ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋបញ្ឈប់ការបរិភោគ ឬ ដាក់អន្ទាក់សម្លាប់សត្វព្រៃ
ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល មន្ត្រីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងភាគីដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី ២ នៅខេត្តសៀមរាប ដើម្បីជួយជំរុញ ក៏ដូចជាបំផុសចលនាប្រជាពលរដ្ឋឲ្យបញ្ឈប់ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី ២ នៅមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ឲ្យដឹងថា តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី ២ នេះ យ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន ១០ នៅខេត្តសៀមរាប បានប្ដេជ្ញាមិនលក់សាច់សត្វព្រៃដែរ។ ការចូលរួមពីសំណាក់ម្ចាស់ភោជនីយដ្ឋាន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ ក៏ដូចជាការចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។

លោកបញ្ជាក់ថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃឲ្យបានគង់វង្ស យូរអង្វែង តរៀងទៅ។ យុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិកម្ពុជាមានការកើនឡើង។ ក្នុងនោះ រួមគ្នាទប់ស្កាត់ការលក់ដូរសត្វព្រៃ ដើម្បីការពារការចម្លងជំងឺ បញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដាក់អន្ទាក់សត្វព្រៃ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ដែរថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ ២៨១.៥៣០ ហិកតា។ តំបន់ការពារធម្មជាតិរួមមាន ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ដែនជម្រកសត្វព្រៃបឹងពែរដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព-ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពក-តំបន់ការពារទេសភាពអង្គរ-តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប-តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប-តំបន់រ៉ាមសារ បឹងទន្លេឆ្មារ និងមាន ៤ ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង ដែលមានមន្ត្រីឧទ្យានុរក្សចំនួន ១០១ នាក់ /ស្ត្រី ៥ នាក់ មានស្នាក់ការ និងស្នាក់ការរងចំនួន ២៦ ស្នាក់ការ។

លោកប្រធានមន្ទីរ បានបន្ថែមថា តាមការអង្កេតសិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តសៀមរាប បាននិងកំពុងថយចុះគួរឲ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួនដូចជា ៖ ទន្សោង, សត្វកែះ, ទោច, ខ្លាឃ្មុំ, ប្រើស, ពង្រូល និងសត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជីក្រហម IUCN។

ដោយឡែកលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិភោគសាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ខណៈខេត្តសៀមរាបជាតំបន់ទេសចរណ៍ដ៏សំខាន់ នៃប្រទេសកម្ពុជា។ លោកថា យើងត្រូវបញ្ចប់ការដាក់អន្ទាក់ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ជាមួយគ្នានេះ បើយើងមិនបានរឹតបន្តឹងពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាពក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះឲ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឲ្យទទួលបានប្រសិទ្ធភាពកាន់តែប្រសើរនៅថ្ងៃខាងមុខ។

គួរជម្រាបផងដែរថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី ២ នេះរួមមាន ៖ ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, សៀមរាប, បាត់ដំបង និងខេត្តប៉ៃលិន៕
អត្ថបទ ៖ គឿនវេត




-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


