ព័ត៌មានជាតិ
លោកគ្រូ-អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា វត្ត ស្រុកស្នួល ស្នើសុំអគារសិក្សាថ្មី ១ ខ្នង ក្រោយអគារមុនមានសភាពចាស់ទ្រុឌទ្រោម
លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅសាលាបឋមសិក្សា វត្ត នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ស្នើសុំអគារសិក្សាចំនួន ១ ខ្នង ៤ បន្ទប់ ក្រោយពេលដែលសាលាបឋមសិក្សាចាស់ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មិនអាចបន្តការបង្រៀនសិស្សបន្តទៀតបាន។

បើតាមលោក ទិត រឿង នាយកសាលាបឋមសិក្សា វត្ត បានឱ្យដឹងថា សាលាបឋមសិក្សា វត្ត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៧ មកម្លេះ កសាងឡើងដោយសហគមន៍ និងមានអគារសិក្សា ១ខ្នង ៣ បន្ទប់ កសាងឡើងនៅឆ្នាំ១៩៨៣ រហូតមកដល់ពេលនេះអគារសិក្សានេះមានសភាពទ្រុឌទ្រោមអស់ជញ្ជាំង ដំបូលពុកក្បឿង សសរក៏ទ្រេត មិនអាចបន្តការបង្រៀនសិស្សបន្តទៀតបានទេ ព្រោះខ្លាចគ្រោះថ្នាក់ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ។
លោកថាសាលាបឋមសិក្សា វត្ត នេះ ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ សព្វថ្ងៃ មានអគារកំពុងបម្រើដល់ការសិក្សាចំនួន ១ខ្នង មាន ៦ បន្ទប់ និងអគារ ១ខ្នងទៀត ត្រូវបានបោះបង់ចោល ព្រោះមានសភាពចាស់ទ្រុឌទ្រោម និងខ្លាចគ្រោះថ្នាក់។ លោកនាយកសាលា បានបន្តថា លោកបានធ្វើពាក្យស្នើសុំទៅក្រសួង ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ច្រើនដងមកហើយប៉ុន្តែគ្មានលទ្ធផល។ ជុំវិញបញ្ហានេះ លោកក៏បានទាក់ទងដាក់ពាក្យស្នើសុំអង្គការសប្បុបរសធម៌ ជប៉ុនក៏នៅតែមិនបាន។

លោកនាយកសាលា ក៏បានបន្តថា «គោលបំណងរបស់លោក គឺចង់បានអគារសិក្សាថ្មី នៅទីតាំងចាស់ ខណៈដែលបច្ចុប្បន្ន អគារសិក្សាកំពុងបង្រៀននៅក្នុងបរិវេណវត្ត និងដើម្បីរៀបចំបរិស្ថាន សួន ជាដើម ស្របតាមកម្មវិធីសិក្សាដើម្បីការអភិវឌ្ឍន៍»។
សាលាបឋមសិក្សា វត្ត មានអគារសិក្សា ១ខ្នង ៦បន្ទប់ កំពុងដំណើរការបង្រៀនសិស្ស ដែលស្ថិតនៅក្នុងបរិវេណវត្ត និងបានផ្លាស់ប្តូរទៅរៀននៅទីនោះក្នុងឆ្នាំ២០០០ ដែលកសាងដោយសហគមន៍ភូមិវត្ត សំបួរតាសោម និងសហគមន៍ ភូមិថ្នល់ ។ កាលនោះសិស្សទាំងអស់ គឺមករៀននៅសាលាបឋមសិស្សា វត្ត ដោយសារ សាលា មាន ៦ បន្ទាប់ ស្មើនឹង ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី ៦ ហើយសាលានៅតាមភូមិផ្សេងៗទៀត មិនទាន់មានដល់ ៦ថ្នាក់ នៅឡើយទេមានត្រឹមថ្នាក់ទី ៣ ឬ ទី៤ ប៉ុណ្ណោះ។ សព្វថ្ងៃសាលាកំពុងប្រឈមនឹងបញ្ហា អគារដែលកសាងឡើងតាំងពីឆ្នាំ១៩៨៣ មានសភាពទ្រុឌទ្រោម ប្រើប្រាស់លែងកើត។

លោកបានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅក្នុងវេទិកាសាធារណៈ លោកក៏បានស្នើសុំទៅគណៈអធិបតី នៅអគារសិក្សា ១ខ្នង មាន ៤បន្ទប់ ហើយត្រូវបានអង្គវេទិកាឆ្លើយតបវិញថា នឹងចាំដោះស្រាយ។ លោកគ្រូ បញ្ជាក់ថា សាលាបឋមសិក្សា វត្ត មានគ្រូបង្រៀន សរុប ៧ នាក់ ក្នុងនោះ គ្រូកិច្ចសន្យា ១នាក់ កាលពីឆ្នាំ២០២៤ សិស្សសរុបមានចំនួន ១៥២នាក់ ប៉ុន្តែនៅឆ្នាំសិក្សា២០២៥ នេះ ថយចុះមកនៅត្រឹមតែ ១៤៨នាក់។
ចំពោះបញ្ហាខ្វះអគាសិក្សាខាងលើនេះ លោកគ្រូ ទិត រឿន ក៏បានបញ្ជាក់បន្ថែមថា កន្លងមក លោកធ្លាប់បានជួបជជែកពិភាក្សាជាមួយប្រធានការិយាល័យអប់រំស្រុកផងដែរ ដោយប្រធានការិយាល័យស្រុកសន្យាថា នឹងដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅពុំទាន់ឃើញសមិទ្ធផលលេចចេញជារូបរាង្គនៅឡើយទេ។

ជាមួយគ្នានោះដែរ លោក ឡាយ ប៉ូរា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា កន្លងមកមន្ទីរធ្លាប់បានសម្របសម្រួលក្នុងកិច្ចការនេះរួមមកហើយ ដោយខាងមន្ទីរមានថវិកាប្រមាណជា ២ លានរៀល ដើម្បីផ្ដល់ជូនទៅខាងសាលាបឋមសិក្សា វត្ត ដើម្បីចូលរួមចំណែកក្នុងការសាងសងអគារសិក្សាថ្មី និងបានផ្ដល់ជាគំនិតក្នុងការធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលថវិកាកសាងសាលា ប៉ុន្តែខាងសាលា និងសហគមន៍បែរជាស្ងប់ស្ងាត់ទៅវិញ។ លោក បានបញ្ជាក់យ៉ាងខ្លីថា «បច្ចុប្បន្នការងាររដ្ឋបាលនៅថ្នាក់ស្រុក មន្ទីរបានប្រគល់ ផ្ទេរតួនាទីភារកិច្ចឱ្យទៅការិយាល័យអប់រំស្រុក ជាអ្នកសម្រេច និងដោះស្រាយ»៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់