ព័ត៌មានជាតិ
សិស្សថ្នាក់ទី ១២មួយចំនួន នាំគ្នាបន់ស្រន់នៅព្រះអង្គដងកើ ដើម្បីសុំសេចក្ដីសុខសប្បាយ មុនថ្ងៃប្រឡងមកដល់
យុវជន យុវតីមួយចំនួន ដែលជាសិស្សថ្នាក់ទី ១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បាននាំគ្នាបន់ស្រន់នៅព្រះអង្គដងកើ ដើម្បីមកសុំសេចក្ដីសុខចម្រើនដល់ខ្លួន មុនពេលថ្ងៃប្រឡងនឹងឈានចូលមកដល់ នាពេលឆាប់ៗនេះ។ សិស្សថ្នាក់ទី ១២ភាគច្រើន បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយការមកបន់ស្រន់នេះ គឺគ្រាន់តែជាជំនឿរបស់ខ្មែរ មានតាំងពីជំនាន់ដូនតាមកម្លេះ។

យុវតី ទីហ៊ុយ សិស្សទី ១២ មកពីវិទ្យាល័យឬស្សីកែវ បានប្រាប់កម្ពុជាថ្មីដឹងថា កញ្ញា មកបន់ស្រន់នៅទីសក្ការៈបូជា ព្រះអង្គដងកើ ដោយសារកន្លង កញ្ញាឃើញថា ប្រជាជនខ្មែរមានជំនឿថា ការបន់ស្រន់នៅទីនេះ គឺទទួលបានសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច ការងារ ឬការសិក្សា ជាដើម។
យុវតី ទីហ៊ុយ បានបន្ថែមថា កញ្ញា មកបន់ស្រន់ព្រះអង្គដងកើ តាមរយៈថ្វាយផ្កាឈូក ទៀន និងធូប គឺគ្រាន់តែចង់សុំឱ្យបារមីព្រះអង្គដង តាមជួយថែរក្សាការពារ នៅពេលប្រឡងកុំឱ្យភ័យខ្លាច និងកុំឱ្យមានឧបសគ្គអ្វីមកយាយីរារាំង ក្នុងដំណើរការប្រឡង នាថ្ងៃខាងមុខនេះ តែប៉ុណ្ណោះ។
យុវតី ទី ហ៊ុយ បានបញ្ជាក់ទៀតថា សម្រាប់មុខវិជ្ជាត្រៀមប្រឡងវិញ មានដូចជា៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងមុខវិជ្ជាផ្សេងៗទៀត រូបកញ្ញាផ្ទាល់ បានខិតខំរៀន និងស្រាវជ្រាវ តាំងពីដើមឆ្នាំសិក្សារួចមកហើយ។ កញ្ញារំពឹងថា ខ្លួននឹងទទួលបាននិទ្ទេស C។ ដោយសារតែនៅសល់ ៥ថ្ងៃទៀត ទើបដល់ថ្ងៃប្រឡងនោះ ដូច្នេះហើយកញ្ញា ចង់មានពេលលំហែខ្លះ ហើយជ្រើសរើសមកបន់ស្រន់នៅព្រះអង្គដងកើនេះ ដើម្បីសុំសេចក្ដីសុខ។

មិនខុសគ្នាពី យុវតីខាងលើ យុវជន វណ្ណ ស៊ីនួន មកពីវិទ្យាល័យឬស្សីកែវដែរនោះ ក៏បានប្រាប់ដែរថា ការបន់ស្រន់នេះ គ្រាន់តែជំនឿមួយរបស់ខ្មែរ ដែលមានតាំងពីជំនាន់ដើមមក ដោយគិតថា ការបន់ស្រន់ គឺធ្វើឱ្យមនុស្សខ្មែរគ្រប់រូបទទួលបានសេចក្ដីសុខ ផ្លូវចិត្តជ្រះថ្លាល្អ គិតតែរឿងល្អៗ និងប្រព្រឹត្តតែអំពីដែលបុណ្យកុសល សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
យុវជន វណ្ណ ស៊ីនួន បានបន្ថែមទៀតថា ចំពោះមុខវិជ្ជាប្រឡងវិញ យុវជនរូបនេះ បានត្រៀមរួចជាស្រេច ហើយអ្វីដែលយុវជនរូបនេះ បញ្ជាក់ច្បាស់នោះ គឺនឹងប្រឡងជាប់ មិនរំពឹងថា ជានិទ្ទេសអ្វីនោះឡើយ។

ចំណែក កញ្ញា ផល រតនា អាយុ ១៩ឆ្នាំ មកពីវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ក៏បានប្រាប់ដោយទឹកមុខសប្បាយរីករាយថា កញ្ញា មកបន់ស្រន់នៅព្រះអង្គដងកើ ពីព្រោះកញ្ញាជាមនុស្សចូលចិត្តធ្វើបុណ្យ បន់ព្រះ សំពះទេវតា តាំងពីនៅតូចៗមកម្លេះ។
កញ្ញា បន្តថា ការបន់ស្រន់នៅថ្ងៃនេះ គឺគ្រាន់តែសុំឱ្យខ្លួនឯង និងក្រុមគ្រួសារ ទទួលបានសេចក្ដីសុខ សេចក្ដីសប្បាយតែប៉ុណ្ណោះ។ ចំណែក ការប្រឡងវិញ កញ្ញាថា គឺអាស្រ័យទៅលើការខិតខំរៀនសូត្រ មើលមេរៀន និងធ្វើលំហាត់ តាមមុខវិជ្ជានីមួយៗ។ ចុងក្រោយ កញ្ញា ផល រតនា សង្ឃឹមថា ខ្លួននឹងប្រឡងជាប់។
សូមជម្រាបជូនដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ និងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលហៅកាត់ថា «បាក់ឌុប» នៅទូទាំងប្រទេស នាថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ