សេដ្ឋកិច្ច
វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក
ស្របពេលដែលបញ្ហាចំរូងចំរាស់រវាងរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ និងតុលាការពាណិជ្ជកម្មអាមេរិកជុំវិញការអនុវត្តពន្ធគោល ១០% និងការចរចាពន្ធគយបដិការជាមួយប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមទាំងកម្ពុជា អ្នកតំណាងពីវិស័យឯកជន និងអ្នកជំនាញសេដ្ឋកិច្ច នៅតែមើលឃើញពីសញ្ញាវិជ្ជមាននៃការចរចាដែលនឹងអាចឈានទៅដល់ការបន្ធូរបន្ថយពន្ធនាពេលដ៏ខ្លីខាងមុខ។
កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ បានសម្រេចថា ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរបស់អាមេរិក គឺជាតួនាទីរបស់សភាផ្ដាច់មុខ ហើយថា អ្វីដែលលោក ត្រាំ ធ្វើគឺខុសរដ្ឋធម្មនុញ្ញ និងលើសពីអំណាចប្រធានាធិបតីរបស់ខ្លួន។
យ៉ាងណាមិញកាលពីព្រហស្បត្តិ៍ រដ្ឋបាលលោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះរបស់តុលាការពាណិជ្ជកម្ម ដោយនិយាយថា តុលាការបានជំទាស់នឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដោយខុស ហើយអាចបញ្រ្ចាសការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ។
រដ្ឋបាល ត្រាំ បានប្រកែកក្នុងបណ្ដឹងឧទ្ធរណ៍របស់ខ្លួនថា៖ «គោលនយោបាយការបរទេស និងសេដ្ឋកិច្ចគួរតែត្រូវបានសម្រេចដោយមន្ត្រីជាប់ឆ្នោត មិនមែនតុលាការទេ»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៣០ ខែឧសភា នេះថា ក្រោយតុលាការពាណិជ្ជកម្មអាមេរិកសម្រេចហាមឃាត់ការអនុវត្តពន្ធរបស់លោក ដូណាល់ ត្រាំ ទោះជាចេតនា ឬមិនមែនជាចេតនា ប៉ុន្តែយើងអាចមើលឃើញពីលទ្ធផលផ្លែផ្កា ដែលកម្ពុជានឹងអាចទទួលបានពីសហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយពន្ធ ជាពិសេសសម្រាប់ទំនិញកម្ពុជាទៅលក់នៅទីផ្សារអាមេរិក។

ជុំវិញការប្រកាសរបស់តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់ការអនុវត្តពន្ធរបស់លោក ដូណាល់ ត្រាំ លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា កិច្ចការនេះស្ថិតនៅក្នុងដំណាក់កាលអន្តរកាលនៅឡើយដោយសារតែឱសានវាទនៃតុលាការពាណិជ្ជកម្មអាមេរិកទុករយៈពេល ១០ ថ្ងៃ ដើម្បីឱ្យលោក ដូណាល់ ត្រាំ រៀបចំខ្លួនដើម្បីតវារឿងក្តីអ្វីដែលជា កិច្ចការរបស់លោក ដូណាល ត្រាំ ដែលត្រូវលើកឡើង។
ហេតុដូចនេះ កិច្ចការនេះក្លាយទៅជាកិច្ចការមួយដែលយើងពិបាកនៅក្នុងការធ្វើសេចក្តីសន្និដ្ឋានថាតើ ស្ថានភាពនិងទៅជាយ៉ាងណា ទាក់ទងទៅនិងការដាក់ពន្ធគយទៅវិញទៅមករវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសផ្សេងៗដែលលោក ដូណាល់ ត្រាំ សម្រេចកាលពីខែមុននេះ។ ប៉ុន្តែលោកយល់ឃើញថា ការប្រកាសរបស់តុលាការពាណិជ្ជកម្មអាមេរិកនេះ ទំនងជាអាចចូលជាធរមាន គឺ ដូណាល់ ត្រាំ អាចមិនមានការតវ៉ាអ្វីទេ ព្រោះវាជាសិល្បៈនយោបាយមួយនៅពេលដែលលោក ដូណាល់ ត្រាំ អនុវត្តទៅក៏មានផលចំណេញ ដោយលោកអាចស្ទង់ដឹងនៃកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងសេដ្ឋកិច្ចរបស់បណ្តាប្រទេសជុំវិញសកលលោក ជាពិសេសប្រទេសមហាអំណាចនៅចិន និងបណ្តាប្រទេសនៅអឺរ៉ុបជាដើមដែលមិនចុះញមជាមួយសហរដ្ឋអាមេរិក។
ដោយឡែកទាក់ទងកម្ពុជាវិញ នៅមានបញ្ហាត្រង់ថា តើវាស្ថិតនៅក្នុងកម្រិតណាមួយនៅក្រោមបន្ទាត់នៃ WTO ស្ថានភាពនៃការដាក់ពន្ធគយទៅវិញទៅមកនៅតែត្រូវបានអនុវត្តជាធរមាន ឬក៏ការអនុវត្តរបស់ប្រទេសជាដៃគូររបស់សហរដ្ឋអាមេរិកនៅឡើយ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ដែរថា ចំពោះការដាក់ពន្ធគោល ១០% និងពន្ធបដិការ ៤៩% ពីសហរដ្ឋអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ គឺកម្ពុជានៅមិនទាន់រងសម្ពាធអ្វីធ្ងន់ធ្ងរនោះទេសម្រាប់ការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក។

ទន្ទឹមនេះ អ្នកឧកញ៉ាថា កម្ពុជាក៏ដឹងហើយថាតុលាការពាណិជ្ជកម្មអាមេរិកហាមឃាត់មិនឱ្យអនុវត្តនូវពន្ធដែលលោក ដូណាល់ ត្រាំ បានដាក់កាលពីពេលកន្លងមកនោះ ដូច្នេះកម្ពុជានៅរងចាំលទ្ធផលនៃការចរចា រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិកពីបញ្ហាពន្ធនេះ។
អ្នកឧញ៉ាបានថ្លែងបញ្ជាក់ថា «នៅពេលដែលកម្ពុជាបានចរចារួចរាល់ ហើយលទ្ធផលបែបណានោះទើបអាចសន្និដ្ឋានបានថា តើកម្ពុជារងសម្ពាធអ្វីពីអាមេរិក ដែលនេះគ្រាន់តែជាជំហានដំបូងនៃការសន្និដ្ឋានប៉ុណ្ណោះ។ មួយវិញទៀត ការប៉ះពាល់លើការនាំចេញនៃផលិតផលរបស់កម្ពុជាក៏នៅរងចាំអនុវត្តពន្ធដែលកម្ពុជាចរចាពន្ធនេះដែរ នៅក្នុងរយៈពេលណាមួយដែលយើងអាចវាយតម្លៃបានថា តើវានឹងប៉ះពាល់ដល់ការនាំចេញ និងការកែច្នៃនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិកក្នុងកម្រិតណា»។
ប៉ុន្តែ ចំពោះការប៉ះពាល់នេះ អ្នកឧកញ៉ាសង្ឃឹមថា វាមិនធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ណានោះទេ ព្រោះបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ក៏ជាប់ពាក់ព័ន្ធនិងការដំឡើងពន្ធនេះដូចគ្នាដែរ ប្រសិនបើកម្ពុជាអត្រាពន្ធឡើងខ្ពស់ បណ្តាប្រទេសទាំងអស់នោះក៏ឡើងដូចគ្នា ដូច្នេះបញ្ហានេះវាធ្វើឱ្យប៉ះពាល់ចំពោះតែក្រុមហ៊ុនដែលធ្វើការផលិតនាំចេញទៅកាន់សហរដ្ឋអាមេរិក។
អ្នកឧកញ៉ា បានអះអាងថា «សម្រាប់កម្ពុជាយើងជាពហុទីផ្សារ ដូច្នេះកម្ពុជានៅមាន EBA ក៏ដូចជាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ អ៊ីមេរ៉ាត-អារ៉ាប់រួម ក៏ដូចជាកិច្ចព្រមព្រៀងថ្នាក់តំបន់ អសិប ដែលកម្ពុជានៅតែអាចមានទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងសកលលោកផងដែរ»។

អ្នកឧកញ៉ា បានពន្យល់ថា ជាធម្មតានោះទេ នៅពេលដែលកម្ពុជាយើងបាត់បង់ទីផ្សារណាមួយ យើងត្រូវតែស្វែងរកទីផ្សារមួយផ្សេងទៀត ប៉ុន្តែអ្វីដែលយើងមាន គឺកម្ពុជាយើងមានទីផ្សារថ្មីស្រាប់ទៅហើយ ដូច្នេះលោកជឿថា ការសន្និដ្ឋានណាមួយត្រូវរងចាំពេលដែលកំពុងអនុវត្តសិន ព្រោះសព្វថ្ងៃនេះយើងមិនអាចសន្និដ្ឋាន និងវាយតម្លៃបាននោះទេ។
យ៉ាងណាមិញ លោកបណ្ឌិត ហុង វណ្ណៈ នៅតែសង្ឃឹមថា កម្ពុជានិងអាចធ្វើការចរចាបានជាមួយភាគីសហរដ្ឋអាមេរិកដែលនិងមានការបន្ធូរបន្ថយលើការដាក់ពន្ធ ដូច្នេះលទ្ធផលនៃការចរចាជាក់ស្តែង និងសេចក្តីព្រាងទាំងឡាយដែលគណៈប្រតិភូកម្ពុជានិងទៅចរចានោះនឹងមានផលផ្លែផ្កា និងផលវិជ្ជមានជាច្រើននាំមកឱ្យកម្ពុជា។ ព្រោះ សហរដ្ឋអាមេរិកក៏ទទួលបានផលប្រយោជន៍ជាច្រើនពីកម្ពុជា ជាពិសេសផលិតផលកាត់ដេរ សំលៀកបំពាក់ សម្ភារៈសម្រាប់ធ្វើដំណើរផ្សេងៗដែលរួមចំណែកដល់ការប្រើប្រាស់របស់ប្រជាជនសហរដ្ឋអាមេរិក ទាំងតម្លៃ និងគុណភាព។
លោកបណ្ឌិតថា «អាមេរិកនិងមានការបន្ធូរបន្ថយពន្ធច្រើនមកដល់កម្ពុជា ឬអាចថាវិលទៅដល់ស្ថានភាពដើមវិញក៏ថាបាន ក្នុងរង្វង់ប្រមាណ ១០%ជាង នៅក្នុងកិច្ចការដាក់ពន្ធទៅវិញទៅមកនេះ។ មួយវិញទៀត កម្ពុជាផ្ទាល់ក៏បានដាក់ចេញចំណុចបន្ធូរបន្ថយពន្ធដល់ទៅ ៥% លើមុខទំនិញ ១៩មុខ ដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដូច្នេះចំណុចនេះហើយដែលយើងអាចមានចំណុចដែលត្រូវតវ៉ាជាមួយអាមេរិក»។
លោកបណ្ឌិតបានថ្លែងអះអាងថា កម្ពុជាក៏ធ្លាប់មានទំនាក់ទំនងល្អ និងធ្លាប់ជួយអាមេរិក ដូច្នេះចំណុចទាំងអស់នេះក៏ជាកិច្ចការមួយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ យកទៅគិតពិចារណា ព្រោះយើងអាចមើលឃើញលក្ខណជាច្រើនរបស់អាមេរិក ពិសេសសុខុមាលភាពរបស់កម្មករនិយោជិកនៅកម្ពុជាដែលមានប្រមាណជាង ១លាននាក់ បូកជាមួយការបង្កើតការងារយ៉ាងច្រើនសម្រាប់ជួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកន្លងទៅក៏មានការទទួលស្គាល់ និងលើកទឹកចិត្តពីស្ថានទូតផ្សេងៗ ដែលបានគាំទ្រដល់ផលិតកម្មកាត់ដែរ សំលៀកបំពាក់ ផលិតផលធ្វើដំណើរផ្សេងៗជាដើម។
ទន្ទឹមនេះ លោកក៏បានបន្ថែមដែរថា «តាមរយៈការហាមឃាត់ពីតុលាការពាណិជ្ជកម្មអាមេរិក ទោះជាចេតនា ឬមិនចេតនាក៏ដោយ ក៏កម្ពុជអាចទទួលបានផ្លែផ្កាពីការសម្រេចរបស់តុលាការពាណិជ្ជកម្មនេះដែរ ដោយសារតែពេលវេលានេះជាពេលវេលាល្អសម្រាប់កម្ពុជា ដែលកម្ពុជាកំពុងតែមានការបារម្ភក្នុងការចរចានៅជុំទី២ ជាមួយភាគីសហរដ្ឋអាមេរិកផង ដូច្នេះនេះហាក់ដូចជាឱកាសសម្រាប់កម្ពុជា ដែលនេះអាចទាញជាលទ្ធផលផ្លែផ្កា និងអាចទទួលការដូរពីសហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយពន្ធ ជាពិសេសសម្រាប់ទំនិញកម្ពុជា ឬលើទំនិញសំលៀកបំពាក់ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅលក់នៅទីផ្សារអាមេរិក»។

អត្ថបទ៖ ឌិន ថារី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី