ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារអះអាងថា ជំនាញវិជ្ជាជីវៈ កំពុងមានតម្រូវការទីផ្សារការងារខ្ពស់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ និងមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ នៅថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៤។

ជាទិវារៀបចំដើម្បី លើកកម្ពស់គុណភាព និងគុណតម្លៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ជាពិសេសយុវជនដែលមានភាពក្រីក្រ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលយុវជនដែលងាយរងហានិភ័យ និងយុវជនមកពីគ្រួសារក្រីក្រ ១,៥ លាននាក់ កាលពីខែវិច្ឆិកា ឆ្នាំមុន។
ការរៀបចំទិវាជាតិនេះ ទៀតសោតក៏មានគោលបំណងផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិត និងសាធារណជនឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ក្នុងការចូលរៀនជំនាញវិជ្ជាជីវៈ។
លោក កត្តា អន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នេះថា បច្ចុប្បន្ននៅលើសាកលលោកគឺជាដំណាក់កាល ៤.០ ដែលប្រទេសទាំងអស់នៅលើពិភពលោក និងតំបន់ មានការប្រកួតប្រជែងគ្នានៅក្នុងវិស័យឧស្សាហកម្ម ខណៈវិស័យមួយនេះ បានស្រូបកម្លាំងពលកម្មច្រើននៅកម្ពុជា។

កម្ពុជាមានកម្លាំងពលកម្មជាង ១០ លាននាក់ ក្នុងនោះ ១,៧ លាននាក់ ធ្វើការនៅក្នុងវិស័យរោងចក្រ សហគ្រាស ក្រុមហ៊ុន និងជាង ៩៥ ម៉ឺននាក់ ធ្វើការនៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលមាននារី ៨០ ភាគរយ។
បើតាម លោក កត្តា អន កម្ពុជាមិនអាចនៅត្រឹមតែឧស្សាហកម្មធុនស្រាលនោះទេ ដោយកម្ពុជាត្រូវតែវិវត្តទៅរកឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ មានន័យថា ជាឧស្សាហកម្មមួយ ដែលទាក់ទាញអ្នកជំនាញ បុគ្គលិកដែលមានជំនាញច្បាស់លាស់ ខណៈរដ្ឋាភិបាល បានគិតពីកម្លាំងយុវជនដែលបោះបង់ការសិក្សា។

មន្ត្រីអ្នកនាំពាក្យដដែលរូបនេះ អះអាងថា បច្ចុប្បន្ន តម្រូវការពលកម្មដែលមានជំនាញមានច្រើន ខណៈរដ្ឋាភិបាលខិតខំបណ្ដុះបណ្ដាលជំនាញដល់យុវជនឱ្យស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា អ្នករៀនជំនាញវិជ្ជាជីវៈមានកម្រិត១ រហូតដល់កម្រិត ៣ ដែលរហូតដល់វិស្វករ។
លោក ហ៊ីង ស៊ីដេត បញ្ជាក់ថា សិស្សដែលបានចូលរួមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ភាគច្រើនទទួលបានការងារធ្វើ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល។
លោកបញ្ជាក់ថា បច្ចុប្បន្ន កម្មវិធី ១,៥ នាក់ នៅតែជួបបញ្ហាប្រឈម ក្នុងការចុះឈ្មោះចូលរៀនរបស់សិស្ស ដែលគិតមកដល់ពេលនេះ កម្មវិធីនេះ មានអ្នកចុះឈ្មោះចូលរួមបានជាង ៤ ម៉ឺននាក់ ខណៈបានធ្វើតេស្ដបញ្ជាក់សមត្ថភាពសិស្សជាង ៣ ពាន់នាក់ និងបានការងារជាង ៩០០ នាក់ ដែលទទួលបានប្រាក់ខែពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយចំណាយរយៈពេលសិក្សាត្រឹមតែ ៤ ខែ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


