Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ក្រើនរំលឹកបេក្ខជនប្រឡងបាក់ឌុប ខិតខំមើលមេរៀន និងថែរក្សាសុខភាពឱ្យបានល្អ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានណែនាំដល់បេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាពេលខាងមុខនេះត្រូវបន្តខិតខំរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានល្អដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់អ្នកនាំពាក្យក្រសួងអប់រំនេះ បានធ្វើឡើងខណៈដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ ដោយការប្រឡងក្រសួងអប់រំនៅតែរក្សាជំហរទៅលើគោលការណ៍អ្នកចេះជាប់ តម្លាភាព យុត្តិធម៌ និងអាចទទួលយលបានទាំងអស់គ្នា។

លោកស្រី ឃួន វិច្ឆិកា នៅព្រឹកថ្ងៃទី២២កក្តដានេះ មានប្រសាសន៍ថា« ខ្ញុំសូមផ្តាំផ្ញើឱ្យប្អូនៗបន្តខិតខំរៀន រក្សាសុខភាពឱ្យបានល្អ និងតាមដានព័ត៌មានទាក់ទងនឹងការប្រឡងក៏ដូចជាបទបញ្ញត្តិនានារបស់ក្រសួងអប់រំ និងសាលារៀន»។លោកស្រីបានបន្តថា លើសពីនេះទៀតត្រូវបរិភោគចំណីអាហារនិងសម្រាកឱ្យបានគ្រប់គ្រាន់ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីនីតិវិធីប្រឡង និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួនដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរនៅថ្ងៃប្រឡងខាងមុខ។

លោកស្រី ឃួន វិច្ឆិកា

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ក្រសួងអប់រំនឹងរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ទៅរកភាពប្រក្រតីឡើងវិញ ដូចមុនពេលការរីករាលដាលជំងឺកូវីដ-១៩ពោលក្រសួងនឹងរៀបចំប្រឡងសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ខណៈឆ្នាំមុនរៀបចំធ្វើថ្ងៃទី៨ខែតុលា។ ចំណែកប្រឡ សញ្ញាបត្រមធ្យម សិក្សាបឋមភូមិ ឬ ឌីប្លូមដែលទើបបញ្ចប់ថ្មីៗនេះក៏បានរំកិលពីនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤មកធ្វើនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥វិញដែរ។

ថ្មីៗនេះក្រសួងអប់រំ បានណែនាំឱ្យដាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបក្នុង១បន្ទប់ចំនួន២៥នាក់ មានយ៉ាងតិច៣បន្ទប់ និង ច្រើនបំផុត៤៦បន្ទប់ក្នុង១មណ្ឌល។ ករណីនេះអាចសម្របសម្រួលអាស្រ័យលើខេត្ត ដែលមានចំនួនបេក្ខជនច្រើន និងខេត្តដែលមានចំនួនបេក្ខជនតិច អាចប្រែប្រួលតាមស្ថានភាពជាក់ស្តែងនិងត្រូវរៀបចំបន្ទប់បម្រុងសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព។ ចំណែកមណ្ឌលប្រឡងត្រូវបានរៀបចំដាច់ដោយឡែកពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡង ថ្នាក់វិទ្យាសាស្ត្រសង្គម។ករណីខ្វះមណ្ឌលប្រឡង គ្រឹះស្ថានសិក្សាមួយអាចយកធ្វើជាពីរមណ្ឌលប្រឡងបាន។

ជាមួយគ្នានេះក្រសួង បានណែនាំឱ្យជ្រើសរើសយកគ្រឹះស្ថានដែលមានបរិស្ថានល្អ មានរបងព័ទ្ធជុំវិញ មានទ្វារចេញចូល មានសោចាក់ត្រឹមត្រូវ ងាយស្រួលរក្សាសុវត្ថិភាព មានទីតាំងជិតសម្រួលដល់ការផ្ញើហឹប វិញ្ញាសា និងកិច្ចការបេក្ខជននៅអាជ្ញាធរដែនដី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម