Connect with us

ព័ត៌មានជាតិ

អត្រាបោះបង់ការសិក្សារបស់សិស្សជនជាតិដើមភាគតិចមានការកើនឡើង ដោយសាររៀបការទាំងវ័យក្មេង

បានផុស

នៅ

អត្រាបោះបង់ចោលការសិក្សាមានការកើនឡើងក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ចំពោះសិស្សសាលាដែលរៀននៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តរតនគិរី ដោយសារសិស្សសាលាទាំងនោះមានស្នេហាក្នុងវ័យសិក្សា ឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។

រូបតំណាង (អង្គការយូនីសេហ្វ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឯម នាយកសាលាវិទ្យាល័យវិរៈជ័យ សង្កេតឃើញថា សកម្មភាពយុវសិស្សតែងតែចាប់ចិត្តស្រឡាញ់គ្នាតាំងពីថ្នាក់ទី៧ រហូតដល់ទី១២ ក្នុង១ឆ្នាំៗ។ លោកបន្តថា សម្រាប់ពាក់កណ្តាលឆ្នាំនេះ សិស្សសាលាប្រុសស្រីចំនួន ៧ ទៅ ៨ គូ ដែលមានអាយុចន្លោះពី ១៣ ឆ្នាំឡើងទៅ បានបោះបង់ចោលការសិក្សា ហើយងាកទៅរៀបការ។  ជាមួយគ្នានេះ លោកក៏សំណូមពរឲ្យជនជាតិដើមភាគតិច ជាឪពុកម្តាយអប់រំ និងជំរុញឲ្យកូនៗ បន្តការសិក្សាឲ្យបានចប់សិនកុំទាន់គិតពីគូស្រករ ព្រោះការរៀបការទាំងវ័យក្មេងធ្វើឱ្យប៉ះពាល់ដល់អនាគត ចំណេះដឹង និងសុខភាពរបស់ពួកគេ។

លោកបន្តទៀតថា៖«សិស្សសាលារៀបការទាំងវ័យក្មេងថ្មីថ្មោង មិនមានលទ្ធភាពចិញ្ចឹមក្រុមគ្រួសារ ជីវភាពខ្វះខាត ពុំទទួលបានចំណេះដឹងច្រើន និងពិបាកស្វែងរកឱកាសការងារ។ មួយវិញទៀត ក្មេងស្រីដែលរៀបការវ័យក្មេង ធ្វើឱ្យប៉ះពាល់សុខភាព ព្រោះសារពាង្គកាយមិនទាន់ត្រៀមលក្ខណៈដើម្បីមានកូន ធ្វើឱ្យពិបាកសម្រាល កូនមិនគ្រប់គីឡូ និងងាយកើតជំងឺក្រេះក្រិន ដោយសារឪពុកម្ដាយមិនទាន់យល់ពីរបៀបថែទាំកូន»។

រូបតំណាង (អង្គការយូនីសេហ្វ)


បើតាមលោកនាយកសាលា លើសពីនេះ អំពើហិង្សាក្នុងគ្រួសារងាយនឹងកើតឡើង ដោយសារពួកគាត់នៅវ័យក្មេង ការគ្រប់គ្រងចិត្ត គ្រប់គ្រងកំហឹង នៅមានកម្រិត ដែលអាចឈានដល់ការប្រើអំពើហិង្សា និងលែងលះគ្នា ថែមទាំងប្រឈមការរើសអើងនៅក្នុងសង្គមផងដែរ។ លោកសម្តែងការព្រួយបារម្ភថា៖១ យុវជនដែលបានបោះបង់ចោល ការសិក្សា ទៅស្រវាមានស្នេហ៍ រៀបការវ័យក្មេងយ៉ាងដូច្នេះ ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ សិស្សដែលទៅទទួលសាលារៀន មានការធ្លាក់ចុះ ដែលជាហេតុប៉ះពាល់អនាគតបាត់បង់ចំណេះដឹងនិង ជំនាញដែលមិនអាចរកប្រាក់ចិញ្ចឹមខ្លួនឯងនិងគ្រួសារ»។

តាមរបាយការណ៍របស់ អង្គការយូនីសេហ្វ  តាមរយៈការស្ទាបស្ទង់ យុវតីស្ទើរពាក់កណ្តាល គឺ ៤៧.៧% ក្នុងខេត្តរតនគិរី បានរៀបការ ទាំងវ័យក្មេងមុនអាយុ ១៨ ឆ្នាំ។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងប្រទេសកម្ពុជា បន្ទាប់មកគឺខេត្តស្ទឹងត្រែង (៤០.៨%) មណ្ឌលគិរី (៣៣.៤%) និងព្រះវិហារ (៣៣%)។ ការរៀបការមុនពេញវ័យនេះ បានឆក់យកនូវកុមារភាព ក្តីស្រមៃ ឱកាសសិក្សា និងអនាគតរបស់កូនស្រី ប្អូនស្រី និងក្មួយស្រីរបស់សហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម