Connect with us

ព័ត៌មានជាតិ

កសិករនៅក្នុងស្រុកមោងឫស្សីអះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​​ស្រូវ​រំពឹង​បានផល​​ច្រើន

បានផុស

នៅ

ប្រជាកសិករ​ក្នុង​ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានក្តីរំពឹងខ្ពស់ឆ្នាំនេះផលដំណាំស្រូវអាចហុចផលបានច្រើនជាងឆ្នាំកន្លងទៅ ហើយ​បើសិនស្រូវស្រង៉ែមានតម្លៃសមរម្យនឹង​ចំណេញបាន​ច្រើនគួរសម។

ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មីកាលពីចុងសប្តាហ៍ លោក ផន ហាក់ រស់នៅក្នុងភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី បាន​ឲ្យ​ដឹងថា ឆ្នាំនេះស្រូវស្រង៉ែរបស់លោកក៏ដូចជាអ្នកភូមិជាមួយគ្នា​បាន​ទិន្នផលជាងឆ្នាំកន្លងទៅ ដោយលោកអះអាងថា ស្រូវរបស់លោកឆ្នាំនេះអាចហុចផលបានចន្លោះពី ៥ ទៅ ៦ តោនក្នុងមួយហិកតា ខណះឆ្នាំមុនបានត្រឹម ៤ ទៅ ៥ តោនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា កត្តាដែលធ្វើឱ្យស្រូវស្រង៉ែកើនទិន្នផលឆ្នាំនេះ គឺមកពីអាកាសធាតុផ្តល់ទឹកគ្រប់សមល្មម ពេលដែលចាប់ផ្តើមព្រួសគ្រាប់ស្រូវ។ ក្រៅពីនេះលោកក៏បានប្រើប្រាស់ជី និងថ្នាំការពារសមត្វល្អិតបំផ្លាញដើមស្រូវផង តែសំខាន់ស្រូវលោកមិនមានដើមស្កកនោះទេ គឺដើមស្រូវបានលូតលាស់ស្រុះគ្នាតែម្តង។

សម្រាប់លោក ហាក់ បើសិនជាតម្លៃស្រូវស្រង៉ែឆ្នាំនេះ បានត្រឹមចន្លោះពី ៩០០ ជាងទៅ​ជាង ១០០០ រៀល លោកអាចមានផលចំណេញច្រើនជាងឆ្នាំកន្លងទៅ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបានប្រសើរជាងឆ្នាំមុនៗ។

លោកបន្តថា “គ្រួសារខ្ញុំនិងអ្នកភូមិនេះ មានតែដំណាំស្រូវហ្នឹងហើយដែលជាទីពឹង លើការរស់នៅប្រចាំថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះក៏មានដំណាំនិងបន្លែខ្លះៗដែរ បានដាំនៅលើដីលំនៅដ្ឋាន គ្រាន់បានបន្ទាប់បន្សំការចាយវាយនិងកូនរៀនប្រចាំថ្ងៃ ហើយក៏វាមិនប្រឈមការខ្វះខាតពេកដែរ”។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ស្រូវស្រាលក្នុងខេត្តបាត់ដំបង បើគិតត្រឹមពាក់កណ្តាលខែកក្តដា នេះ សរុបមានប្រមាណ ២០ មុឺន ៨ ពាន់ ៨៩០ ហិកតា ក្នុងនោះស្រូវស្រង៉ែច្រើនជាងគេ មានរហូតដល់ ១៣ មុឺន ៨ ពាន់ហិកតាជាង។ ចំណែកស្រូវក្រអូបមានត្រឹមតែ ២ មុឺន ២ ពាន់ហិកតាជាង និងស្រូវប្រភេទ OM មាន ៤ មុឺនហិកតាជាង។

លោកថា សម្រាប់តម្លៃស្រូវស្រង៉ែឆ្នាំនេះ អាចស្ថិត​ក្នុងរង្វង់ ៩៨០ រៀល ដល់ ១០២០ រៀលក្នុង ១ គីឡូក្រាម ទៅតាមបរិមាណគុណភាពគ្រាប់ស្រូវ។ តែស្រូវក្រអូបអាចមានតម្លៃខ្ពស់ គឺចន្លោះពី ១២០០ ដល់ ១៣០០ រៀលក្នុងមួយគីឡូក្រាម ហើយប្រភេទ OM54-51 មានតម្លៃក្នុងរង្វង់ ៨០០ ដល់ ៩០០រៀលក្នុងមួយគីឡូក្រាម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម