ព័ត៌មានជាតិ
កសិករ ២ រូបបន្ថែមមុខរបរ ចេះបង្ហោះដ្រូនស៊ីឈ្នួលបាញ់ជី រកចំណូលផ្គត់ផ្គង់គ្រួសារ
កសិករពីរគ្រួសារចេះបច្ចេកទេសក្នុងការប្រើប្រាស់ដ្រូន ដែលអាចប្រើជួយលើការដាំដុះដំណាំផ្សេងៗជាពិសេសដំណាំស្រូវ ដែលក្នុងមួយរដូវៗអាចរកចំណូលបានរាប់សិបលានរៀល អាចផ្គត់ផ្គង់ពង្រីកសេដ្ឋកិច្ចគ្រួសារបានប្រសើរ។

កសិករមួយរូបរស់នៅក្នុង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ គឺលោក សុជាតិ បានឲ្យដឹងថា តាំងពីលោកបានទិញដ្រូន ១ គ្រឿង ដើម្បីយកទៅប្រើប្រាស់លើវិស័យកសិកម្ម បានផ្តល់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរជាងមុន។
តាមរយៈបច្ចេកទេសប្រើប្រាស់ដ្រូនដែលលោកបានសិក្សា គ្រាន់តែឈរបញ្ជាដ្រូនបាញ់ជីប៉ុណ្ណោះ លោកអាចទទួលបានកម្រៃក្នុងមួយហិកតា ៣ ម៉ឺនរៀល ប្រើពេលជាង ១០នាទី បាញ់ក្នុង ១ហិកតាស្រូវ។ ខណៈក្នុងរយៈពេល ១ថ្ងៃលោកបានទទួលពីកសិកររាប់សិបហិកតាលើការបាញ់លើដំណាំស្រូវ និងមិនទាន់គិតពីផលដំណាំផ្សេងៗផង។

ចំណែកកសិករម្នាក់ទៀតគឺ លោក កវី រស់នៅក្នុង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងសកម្មភាពដឹកដ្រូនទៅបាញ់ជីឲ្យកសិករ បានថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែកក្កដា នេះថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ លោកជាប់មមាញឹកទទួលការជួលពីកសិករក្នុងស្រុកជួលឲ្យបាញ់ថ្នាំ និងជីតាមស្រែជាបន្តបន្ទាប់។
លោកបន្តថា «ខ្ញុំបានទិញដ្រូនមួយហ្នឹង ៤ ឆ្នាំហើយ ពិតជារកចំណូលបានគ្រាន់បើ ដោយមួយរដូវៗបាញ់បានរាប់សិបហិកតា»។
លោកបន្តថា «មុខរបរនេះអត់លំបាកទេ ជាមុខរបរស៊ីលុយតាមនាទី តាមម៉ោង ដែលលុយរកបានអាចយកទៅបង្វិលចំណាយផ្សេងៗទៀតក៏អត់សូវខ្វះខាតក្រៅពីផ្គត់ផ្គង់គ្រួសារ ព្រោះតែប្រជាពលរដ្ឋធ្វើស្រែច្រើន ដែលខ្ញុំប្រើពេលត្រឹមតែ ៩ ទៅ ១០ នាទី ទទួលបានថវិកា ៣ ម៉ឺនរៀលក្នុង ១ហិកតា អាចមួយថ្ងៃយ៉ាងហោចក៏បានចន្លោះពី ១៥ ទៅ ២០ ហិកតា តែក៏ចំណាយទៅលើថ្មវាច្រើនដែរ ព្រោះថ្មវាក៏ថ្លៃគួសមដែរ»។

ខេត្តបាត់ដំបងជាខេត្តមួយបានដើរតួនាទីយ៉ាងសំខាន់ជាងបណ្តាខេត្តនានាផ្នែកវិស័យកសិកម្ម តាមរយៈកត្តាអំណោយផលពីប្រភពដីដែលសម្បូរទៅដោយសារធាតុជីធម្មជាតិ តែបច្ចុប្បន្នកសិករក៏តម្រូវការប្រើប្រាស់ជីសរីរាង្គ ឬជីផលិតពីក្រុមហ៊ុន ដើម្បីបង្កើនទិន្នផល និងទប់ស្កាត់រាល់ការបំផ្លាញពីសត្វដង្កូវផងដែរ ក្នុងការទាញបានទិន្នផលឲ្យបានខ្ពស់ សម្រាប់តម្រូវការលើទីផ្សារក្នុងនិងក្រៅស្រុកតាមដែលអាចធ្វើបាន។
សម្រាប់ខេត្តបាត់ដំបងនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋទូទាំងខេត្តបានចាប់យកវិស័យកសិកម្មស្ទើរតែ ១០០% បើទោះមួយចំនួនតូចជាអាជីវករលក់ដូរតាមផ្សារ ប៉ុន្តែក៏មានដីស្រែសម្រាប់ធ្វើកសិកម្មដាំដុះដំណាំស្រូវ ឬផលដំណាំផ្សេងៗ។
លោក ហេង សិទ្ធ មន្រ្តីទទួលបន្ទុកផ្នែកការិយាល័យស្ថិតិកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា «នៅក្នុងខេត្តបាត់ដំបង មានស្រុកចំនួន ៤ ដែលមានផ្ទៃដីកសិកម្មធំចាប់ពី ៤០ ០០០ ហិកតាឡើង ក្នុងនោះមានស្រុកបវេល ស្រុកថ្មគោល ស្រុកបាណន់ និងស្រុកមោងឬស្សី។ ស្រុកដែលមានផ្ទៃដីកសិកម្មជាមធ្យមចន្លោះពី ៣៥ ០០០ ទៅ ៤០ ០០០ ហិកតា មានដូចជាស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកគាស់ក្រឡ និងស្រុករុក្ខគីរី។ ស្រុកក្រៅពីនេះ មានត្រឹមពាន់ហិកតាប៉ុណ្ណោះ គឺចន្លោះពី ៨ ០០០ ហិកតាចុះ។
បើតាមមន្រ្តីកសិកម្មរូបនេះ ការធ្វើកសិកម្មបច្ចុប្បន្នចាំបាច់ណាស់ត្រូវតែប្រើប្រាស់ថ្នាំការពារសត្វល្អិតបំផ្លាញ និងប្រើប្រាស់ជីដើម្បីបំប៉នទិន្នផលឲ្យបានខ្ពស់ និងតាមតម្រូវការលើទៅផ្សារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


