សេដ្ឋកិច្ច
កម្ពុជាមានបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារ និងបានទូទាត់សងបំណុលជាង១៨១ លានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំនេះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឱ្យឃើញថា កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,០៩ ប៊ីលានដុល្លារអាមេរិកត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ១៨១ លានដុល្លារ ខណៈដែលបំណុលនេះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចជាតិ។

បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនាសម្រាប់សន្និធិបំណុលសរុបនេះក្នុងនោះមាន៩៩១២% ត្រូវនឹង ប្រមាណ ១១ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៦%) និង ០,៨៨% ត្រូវនឹងប្រមាណ ៩៨ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៤៦% ជា ដុល្លារអាម៉េរិក, ១៩% ជាអេសដេអ៊ែ, ១១% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៧% ជាអឺរ៉ូ, និង ៦% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូ អភិវឌ្ឍនានាសរុបចំនួន ១៤០,១៤ លានដុល្លារអាម៉េរិក សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ១០០% និងក្របខ័ណ្ឌពហុភាគី 0%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ច ព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៧១%។

ក្រសួងបានបញ្ជាក់ថា៖«ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំង នេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីថា សម្រាប់ប្រាក់កម្ចីនេះ រាជរដ្ឋាភិបាលត្រូវខិតខំរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញឱ្យផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈរូបមន្តសាងសង់ ប្រើប្រាស់ និងផ្ទេរ(BOT)។

លោកបាននិយាយថា៖«ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះតម្រូវការថវិកាសម្រាប់យកទៅវិនិយោគសាធារណៈផ្សេងៗពិតជាមានច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ដើម្បីអាចបង្កើតការងារ ជាដើម។ ប្រសិនបើរាជរដ្ឋាភិបាលអាចទាក់ទាញឱ្យផ្នែកឯកជនចូលមកវិនិយោគតាមរូបមន្ត BOT កាន់តែច្រើន គឺកាន់តែល្អ»។
លោកបានលើកឡើងទៀតថា កម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្កើននូវសក្តានុពលរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យចូលមកកម្ពុជាបានកាន់តែច្រើនបន្ថែមទៀតដើម្បីបង្កើនចំណូលចូលជាតិ។
លើសពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ១៨១,៥៥ លានដុល្លារអាមេរិក រួមមាន ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ១៨១ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៤២,៤០ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៣៨,៦០ លានដុល្លារអាមេរិក និង ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥៥ លាន ដុល្លារអាមេរិក។ ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការទូទាត់សេវាបំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ០,៥%។

ក្រសួងបានគូសបញ្ជាក់បន្ថែមទៀតថា៖«លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ ដំណាច់ឆ្នាំ២០២៤ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវិដ ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុល សាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺ នៅតែមាន «ចីរភាព និង «ហានីភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោម អនុបាតគោល ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុល សាធារណៈក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុប(ផសស) មានត្រឹមកម្រិត ១៩% ធៀបនឹងអនុបាតគោល ៤០%»។
លោកវណ្ណៈ បានបញ្ជាក់ថាកំណើនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការទូទាត់បំណុលបានបញ្ជាក់ពីសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនរឹងមាំដែលបណ្តាលមកពីវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ។
លោកបានថ្លែងថា៖«កំណើនទឹកប្រាក់ទូទាត់បំណុល គឺមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកំណើនសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យម្ចាស់កម្ចីទាំងអស់មានទំនុកចិត្តចំពោះការផ្តល់កម្ចីដល់កម្ពុជាផងដែរ។ ស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺនៅតែរឹងមាំល្អ»។

បើយោងតាមរបាយការណ៍ដដែលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រម ព្រៀងកន្លងមក សរុបចំនួន ១៤១,៦៤ លានដុល្លារអាមេរិកា ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥០% និង ក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៣%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែន ហេដ្ឋារចនាសម្ព័ន្ធ) ១២%។ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៤៧%។
គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ សន្និធិ បំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សរុបចំនួន ២,៦០ ប៊ីលានដុល្លារអាមេរិក៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


