ព័ត៌មានជាតិ
លោក ង៉ែត ជូ ៖ គួរដោះស្រាយបញ្ហាបំណុលដោយរបៀបណា ដើម្បីចៀសវាងសម្ពាធ ឬជំងឺផ្លូវចិត្ត?
ពលរដ្ឋមួយចំនួន បានធ្លាក់ចូលក្នុងអន្ទាក់បំណុល ជាពិសេសនៅពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ច។ គួរដោះស្រាយបញ្ហាបំណុលដោយរបៀបណា ដើម្បីចៀសវាងសម្ពាធ ឬជំងឺផ្លូវចិត្ត?

លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc និងជាអ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ បានលើកឡើងថា មកដល់ពេលនេះ បើនិយាយពីដំណោះស្រាយបំណុល ដែលមានបញ្ហា គឺហាក់ដូចជាហួសពេលទៅហើយ ព្រោះដំណោះស្រាយដ៏ល្អគឺការបង្ការ ឬហៅថាការការពារ (preventive measures) កាត់បន្ថយនូវបញ្ហា និងដំណោះស្រាយភ្លាមៗ បន្ទាប់ពីបញ្ហាកើតឡើង (post measures)។

ដោយឡែកមកដល់ពេលនេះ វិបត្តិបានអូសបន្លាយជាច្រើនឆ្នាំ រាជរដ្ឋាភិបាលក៏បានចេញវិធានការហូរហែដូចជាអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញ ជាដើម។ ដូច្នេះហាក់មិនមានដំណោះស្រាយថ្មីណាមួយដែលល្អនោះទេ។ ទោះម្ចាស់កម្ចីចាត់វិធានការផ្លូវច្បាប់បង្ខំលក់ឡៃឡុងទ្រព្យធានា ប្រហែលជាអាចថាលក់មិនចេញផង។ ហើយបើទោះជាលក់ចេញបានខ្លះក៏មិនអាចចាត់វិធានការតាមនិតិវិធីតុលាការបង្ខំលក់បានច្រើនគ្រប់អតិថិជន ដែលមានបញ្ហាដែរ ព្រោះមានចំនួនកម្ចី ដែលមានបញ្ហាច្រើនរាប់មិនអស់។ នេះជាការគូសបញ្ជាក់របស់លោក ង៉ែត ជូ។
ទាក់ទិននឹងបញ្ហានេះ មានសំណួរចោទថា តើអ្វីទៅជាដំណោះស្រាយនៅពេលនេះ?

អ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងថា ក្នុងស្ថានភាពនេះ មានតែការអត់ធ្មត់ទទួលយក និងប្រឈមនឹងស្ថានភាពជាក់ស្តែងទៅតាមលទ្ធភាពនៃអតិថិជនម្នាក់ៗនោះទេ។ លោកថា អ្នកមានលទ្ធភាពសង ត្រូវសហការបន្តសងធម្មតា។ «យើងកំពុងស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចធ្លាក់ដល់បាត ឬកម្រិតទាបបំផុត។ តាមវដ្តនៃសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ដល់បាតនឹងឈានចូលដល់ជំហានរីកលូតលាស់សាជាថ្មី។ ដូច្នេះកុំបារម្ភពេក វាជារឿងធម្មតា ឬហៅថា ច្បាប់ធម្មជាតិទៅហើយ។ ទាំងអតិថិជនដែលមានលទ្ធភាពសង និងគ្មានលទ្ធភាពសងនៅពេលនេះ ត្រូវរៀនសូត្រពីវិធីសាស្ត្រការពារ ដើម្បីជាមេរៀនដោយមិនគួរប្រថុយខ្ចីប្រាក់ច្រើនហួសកម្រិត និងគួរគិតគូរពីលំហូរសាច់ប្រាក់ និងការបង្វិលជាសាច់ប្រាក់ (liquidity) ឱ្យបានល្អិតល្អន់មុននឹងខ្ចីលើកក្រោយទៀត»។
ដូចគ្នានេះដែរ លោក ង៉ែត ជូ បញ្ជាក់ថា អ្នកផ្តល់កម្ចីគប្បីរិតបន្តឹងលក្ខខណ្ឌក្នុងការផ្តល់ប្រាក់ជាងមុន ព្រោះទីផ្សារឥណទាននៅពេលនេះបានឆ្អែតទៅហើយ។
លើសពីនេះទៀត លោក ង៉ែត ជូ បានសង្កត់ធ្ងន់ថា ទោះជាត្រូវលក់ឡៃឡុងទ្រព្យសម្បតិ្ត ដើម្បីទូទាត់សងបំណុល គប្បីយល់ថា នេះជារឿងធម្មតានៃជីវិត។ ការប្រកបរបរតែងតែមានភាពកាក់កប ចំណេញ និងការខាតបង់។ ការរំពឹងថា នឹងរីកចំរើន រកបានផលចំណេញរហូត គឺជាការរំពឹងខុសទាំងស្រុង។ ខាតបង់ទ្រព្យសប្បត្តិវាជារឿងធម្មតា ប៉ុន្តែកុំឱ្យដេកមិនលក់ខ្វាយខ្វល់កើតជាជំងឺផ្លូវចិត្ត។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ