ព័ត៌មានជាតិ
មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងត្រូវធ្វើវិសោធនកម្មឡើងវិញ ដើម្បីកំណត់ការដកសញ្ជាតិលើប្រជាពលរដ្ឋខ្មែរ។

កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់កម្ពុជាថ្មីឱ្យដឹងនៅរសៀលថ្ងៃនេះ ថា កិច្ចប្រជុំ បានពិភាក្សាយ៉ាងផុលផុសជាច្រើនម៉ោង ទៅលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ដើម្បីឱ្យដើរស្រប និងមានសង្គតិភាពទៅនឹងច្បាប់ធម្មនុញ្ញស្ដីពីការវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ។

អ្នកនាំពាក្យរង បានបន្ថែមឱ្យដឹងថា ការពិភាក្សាពេលនេះ គឺជាជំហានចាប់ផ្ដើមដំបូង ដែលផ្ដោតលើការកំណត់លក្ខខណ្ឌ និងកំណត់ទម្រង់នៃការដកសញ្ជាតិ។ លោកគូសបញ្ជាក់ថា ក្រសួងទាំងពីរក៏បានឯកភាពបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយដើម្បីវាយតម្លៃលក្ខខណ្ឌ មុននឹងស្នើដកសញ្ជាតិតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចំពោះប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើត។ នេះជាការធានាការពារតឹងរឹងចំពោះពលរដ្ឋខ្មែរមានសញ្ជាតិកំណើត មុននឹងឈានដល់ការសម្រេចដកសញ្ជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងយ៉ាងដូច្នេះ។

បើតាមអ្នកនាំពាក្យរង ទូច សុខៈ ជាខ្លឹមសារនៃសេចក្ដីព្រាងស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ គឺបានកំណត់លក្ខខណ្ឌមួយចំនួនដែលអាចដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន លុះត្រាតែពលរដ្ឋនោះ បានប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ ធ្វើសកម្មភាពនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ រាប់ទាំងការចូលបម្រើកងទ័ពក្នុងរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស ដោយមិនព្រមលាឈប់ បើទោះបីជាមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

គួរជម្រាបថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសឱ្យចូលជាធរមាន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣នេះបានប្រើពេល៣ថ្ងៃនៃថ្ងៃធ្វើការ ដោយសមាជិករដ្ឋសភាទាំង ១២៥រូប បោះឆ្នោតអនុម័តនៅថ្ងៃទី១១ ខែកក្កដា និងបញ្ជូនទៅព្រឹទ្ធសភាបោះឆ្នោតទទួលយកទាំងស្រុងនៅថ្ងៃទី១៤ កក្កដា ហើយព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់១ថ្ងៃបន្ទាប់។
រដ្ឋធម្មនុញ្ញាថ្មីនេះ បានបើកផ្លូវឱ្យមានការរៀបចំវិសោធនកម្មច្បាប់សញ្ជាតិថ្មី ដើម្បីដកសញ្ជាតិខ្មែរ ខណៈច្បាប់បច្ចុប្បន្នមិនបានបើកផ្លូវឱ្យដកសញ្ជាតិនោះទេ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


