ព័ត៌មានជាតិ
បណ្ដេញព្រះរាជអាជ្ញា សុច សុផាន់ណារ៉ា ចេញពីក្របខ័ណ្ឌ គឺមិនពាក់ព័ន្ធរឿងឆបោកតាមអនឡាញទេ
ព្រះរាជអាជ្ញា សុច សុផាន់ណារ៉ា ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ គឺមិនជាប់ពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញឡើយ។ នេះជាការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ប្រាប់កម្ពុជាថ្មី នាថ្ងៃទី១៧ ខែកក្កដានេះ។

លោក សេង ឌីណា បានបញ្ជាក់ថា ករណីលោក សុច សុផាន់ណារ៉ា គឺត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រជុំសម្រេចតាំងពីមុនមក មុននឹងមានព្រះរាជក្រឹត្យសម្រេចបណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា បានប្រព្រឹត្តខុសវិន័យ។ អ្នកនាំពាក្យអះអាងថា ការបណ្ដេញចេញព្រះរាជអាជ្ញា សុច សុផាន់ណារ៉ា គឺមិនជាប់ពាក់ព័ន្ធនឹងករណីលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ហើយក៏មិនពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញដែរ។

លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន តាមបញ្ជារបស់នាយករដ្ឋមន្ត្រី ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេត ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
អ្នកនាំពាក្យ បញ្ជាក់ឱ្យដឹងដែរថា ចំពោះករណីលោក គ្រី សីហា ក្រសួងយុត្តិធម៌បានចាត់ក្រុមអធិការកិច្ចឱ្យស្រាវជ្រាវលម្អិតលើរឿងនេះហើយ។

គួរជម្រាបថា ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់វិន័យដោយបណ្ដេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះលោក សុច សុផាន់ណារ៉ា ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ការដាក់វិន័យក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺធ្វើឡើងតាមការទូលថ្វាយរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៤ ខែកក្កដា។
យោងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា៨៩ ការតែងតាំង ផ្លាស់ប្តូរការ ផ្តាច់ពីមុខងារ ការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ការដាក់ឱ្យនៅទំនេរ និងការលុបឈ្មោះព្រះរាជអាជ្ញាទាំងអស់ គឺធ្វើឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក្នុងករណីដែលព្រះរាជអាជ្ញានោះ កំពុងជាប់ក្នុងនីតិវិធីវិន័យរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺព្រះរាជអាជ្ញានោះ អាចត្រូវបានផ្អាកពីមុខងារជាបណ្តោះអាសន្នដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សិនបើក្នុងករណីដែលព្រះរាជអាជ្ញានោះ ទទួលទណ្ឌកម្មជាវិន័យថ្នាក់ទី២ ឬនៅពេលដែលព្រះរាជអាជ្ញានោះបានបោះបង់ការងារ ឬអវត្តមាន លើសពី៣០ថ្ងៃ នោះព្រះរាជអាជ្ញា អាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌព្រះរាជអាជ្ញាតែម្ដង។ នេះយោងតាមមាត្រា៩០ នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


