ព័ត៌មានជាតិ
មកស្គាល់ភូមិសាស្ត្រខេត្តក្រចេះ ដែលជាខេត្តភាគឦសាន នៃប្រទេសកម្ពុជា
ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៣៤០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧ កាត់តាមស្រុកស្នួល និងមានចម្ងាយ២៥០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧៣ កាត់តាមស្រុកឆ្លូង និងចម្ងាយ ២២០ គីឡូម៉ែត្រតាមផ្លូវទឹកទន្លេមេគង្គ។
ព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ។

ខេត្តក្រចេះចែកចេញជា១ក្រុង និង៥ស្រុក ដែលមាន៥សង្កាត់ ៤២ឃុំ និង២៥៨ភូមិ ដែលមានផ្ទៃដីធម្មជាតិសរុប ១១.០៩៤ គម២ ចែកចេញជាពីរតំបន់សំខាន់ៗ គឺប៉ែកខាងជើង និងខាងកើតជាតំបន់ខ្ពង់រាប មានព្រៃឈើច្រើន មានស្មៅច្រើនប្រភេទ និងមានប្រភេទដីក្រហម អំណោយផលដល់ការចិញ្ចឹមសត្វគោ ក្របី និងការដាំដំណាំកសិ-ឧស្សាហកម្ម ដូចជាកៅស៊ូ ម្រេច ស្វាយចន្ទីជាដើម។
ប៉ែកខាងត្បូង និងខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេ មេគង្គ សំបូរទៅដោយបឹង ព្រែក អូរ ដីល្បាប់ មានជីជាតិ អំណោយផលដល់ការចិញ្ចឹមត្រី និងដាំដំណាំស្បៀងដូចជាស្រូវ ពោត សណ្តែក ល្ង..។ល។ ពិសេសទៅទៀតតំបន់ដីសើមសំបូរទៅដោយជម្រកមច្ឆាជាតិ ចម្រុះពូជ និងការកកើតជីវធម្មជាតិគ្រប់រដូវកាល និងមានសត្វផ្សោតទន្លេមេគង្គដែលជាថនិកដ៏កម្រ និងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាកម្សាន្តកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ ខេត្តក្រចេះ មានប្រជាជនសរុប៤១៧.៣២១ នាក់ ស្មើនឹង៩៤.០៨០ គ្រួសារ ក្នុងនោះស្រី២១០. ៨៣៧ នាក់ មានដងស៊ីតេប្រជាជន៣៧នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។

ខេត្តក្រចេះ មានជនជាតិដើមភាគតិចចំនួន៧គឺ៖ ភ្នង កួយ ស្ទៀង ក្រោល មិល ថ្មូន និងជនជាតិ ខោល ។ ប្រជាពលរដ្ឋ៨១ ភាគរយ ជាកសិករ ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន និង១៩ ភាគរយប្រកបមុខរបរជាអាជីវករ សេវាករ សិប្បកម្ម និងមុខរបបផ្សេងៗទៀតក្រៅពីកសិកម្ម ។ សេដ្ឋកិច្ចខេត្តក្រចេះ មានប្រមាណ៥៤៧ លានដុល្លារ (ស្មើ ២,៤ភាគរយ នៃសេដ្ឋកិច្ចជាតិ) ប្រៀបធៀបឆ្នាំ២០១៨ មានកំណើន ៦,៣ ភាគរយ ក្នុងនោះប្រជាជនមានចំណូលសម្រាប់មនុស្សម្នាក់ (GDP) ឆ្នាំ២០១៩ ចំនួន១.៣៨១ដុល្លារ កើនជាងឆ្នាំ២០១៨ ដែលប្រជាជនមានចំណូលតែ១.២៨៤ដុល្លារ កើន៩៧ដុល្លារ។
សូមបញ្ជាក់ថា របាយការណ៍ភូមិសាស្ត្រខេត្តក្រចេះនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមរបាយការណ៍ដដែលបញ្ជាក់ថា ខេត្តក្រចេះមានផ្ទៃដីកសិកម្ម ដំណាំស្រូវប្រាំង និងស្រូវវស្សា ក្នុងឆ្នាំ២០២០ អនុវត្តបានចំនួន៥៤.៥៧២ហិកតា ស្មើនឹង១១៦ ភាគរយនៃផែនការ៤៧.០០០ហិកតា ។ ទទួលបានផលស្រូវសរុប១៧៥.៨៨៦តោន បើប្រៀបធៀបឆ្នាំ២០១៩ មានបរិមាណខ្ពស់ជាងចំនួន ២៤.៧៥៦តោន ផ្គត់ផ្គង់ តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវ នាំចេញជារៀងរាល់ឆ្នាំថែមទៀត៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ