ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង ៣៤ ម៉ឺននាក់
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានគូសបញ្ជាក់ឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៣៤ ម៉ឺននាក់ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តតាមរមណីយដ្ឋានទេសចរណ៍នានា។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ហម អរុណ បានឱ្យដឹងថា នៅឆមាសទី១ នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបជាង ៣៤ ម៉ឺននាក់( ៣៤០ ៣៦១នាក់) កើនឡើង ៧,៧៣% បើធៀបទៅនិងរយៈពេលដូចគ្នានៅឆមាសទី១ ឆ្នាំ២០២៤ ដែលមានចំនួនជាង ៣១ ម៉ឺននាក់(៣១៥ ៩២៦នាក់)។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង ៣២ ម៉ឺននាក់ (៣២២ ៣០៨នាក់) កើនឡើង ៧,៤៩% បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆមាសទី១ ឆ្នាំ២០២៤ ដោយឡែកភ្ញៀវទេសចរអន្តរជាតិ មានចំនួនជាង ១ ម៉ឺននាក់ (១៨ ០៥៣នាក់) កើនឡើង ១២,៣៣% ធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ទន្ទឹមនេះ លោក ហម អរុណ ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតាមបន្ទាត់ព្រំដែន យើងឃើញថា បញ្ហាប្រឈមដែលប្រឈមខ្លាំងនៅខាងភូមិភាគ២ របស់ប្រទេសថៃ ដោយសារតែខេត្តបាត់ដំបង ពោធិ៍សាត់ កោះកុង ស្ថិតនៅព្រំប្រទល់ភូមិភាគ៣ ដូច្នេះបញ្ហាប្រឈមខ្លាំងមិនប៉ះពាល់ដល់ខេត្តបាត់ដំបងនោះទេ។
លើសពីនេះទៀត អ្វីដែលសំខាន់នៅឆ្នាំនេះ ទុរេនប្រមូលបានល្អ ច្រើនលើសពីឆ្នាំមុន ដូច្នេះយើងថា នៅពេលចុងសប្តាហ៍ឃើញថា មានភ្ញៀវទេសចរជាច្រើននៅតែទៅលេងចម្ការទុរេនជាប្រក្រតី ឬអាចនិយាយបានថា មានការកើនឡើងជាមុន ព្រោះនៅមួយរយៈចុងក្រោយនេះមានការរៀបចំសិក្ខាសាលានៅបាត់ដំបងច្រើនជាងឆ្នាំមុន និងមានខ្សែទស្សនកិច្ចរបស់និស្សិតចូលមកខេត្តបាត់ដំបងមានច្រើនផងដែរ។

ហេតុដូចនេះ អាចនិយាយថា បើទោះបីជាមានបញ្ហាព្រំដែនរវាង កម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្រាប់ខេត្តបាត់ដំបងមិនមានការប្រឈមខ្លាំង ដូចខេត្តជាប់និងភូមិភាគ២ នៃប្រទេសថៃទេ។ មួយវិញទៀត ព្រំដែនរបស់ខេត្តបាត់ដំបង ទៅកាន់ព្រំដែនមានរយៈចម្ងាយឆ្ងាយ ដូច្នេះវាមិនមានជាបញ្ហាប្រឈមនោះទេ ហើយសូម្បីតែភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងផ្ទាល់ ក៏មិនព្រួយបារម្ភរឿងបញ្ហាសង្រ្គាមដូចគ្នាដែរ នៅតែបន្តមកទស្សនកិច្ចនៅក្នុងខេត្តបាត់ដំបងដដែល ថ្វីត្បិតតែមិនមានភាពអ៊ូអរដូចរដូវកាលគ្មានភ្លៀងក្តី ប៉ុន្តែនៅតែមានភាពអ៊ូអរនៅក្នុងក្រុងបាត់ដំបង។

លោកថា ប្រសិនយើងធ្វើការប្រៀបធៀបទៅនិងឆ្នាំមុន ឆ្នាំ២០២៥នេះ នៅតែជាឆ្នាំដែលមានសញ្ញាវិជ្ជមានសម្រាប់កំណើនភ្ញៀវទេសចរ ហើយក៏មានអាជីវកម្មថ្មីៗមួយចំនួនដែលបានបើកដំណើរការនៅក្នុងខេត្តដើម្បីស្វាគមន៍កំណើនទេសចរផងដែរ។
សូមជម្រាបថា នៅក្នុងខេត្តបាត់ដំបងគិតមកដល់ពេលបច្ចុប្បន្ននេះ មានសណ្ឋាគារសរុបចំនួន ៤៩កន្លែង, ផ្ទះសំណាក់សរុបចំនួន ១១២ ទីតាំង ភោជនីយដ្ឋានសរុបចំនួន ២០៩ កន្លែង នៅទូទាំងខេត្ត ព្រមទាំងមានអាជីវកម្មខ្នាតតូចជាច្រើនកន្លែងទៀតផងដែរ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


