Connect with us

ព័ត៌មានជាតិ

យល់ដឹងអំពីការប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារ នៅលើទីផ្សារ​អចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ប្រាក់រៀលមានសារៈសំខាន់ក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ។ ជាមួយគ្នានេះ ប្រាក់ដុល្លារក៏បានជួយកំណើន​សេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មនាំចេញនាំចូល និងជំនួញជួញដូរផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានលើកឡើងថា ការទិញលក់អចលនទ្រព្យ ដោយប្រើប្រាស់ប្រាក់ដុល្លារ មានស្ថិរភាពប្រសើរជាង ប្រាក់រៀល ដោយសារប្រាក់ដុល្លារ ជារូបិយបណ្ណមានលំនឹង និងត្រូវបានប្រើប្រាស់ជាសកល។ លើសពីនេះទៀត លោកថា ប្រាក់ដុល្លារបានបង្កើនភាពទាក់ទាញអ្នកវិនិយោគ​ពីបរទេសឱ្យមកទិញអចលទ្រព្យនៅកម្ពុជា។

លោកលើកឡើងដូច្នេះថា« រូបិយបណ្ណដុល្លារ មានលំនឹងជាងគេ ប្រើប្រាស់ទូលាំទូលាយជាងគេ ក៏ដូចជា មានតម្លៃល្អ ពិសេសនៅក្នុងវិបត្តិកូវីដ-១៩ យើងឃើញរូបិយវត្ថុជាច្រើនបានធ្លាក់ថ្លៃ រួមមាន រូបិយវត្ថុផោនរបស់អង់គ្លេស, យ៉េន(ជប៉ុន), បាត(ថៃ), លុយដុង(វៀតណាម), និងប្រាក់អឺរ៉ូ ជាដើម»។ ដោយឡែកប្រាក់ដុល្លារ នៅតែរក្សាតម្លៃល្អ។

បើតាមអ្នកជំនាញអចលទ្រព្យរូបនេះ ចំណុចសំខាន់មួយទៀត ការទិញលក់អចលទ្រព្យ ឬរបស់ដែលមានតម្លៃថ្លៃ ដូចជាទិញរថយន្តជាដើម គេប្រាកដជាប្រើប្រាស់ប្រាក់ដុល្លារ ព្រោះងាយស្រួលក្នុងការគណនា។ បើទោះជា លោក ឡោ វិចិត្រ មើលឃើញថា ការប្រើប្រាស់ប្រាក់ដុល្លារ មានភាពចាំបាច់ និងងាយស្រួលយ៉ាងនេះក្តី តែលោកក៏បានជំរុញ​ឱ្យមានការបង់ពន្ធប្រថាប់ត្រា ឬពន្ធអចលនទ្រព្យ គិតជាលុយរៀលដូចបច្ចុប្បន្ន ដើម្បីបង្កើននូវកិត្យានុភាព ក្នុងការប្រើប្រាស់រូបិយវត្ថុជាតិ។

ងាកទៅមើលជ្រុងសេដ្ឋកិច្ចវិញ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើក​ហេតុផលថា ជាគោលការណ៍ច្បាប់ ប្រទេសជាតិមួយត្រូវប្រើរូបិយវត្ថុរបស់ខ្លួន ទើបធានាបានចរន្តសេដ្ឋកិច្ចប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។ លោកបានគូសបញ្ជាក់ថា រូបិយវត្ថុជាតិមានតួនាទីសំខាន់ ក្នុងការរក្សាកំណើន និងប្រើប្រាស់​សម្រាប់តម្រូវការផ្សេងៗគ្រប់វិស័យទាំងអស់។ ដោយឡែកនៅកម្ពុជា រដ្ឋបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារ សម្រាប់ចរាចរណ៍នៅក្នុងទីផ្សារទាំងតូចទាំងធំ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា កម្ពុជា ឆ្លងកាត់សង្រ្គាមស៊ីវិលបន្តបន្ទាប់ ដែលដាននៃសង្គ្រាមនេះ ធ្វើឱ្យប្រាក់រៀលអាក់ខានក្នុងការប្រើប្រាស់ឱ្យមាននិរន្តរភាព។

ចាប់ពីឆ្នាំ ១៩៩៣ ប្រាក់ដុល្លារបានចរាចរណ៍ខ្លាំងចូលទីផ្សារកម្ពុជា ពោលគឺនៅក្នុងអំឡុងពេលអ៊ុនតាក់​ចូលមកជួយរៀប​ចំការបោះឆ្នោត។ លោក ហុង វណ្ណៈ លើកឡើងថា ពេលនោះជំនួញជួញដូរ ទិញលក់ផ្សេងៗ និងការសន្សំទុកក្នុងខ្លួន គឺភាគច្រើនប្រើប្រាស់ប្រាក់ដុល្លារ។ លោកមើលឃើញថា ក្រោយមករដ្ឋក៏មានគោលការណ៍ក្នុងការ​កាត់បន្ថយការប្រើ​ប្រាស់ប្រាក់ដុល្លារផងដែរ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពខ្លាំង និងមិនហ៊ានដកចេញ ដោយសារប្រាក់រៀល មិនទាន់មាន​ការទទួលស្គាល់ពីបណ្តាទីផ្សារអន្តរជាតិធំៗ ហើយសេដ្ឋកិច្ចរបស់យើងនៅមានកម្រិតនៅឡើយ។ ខុសពីប្រទេស​មួយ​ចំនួន ដូចជា ចិន ជប៉ុន វៀតណាម ថៃ ជាដើម ដែលប្រទេសទាំងនេះ មានសន្តិភាពយូរ ធានាបាននូវគុណ​តម្លៃនៃរូបិយ​វត្ថុរបស់គេ។

អ្នកជំនាញសេដ្ឋកិច្ចបានបន្តថា ការប្រើប្រាស់សាច់ប្រាក់ផ្អែកទៅលើកម្លាំងសេដ្ឋកិច្ចសង្គម ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ ​ទំនុកចិត្ត គុណតម្លៃនៅក្នុងការប្រើប្រាស់ជាក់ស្តែង។ ​លោកថា« នៅពេលប្រទេសយើងកាន់តែមានការរីក​ចម្រើនខ្លាំង​ក្នុងវិស័យ​សេដ្ឋកិច្ច កំណើននៃប្រាក់ចំណូលចូលជាតិកាន់តែខ្ពស់ នោះប្រាក់រៀលរបស់យើងនឹងចាប់ផ្តើមមានតម្លៃ»។

បន្ថែមលើនេះ លោក ហុង វណ្ណៈ បានលើកហេតុផលថា ទាក់ទិនតម្លៃនៃការផលិតលុយ រដ្ឋត្រូវចំណាយច្រើន ខណៈ​ដែលប្រាក់ ១០០ដុល្លារ មួយសន្លឹក ដូរមកប្រាក់រៀល ស្មើនឹង ៤០ម៉ឺនរៀល(លេខមូល) នេះបង្ហាញអំពីភាពខុស​គ្នានៃតម្លៃក្នុងការប្រើប្រាស់។

លោកថា រដ្ឋទុកឱ្យមានការប្រើប្រាស់ប្រាក់ដុល្លារនេះ គឺដើម្បីទប់សភាពការចៀសវាងអតិផរណាទៅលើប្រាក់រៀល នាំឱ្យប្រាក់រៀលធ្លាក់ចុះតម្លៃ។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ កម្ពុជា អាចប្រើប្រាស់ប្រាក់រៀលទាំងស្រុង នៅពេលដែលរក្សាបានកំណើន​សេដ្ឋកិច្ចខ្ពស់ អាចចន្លោះពីឆ្នាំ ២០៣០-២០៥០ ហើយពលរដ្ឋមានការយល់ដឹងច្រើន និងកំណើននៃកម្លាំង​ផលិតកម្មខ្ពស់។

ដោយឡែក ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព បណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម