនួន ៩៩​កន្លែង ក្នុងស្រុក​ក្រុង​ទាំង​៨ ក្នុង​ខេត្ត​កំពត ដើម្បី​យក​ទៅ​ប្រើប្រាស់​។ បើ​តាម​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពត លោក តាក់ ហាប់ បាន​ឲ្យ​ដឹង​ថា អំណោយ​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​អាកុល​ស្វ័យប្រវត្តិ​ទាំងអស់​នេះ បែងចែក​ជូន​ដល់​សាលាបឋមសិក្សា និង​មត្តេយ្យ​សិក្សា​នៅ​តាម​បណ្ដា​ក្រុង​ស្រុក​ចំនួន​៩៩​សាលា ក្នុង​នោះ ក្រុង​កំពត​ចំនួន ១៣​សាលា ស្រុក​ទឹកឈូ ១៣​សាលា ស្រុក​កំពង់ត្រាច​១២​សាលា ស្រុក​បន្ទាយមាស​ចំនួន​១២​សាលា ស្រុក​អង្គរជ័យ​១២​សាលា ស្រុក​ដងទង់​១២​សាលា ស្រុក​ឈូក​១៣​ស្រ​លា និង​ស្រុក​ជុំ​គិរី​ចំនួន​១២​សាលា ហើយ​ឧបករណ៍​ទាំងនេះ គឺ​ចែក​ទៅ​សម្រាប់​តែ​សាលា​គោលដៅ​ប្រើប្រាស់ ដូចជា​សម្រាប់​ក្រុង​កំពត ជូន​ដល់​គ្រប់​សាលា​មត្តេយ្យ​សិក្សា និង​ស្រុក​ទាំង​៧ ជូន​ទៅ​តែ​សាលា​នៅ​ទីប្រជុំជន​ប៉ុណ្ណោះ ដោយសារ​ចំនួន​មាន​កំណត់​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា បញ្ហា​ជំងឺ​កូ​វីដ​១៩ គឺ​បាន​រាតត្បាត​ជា​សកល​ក្នុង​ពិភពលោក ហើយ​ក្នុងនោះ​កម្ពុជា​យើង ​ក៏បាន​រង​នូវ​សម្ពាធ​ដ៏​អាក្រក់​នៃ​ជំងឺ​នេះ​ ផង​ដែរ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល តែង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ​។​

​សូមជម្រាបថា កន្លងមក​ការបើក ឬ​បិទ​សាលា គឺ​ដោយសារ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​សិស្ស ពិសេស​សិស្ស​តូចៗ​នៅ​មិនទាន់មាន​ការយល់ដឹង ចំពោះ​បញ្ហា​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ។ ដូច្នេះ​អំឡុងពេល​បើក​សាលា​ឲ្យ​សិស្ស​រៀន​វិញ​នេះ សូម​លោកគ្រូ​អ្នកគ្រូ យក​ឧបករណ៍​ទាំងនេះ​ទៅ​ប្រើ​ប្រាស់ ឲ្យ​បាន​ចំ​គោលដៅ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មិន​ឲ្យ​ឆ្លង​រាលដាល​ចូល​ដល់​ក្នុង​សហគមន៍​នៃ​ខេត្ត​កំពត ជាដាច់ខាត​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម