Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ស្នើស្ថាប័នតុលាការផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាសាលា ដើម្បីធានាប្រសិទ្ធភាពការងារ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឱ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត ផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការឱ្យបានពេញលេញ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាពអាជ្ញាសាលា តាមភារកិច្ចដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រគល់ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសាលាដំបូងដែលមានអង្គភាពអាជ្ញាសាលា ក៏ត្រូវគិតគូររៀបចំឱ្យមានទីតាំងសម្រាប់បំពេញការងាររបស់អង្គភាពអាជ្ញាសាលា និងបញ្ចូលគម្រោងកញ្ចប់ថវិកាសម្រាប់ធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលានៅក្នុងគម្រោងថវិការបស់សាលាដំបូងរបស់ខ្លួននៅឆ្នាំបន្តបន្ទាប់ ខណៈអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលមានការពាក់ព័ន្ធផ្តល់កិច្ចសហការឱ្យបានពេញលេញនៅពេលចុះអនុវត្ត តាមការស្នើសុំពីអង្គភាពអាជ្ញាសាលា។

នេះជាការស្នើបន្ថែមរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីអង្គភាពអាជ្ញាសាលា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

សម្រាប់អង្គភាពអាជ្ញាសាលាខ្លួនឯង លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្ដល់មតិណែនាំឱ្យប្រធានអង្គភាពអាជ្ញាសាលានីមួយៗគិតគូររៀបចំជ្រើសរើសឱ្យមានមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូននៅតាមអង្គភាពរបស់ខ្លួន ហើយជាពិសេសមន្ត្រីអាជ្ញាសាលា អនុវត្តមុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាលើកកម្ពស់កិត្យានុភាពនៃការអនុវត្តច្បាប់នៅកម្ពុជាផងដែរ។

មតិណែនាំខាងលើរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺបានធ្វើឡើងក្រោយក្រសួងបានចេញប្រកាសចំនួនពីរ រួមមាន ប្រកាសស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត និងប្រកាសស្ដីពីការដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាជម្រះដំបូងរាជធានី ខេត្ត។

សម្រាប់សិក្ខាសាលាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដី ព្រមទាំងតួអង្គដែលមានការពាក់ព័ន្ធអំពីខ្លឹមសារនូវប្រកាសទាំង២នេះ។ បើតាមលោកផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ គឺអង្គភាពអាជ្ញាសាលានឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម