ព័ត៌មានជាតិ
ស្ថាប័ន គ.ជ.ប ថា ជោគវាសនាអនាគតរបស់យុវជន ដែលដើរតាមគណបក្ស LDP នឹងជួបគ្រោះថ្នាក់ដ៏ធំមួយ
ស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា ឬហៅថា គ.ជ.ប បានអះអាងនៅថ្ងៃនេះថា ជោគវាសនាអនាគតរបស់យុវជន ដែលដើរតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នឹងជួបគ្រោះថ្នាក់ដ៏ធំមួយ ដោយសារតែគណបក្សនេះ បានអប់រំ បង្រៀន និងផ្ដល់នូវចិត្តគំនិត អាកប្បកិរិយា សម្ដីសំដៅ ចំនួន៣ សម្រាប់សកម្មជនរបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយនាល្ងាចថ្ងៃនេះបានបញ្ជាក់ថា ក្នុងមួយអាណត្តិកន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពុំដែលយកភាគីពាក់ព័ន្ធទាំង១១ ណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតជាសត្រូវនោះទេ ទាំងអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុង គ.ជ.ប ទាំងអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងស្រុកដែលស្ថិតនៅក្នុងគ្រប់ទម្រង់ ទាំងអង្គការអន្តរជាតិនានាដែលមកចូលរួម ទាំងប្រទេសជាមិត្តមួយចំនួន ដែលចូលមកជួយដោយស្មោះក្នុងការរៀបចំការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិ ដោយជួយទាំងមធ្យោបាយ សម្ភារបោះឆ្នោត ជាពិសេស គឺអ្នកជំនាញការបោះឆ្នោតពូកែៗមកនៅជាមួយ គ.ជ.ប តាំងពីដើមរហូតដល់ចប់ ដោយយើងតែងធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ស្ដាប់មតិគ្នាទៅវិញទៅមក សំដៅរៀបចំការបោះឆ្នោតឱ្យបានយុត្តិធម៌ល្អបំផុត ដែលគ្មានភាគីពាក់ព័ន្ធណាមួយគេអាចបដិសេធបាននោះទេ។
បើតាមគ.ជ.ប លទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺនាំឲ្យកើតស្ថិរភាពស្រុកទេស មានការរីកចម្រើន និងការអភិវឌ្ឍ។ ក្នុងន័យនេះ គ.ជ.ប ពិតជាមិនចង់បាននៅក្រោយការបោះឆ្នោត កើតឡើងនូវអស្ថិរភាពសង្គម និងវិបត្តិនានា ដែលនឹងនាំឱ្យអសកម្មដល់ដំណើរការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីប្រចាំថ្ងៃរបស់ម្ចាស់ឆ្នោតនោះទេ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ គ.ជ.ប ត្រេកអរយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធដែលបានសាទរចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ប៉ុន្តែ គ.ជ.ប សោកស្ដាយដោយសារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ថែមទាំងមានការតិះដៀល ស្អប់ខ្ពើមស្ថាប័នជាតិសាសន៍ខ្លួនឯង។

គ.ជ.ប សង្កេតឃើញថា ចាប់តាំងពីការចាប់ផ្ដើមការដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានព្យាយាមបង្កើតជាបញ្ហាផ្សេងៗមិនឈប់ឈរ។ ស្ទើរតែគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស នៅពេលសង្កេតការណ៍ នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សនេះបានបង្កការអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមន្ត្រីចុះឈ្មោះបោះឆ្នោត រួចធ្វើសកម្មភាពលួចថតរូបភាព ថតសំឡេង និងទាញកញ្ឆក់យកឯកសាររបស់សាមីខ្លួនអ្នកចុះឈ្មោះបោះឆ្នោត ដោយពុំបានសុំការអនុញ្ញាត។ ទោះបីក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងអាជ្ញាធរឃុំ សង្កាត់ បានពន្យល់ភ្នាក់ងាររបស់គណបក្សនេះយ៉ាងណា ប៉ុន្តែភ្នាក់ងារគណបក្សនៅតែចចេសប្រតិកម្មមិនព្រមស្ដាប់តាមការណែនាំ ហើយបានប្រើគ្រប់វិធីសាស្ត្រ បង្កភាពរញ៉េរញ៉ៃ។
គ.ជ.ប លើកឡើងទៀតថា ការវាយប្រហារយ៉ាងគឃ្លើនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកលើគ្រប់រចនាសម្ព័ន្ធ និងស្ថាប័នជាតិ តាំងពីរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត រដ្ឋសភា ស្ថាប័នកំពូលៗរបស់រដ្ឋ ក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ គ្រប់គណបក្សនយោបាយទាំងប្រឆាំងទាំងកាន់អំណាច រហូតដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សន្លឹកឆ្នោត គឺគ្មានអ្វីក្រៅតែពីដើម្បីបោកប្រាស់ខ្មែរទូទាំងប្រទេសឱ្យឃើញថា មានតែគណបក្សខ្លួនទេ ដែលស្រឡាញ់ជាតិ និងប្រជាជន។ ហេតុដូច្នេះហើយបានជាគណបក្សនេះប្រើពាក្យស្លោកថា “ប្រទេសរបស់យើង បើអត់សម្ព័ន្ធ (LDP) ទេ គឺរលាយហើយ”។ គ.ជ.ប បានអះអាងថា ពាក្យស្លោកនេះ មានខ្លឹមសារប្រហាក់ប្រហែលគ្នានឹងខ្លឹមសារ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃរបបប៉ុល ពត សម័យកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរគ្រប់រូបធ្លាប់ភ្លក់រសជាតិនេះហើយ។
គ.ជ.ប បានសង្កេត និងកត់សម្គាល់ឃើញនូវគ្រោះថ្នាក់ដ៏ធំមួយ ដែលប៉ះពាល់ដល់ជោគវាសនាអនាគតរបស់យុវជនផ្ទាល់ ដែលដើរតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីព្រោះគណបក្សនេះ បានអប់រំ បង្រៀន និងផ្ដល់នូវចិត្តគំនិត អាកប្បកិរិយា សម្ដីសំដៅ ចំនួន៣ សម្រាប់សកម្មជនរបស់គេ គឺ៖ ទី១. និយាយអ្វី ក៏មិនស្ដាប់ ទី២. ឱ្យធ្វើអ្វី ក៏មិនធ្វើ ទី៣. មានឱកាស គឺប្រឆាំងតបត។ ដែលចិត្តគំនិត និងអាកប្បកិរិយា សម្ដីទាំង ៣ប្រភេទនេះ នឹងនាំដល់យុវជនឱ្យស្អប់ខ្ពើមយកជាតិសាសន៍ខ្លួនឯងជាសត្រូវ ជាលទ្ធផលយុវជនទាំងនោះ នឹងទទួលមកវិញសុទ្ធតែសត្រូវជុំទិស។
ជាមួយគ្នានោះ គ.ជ.ប ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្ដល់មតិយោបល់ និងកែសម្រួលករណីមានកំហុសឆ្គង ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមជាមួយ គ.ជ.ប បន្តទៀត នៅក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ ដើម្បីគោរពឱ្យខាងតែបាននូវសិទ្ធិរបស់ម្ចាស់ឆ្នោត និងធានាថា គ្មានទេអស្ថិរភាពក្រោយការបោះឆ្នោត ដោយតម្កល់សន្តិភាព និងការអភិវឌ្ឍជាធំ។
ទាក់ទងបញ្ហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់កម្ពុជាថ្មីនាល្ងាចនេះថា រឿងនេះ គ.ជ.ប ធ្វើសេចក្តីថ្លែងការណ៍ហើយ តែការប្តឹងណាមួយមិនទាន់មានទេ ប៉ុន្តែកន្លងមក គ.ជ.ប បានប្តឹងបុគ្គលម្នាក់រួចហើយ គឺលោក អ៊ី សាំងឡេង ជាអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ គ.ជ.ប ថា ជាចោរជាដើម៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ