ព័ត៌មានជាតិ
ងៀតត្រី ៣ រសជាតិ សហគមន៍ឃុំវឌ្ឍនៈ ទទួលការកម្មង់ពីអតិថិជនពីខេត្តក្រចេះ ដល់ខេត្តព្រះសីហនុ
ងៀតត្រី ៣ រសជាតិ ដែលផលិតនិងកែច្នៃដោយសហគមន៍ឃុំវឌ្ឍនៈ មានការគាំទ្រនិងកម្មង់ទិញច្រើនពីអតិថិជន។
លោក ស៊ិន សង ប្រធានសហគមន៍ផលិតនិងកែច្នៃត្រីងៀតវឌ្ឍនៈបានរៀបរាប់ឱ្យដឹងថា សហគមន៍ផលិត និងកែច្នៃត្រីងៀតឃុំវឌ្ឍនៈ មានទីតាំងនៅភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដែលបង្កើតឡើងនៅចុងឆ្នាំ២០២២ ដោយមានការគាំទ្រពីអាជ្ញាធរ និងសម្របសម្រួលពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការគាំទ្រថវិការដោយអង្គការ WWF ប្រចាំនៅខេត្តក្រចេះ។

លោក ស៊ិន សង បានរៀបរាប់ថា នៅក្នុងការធ្វើត្រីងៀតនេះ គឺយកត្រីដែលសហគមន៍ចិញ្ចឹមបានយកមកធ្វើ មិនមានការនាំចូលពីខាងក្រៅនោះទេ ដោយសហគមន៍បានបែងចែកសមាជិក ជាក្រុម ក្នុងការចិញ្ចឹមត្រី ហើយការចិញ្ចឹមត្រីនេះទៀតសោត គឺដាំបបរផ្សុំពី ពោត កន្ទុក់ ចុងអង្ករ ត្រីរៀល និងអំបិល ធ្វើជាចំណីឱ្យត្រីស៊ី ដោយមិនប្រើចំណីទិញពីផ្សារឡើយ។ ចំពោះ ត្រីរៀល ដែលយកមកធ្វើងៀតវិញ គឺទិញអ្នកនេសាទនៅក្នុងភូមិផ្ទាល់តែម្តង។
សព្វថ្ងៃ ការធ្វើត្រីងៀត មានបីប្រភេទ ដូចជា៖ ងៀតត្រីអណ្តែង ងៀតត្រីរៀល និងងៀតត្រីរ៉ស់ ពេលធ្វើត្រីងៀតរួចហើយ សហគមន៍មានម៉ាស៊ីនសំងួត ម៉ាស៊ីផលិតទឹកកក និងម៉ាស៊ីនវេចខ្ចប់ ដើម្បីរក្សាគុណភាព អនាម័យ និងមានអត្តសញ្ញាណច្បាស់លាស់។



លោក ស៊ិន សង បានបញ្ជាក់ថា ចំពោះតម្លៃលក់នៅលើទីផ្សារ ងៀតត្រីអណ្តែង និងត្រីរ៉ស់ ក្នុង១គីឡូ តម្លៃ ៣៥,០០០រៀល រីឯ ងៀតត្រីរៀលវិញ យកឆ្អឹងចេញអស់ លក់ក្នុង១គីឡូ តម្លៃ ៥ ម៉ឺនរៀល។ រាល់ថ្ងៃ មានការកម្មង់ទិញច្រើន ពីតាមបណ្តាខេត្តនានា ដូចជា នៅទីរួខេត្តក្រចេះ ភ្នំពេញ និងខេត្តកំពង់សោម ជាដើម។
តាមរយៈសហគមន៍ផលិតត្រីងៀតនេះ បើតាម លោក ស៊ិន សង បានបង្កើតការងារបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ បង្កើនប្រាក់ចំណូល និងបានចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសបានចូលរួមការពារអភិរក្សនូវធនធានជលផល។
យ៉ាងណាមិញ លោក ស៊ិន សង បានថ្លែងថា រហូតមកដល់ពេលនេះ សហគមន៍នៅមិនទាន់បានធ្វើទីផ្សារ ការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារសហគមន៍ទើបតែបង្កើតឡើង។ បច្ចុប្បន្នមានអង្គការដៃគូរមួយចំនួន បាននឹងកំពុងជជែកអំពីការធ្វើទីផ្សារ និងការចុះបញ្ជីផលិតផល ហើយសព្វថ្ងៃមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋ និងអង្គការដៃគូរ តាមរយៈការតាំងពិព័ណផលិតផលក្នុងស្រុក ព្រោះត្រីងៀតដែលសហគមន៍ផលិត មានស្លាកសញ្ញាច្បាស់លាស់ ដែលបញ្ជាក់ពីអត្តសញ្ញាណចេញពីឃុំវឌ្ឍនៈ។

លោក ស៊ិន សង បានបញ្ជាក់ថា បើប្រៀបធៀបអំពីជីវភាពកាលពីមុនពេលមិនទាន់បង្កើតសហគមន៍ និងនៅពេលនេះ គឺខុសគ្នា ត្រង់ថា ពីមុនមិនសូវបាននៅផ្ទះទេ ព្រោះត្រូវចេញទៅក្រៅស្វែងរកការងារធ្វើជាកម្មករគេ ប៉ុន្តែពេលមានសហគមន៍នេះ គឺធ្វើឱ្យជីវភាពរបស់ពួកគាត់ មានភាពប្រសើរឡើងជាងមុន៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


