Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ណែនាំស្ថាប័នតុលាការពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជនក្នុងសំណុំរឿងព្រហ្មទណ្ឌ

បានផុស

នៅ

ឯកឧត្ដម កើត រិត្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការណែនាំដល់គ្រប់ស្ថាប័នតុលាការរាជធានី ខេត្ត ពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជនអាយុក្រោម១០ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ ចៀងវាងធ្វើឲ្យជនរងគ្រោះមានភាពតក់ស្លុក និងភ័យក្លាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីណែនាំ ឯកឧត្ដមរដ្ឋមន្ត្រី បានឲ្យដឹងថា ដើម្បីធានាដំណើរការល្អប្រសើរនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ទាំងលើប្រសិទ្ធភាព និងការស្រាវជ្រាវស្វែងរកការពិតស្របតាមបទប្បញ្ញត្តិផ្នែកនីតិវិធីព្រហ្មទណ្ឌផង ទាំងលើការការពារឧត្តម ប្រយោជន៍របស់ជនរង​គ្រោះជាអនីតិជននៅក្នុងសំណុំរឿងផង ក្រសួងយុត្តិធម៌សូមធ្វើការណែនាំអំពីនីតិវិធីចាំបាច់មួយចំនួន ដែលត្រូវយកចិត្តទុក​ដាក់អនុវត្តឱ្យបានល្អសម្រាប់ជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ ដូចខាងក្រោម៖

១-ក្នុងដំណាក់កាលស៊ើបអង្កេត

– ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្កលក្ខណៈ ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះជា អនីតិជនអាចធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឱ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុនៃបទល្មើសដែល បានកើតឡើង សំដៅរកឱ្យឃើញការពិតនៅក្នុងរឿងក្តី ដោយចៀសវាងឱ្យបាននូវការផ្ដល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ។

– ក្នុងករណីចាំបាច់ ចំពោះជនរងគ្រោះជាអនីតិជនដែលស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស សម្រាប់អនីតិជនដែលមានអាយុក្រោម ១០ (ដប់)ឆ្នាំយ៉ាងតិច, ព្រះរាជអាជ្ញា អាចចុះទៅ កាន់លំនៅឋាន ឬទីកន្លែងដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាអនុវត្តកិច្ចនីតិវិធីចាំបាច់ផ្សេងទៀត។

– ក្នុងការស្តាប់ចម្លើយរបស់ជនរងគ្រោះជាអនីតិជន, ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ធ្វើ ការណែនាំឱ្យមានការធ្វើកំណត់ហេតុមួយ ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ទាំងលើ សំណួរ ទាំងលើចម្លើយ ក៏ដូចជាការកត់សម្គាល់នានានៅពេលស្តាប់ចម្លើយ ដើម្បីអាចយកធ្វើជា មូលដ្ឋានសម្រាប់ការប្រើប្រាស់នៅគ្រប់ដំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌ នាពេលក្រោយមកទៀត។

– ដើម្បីធានាដល់ការអនុវត្តគោលការណ៍ខាងលើនៅក្នុងដំណាក់កាលស៊ើបអង្កេត, ព្រះរាជអាជ្ញ ត្រូវធ្វើការណែនាំដល់នគរបាលយុត្តិធម៌ទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចដែនដីរបស់ខ្លួន ឱ្យអនុវត្ត តាមការណែនាំខាងលើនេះ ទាំងការស្តាប់ចម្លើយ ទាំងការធ្វើកំណត់ហេតុនៃការស្តាប់ចម្លើយរបស់ អនីតិជនដែលជាជនរងគ្រោះនៃបទល្មើស។

២-ក្នុងដំណាក់កាលស៊ើបសួរ

ចៅក្រមស៊ើបសួរ ត្រូវបំពេញកិច្ចស៊ើបសួរទាំងអស់ដែលខ្លួនយល់ថាមានប្រយោជន៍សម្រាប់ បង្ហាញឱ្យឃើញការពិតដោយអនុលោមតាមច្បាប់ ស្របតាមមាត្រា១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងស្មារតីនេះ, ចៅក្រមស៊ើបសួរ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្ក លក្ខណៈសមស្រប ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាត ឱ្យជនរងគ្រោះជាអនីតិជនធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឱ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុន បទល្មើសដែលបានកើតឡើង សំដៅរកឱ្យឃើញការពិតនៅក្នុងរឿងក្តី ដោយចៀសវាងឱ្យបាននូវ ការផ្ដល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ។ ជាមួយគ្នានេះ, ចំពោះ ជនរងគ្រោះជាអនីតិជនដែលស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស សម្រាប់អនីតិជន ដែលមានអាយុក្រោម ១០ (ដប់)ឆ្នាំយ៉ាងតិច ចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋាន ឬទីកន្លែង ដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ឬបំពេញកិច្ចនីតិវិធីចាំបាច់ ផ្សេងទៀតដោយអនុលោមតាមច្បាប់។

៣-ក្នុងដំណាក់កាលជំនុំជម្រះ

– ក្នុងករណីមានភាពចាំបាច់បំផុតក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនល្មើស ក៏ដូចជាការបំភ្លឺ លើចំណុចលម្អិតមួយចំនួន ដែលជាមូលដ្ឋានចាំបាច់ក្នុងការសម្ដែងឱ្យឃើញការពិតក្នុងរឿងក្តី, ចៅក្រមជំនុំជម្រះ ត្រូវរៀបចំដំណើរការនីតិវិធី ដោយប្រើប្រាស់វិធីសាស្ត្រប្រយោល តាមរយៈ ការប្រើប្រាស់របាំង ឬរូបថត ឬប្រើប្រាស់វិធីសមស្របផ្សេងទៀត ដោយធ្វើយ៉ាងណាចៀសវាងឱ្យ បានជាអតិបរមានូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន ដែលអាចបង្ក ឱ្យជនរងគ្រោះមានការភ័យខ្លាច ឬតក់ស្លុត ដែលអាចប៉ះពាល់ដល់ការស្វែងរការពិតផង និងប៉ះពាល់ ដល់ជនរងគ្រោះខាងផ្នែកសតិអារម្មណ៍ផង។

– ដើម្បីធានាដល់ការការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ ជនរងគ្រោះជាអនីតិជន, ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ពិចារណាអំពីការរៀបចំដំណើរការ សវនាការជាអសាធារណៈ ស្របតាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅក្នុងងពីធីសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលសំណើរពីប្រធានអង្គការអាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមារកំព្រា និងរងគ្រោះពីការរំលោភបំពាន មានអាយុ៥ឆ្នាំចូលទៅកាន់តុលាការទៀតឡើយ។ លោកស្រីប្រធានមជ្ឈមណ្ឌល បានស្នើសុំសម្ដេចតេជា ហ៊ុន សែន កុំឲ្យយកកុមាររងគ្រោះដោយការរំលោភបំពានដែលមានអាយុ៥ឆ្នាំ ឡើងតុលាការ ព្រោះក្រោយពីកុមាររងគ្រោះត្រឡប់មកពីតុលាការវិញ គឺពួកគេមានការភ័យក្លាចខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម