Connect with us

ព័ត៌មានជាតិ

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

បានផុស

នៅ

ភ្នំពេញ ៖ សម្រាប់១ថ្ងៃនៃថ្ងៃទី២៦ កក្កដានេះ សប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលថ្ងៃទី២៦ កក្កដានេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយការទទួលពីអភិបាលរងរាជធានី និងនាយក នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវកាលពីព្រឹកថ្ងៃទី២៦កក្កដានេះ ពោលគឺការអំពាវនាវមិនបានប៉ុន្មានម៉ោង ក៏​មាន​សប្បុរសជន​យ៉ាង​ច្រើន​សន្លឹកសន្ធាប់បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែល​បាន​នឹងកំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

សកម្មភាព​នេះ​បាន បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ស្នេហាជាតិជាធ្លុងមួយ របស់​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែល​បាន​នឹង​កំពុង​ខិតខំ​តស៊ូ​ការពារបន្ទាត់​ព្រំដែនកម្ពុជា-ថៃ ប្រកប​ដោយ​ភាពក្លាហាន មោះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជា​នាយកដ្ឋមន្ត្រី​នាពេលបច្ចុប្បន្ន។

លោក​ស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី២៦ កក្កដានេះថា សម្រាប់​ខឿន​ការពារ​ជាតិ បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយ​សាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជា​មួយ​នឹង​ការ​ចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់​នេះ​គឺ​ជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។

លោកស្រី បានបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៤និង៥៨នាទីរសៀលនេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​ទទួល​បាន​ថវិកា​ជា​ប្រាក់ដុល្លារ​សរុប​ចំនួន​១០ម៉ឺន៤២៣៨ដុល្លារ​ និង​ជាប្រាក់រៀល​សរុបចំនួន៣៧៦លាន៥៦៧៦៣៩រៀល រួមទាំង​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ ​និង​សម្ភារៈ​ផ្សេងៗ​​មួយចំនួនធំទៀត។ សូម​ជម្រាប​បងប្អូន​សប្បុរសជន​នានា​អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បាន​ដោយ​រដ្ឋបាលរាជធានីភ្នំពេញ​បាន​ចាត់​តាំង​ក្រុម​ការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR CoD។

លោកឃួង ស្រេង ក្នុង​ឱកាស​នោះ​បាន​ថ្លែង​អំណរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ផុសផុល​ មក​ចូលរួម​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​មក​ទី​កន្លែង​សុវត្ថិភាព​ ដែល​នេះ​ពិត​ជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​។ បងប្អូន​អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បាន។សូម​គោរព​អរគុណ​នូវ​ទឹក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម