Connect with us

ព័ត៌មានជាតិ

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

បានផុស

នៅ

ពានរង្វាន់ត្នោតមាស ឬ Thnot d’Or លើកទី ៦ឆ្នាំ២០២៥ សម្រាប់​ការ​ប្រកួត​ប្រជែង​សិក្សា​ស្រាវជ្រាវ​ឈាន​មុខ​គេផ្នែកច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលិតផលកែច្នៃពីស្វាយ និងការជ្រៀតចូលទីផ្សារត្រូវបានរកឃើញហើយដោយចំណាត់ថ្នាក់លេខ១និងចំណាត់ថ្នាក់លេខ២បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ពានរង្វាន់​ត្នោតមាស ឬ Thnot d’Or លើកទី៦ បាន​ប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុន-សហគ្រាស ខនហ្វីរេល និងប៉េប៉េអឹមបានថ្លែងក្នុងឱកាសប្រគល់ពានរង្វាន់ត្នោតមាស ឬ Thnot d’Or លើកទី ៦នាឱកាសនោះថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៨ «ពានរង្វាន់ត្នោតមាស» ឬ Thnot d’Or បានដើរតួនាទីយ៉ាងសំខាន់នៅប្រទេសកម្ពុជាក្នុងការជំរុញលើកទឹកចិត្តដល់ផ្នែកសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតនៅក្នុងចំណោមនិស្សិតកសិកម្ម និងកែច្នៃអាហារ។ គំនិតផ្តួចផ្តើមនេះ ដឹកនាំដោយ មូលនិធិគីណាល់ ដែលជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់សហគ្រាស PPM-Confirel Group គាំទ្រយ៉ាង​ខ្ជាប់ខ្ជួន​ដល់​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ក្នុង​ការ​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ ដែល​រួម​ចំណែកដល់ការអភិវឌ្ឍន៍ជនបទ និងការរីកចម្រើនផ្នែកកសិកម្មនៅកម្ពុជា។

លោកឧកញ៉ា បានបន្ត​ថា ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺ​ជា​ធាតុផ្សំ​គន្លឹះដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជាហើយការច្នៃប្រឌិត រួម​ផ្សំ​ជា​មួយ​នឹង​ចំណេះ​ដឹង​បែប​ប្រពៃណី​របស់​កសិករខ្មែរ គឺ​ពិត​ជា​មានសារៈសំខាន់ខ្លាំងណាស់ ក្នុង​ការ​នាំមកនូវតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុករបស់យើង ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍ជនបទ។

លោកឧកញ៉ា បានបន្តទៀត​ថា «មហិច្ឆតា​របស់​យើងគឺធ្វើយ៉ាងណាឱ្យ«ពានរង្វាន់គីណាល់ និងត្នោតមាស» ក្លាយជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​ការ​ប្រមូលផ្តុំ និង​ការ​ទទួល​ស្គាល់​សម្រាប់​និស្សិត និង​អ្នក​ស្រាវជ្រាវ​វ័យក្មេង ក្នុង​ការ​បម្រើ​ដល់​សុខភាព​ប្រជាជន ការ​លើកកម្ពស់​បេតិកភណ្ឌ​រុក្ខជាតិ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា»។

លោក អ៊ុច បូររិទ្ធ អនុ​ប្រធានទី១ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បាន​ចូល​រួម​អបអរសាទរ​ចំពោះ​ក្រុម​និស្សិត​ដែល​ទទួល​បាន​ជ័យលាភី និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ដែល​មិន​ទទួល​បាន​ជោគជ័យ​បន្ត​ខិតខំ​ប្រឹងប្រែង​នៅ​ឆ្នាំ​ក្រោយៗទៀត។

លោក​អនុ​ប្រធាន​ទី១​ព្រឹទ្ធសភា​បាន​ចាត់​ទុក​ការ​បង្កើត​ពានរង្វាន់​ត្នោត​មាស​របស់​មូលនិធិ​គី​ណាល់​នេះ​ពិត​ជា​បាន​ចូលរួម​ចំណែកយ៉ាងសំខាន់ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​តាម​រយៈ​ការ​ប្រកួតប្រជែងភាព​ច្នៃប្រឌិត​ផលិតផល​កសិកម្ម​កម្ពុជា​ឱ្យ​កាន់​តែ​សម្បូរ​បែប​សម្រាប់​បម្រើ​នៅ​ទីផ្សារ​ក្នុង​ស្រុក​ក៏​ដូច​ជា​ក្រៅស្រុក។

លោក អនុប្រធានទី១​ព្រឹទ្ធសភា​បាន​បន្ត​ថា ការ​បង្កើត​ពានរង្វាន់នេះ ជាកម្មវិធីមួយដ៏ល្អក្នុងការផ្តល់ឱកាស​ឱ្យក្មួយៗ​ខិតខំប្រឹងប្រែង​ដុះខាត​បញ្ញា​របស់​ខ្លួន​ដើម្បី​អនាគត​ខ្លួន គ្រួសារក៏ដូចជាប្រទេសជាតិផងដែរ។

គួរ​បញ្ជាក់​ថា កម្មវិធីពានរង្វាន់​ត្នោត​មាស​មាន​ការ​ទទួល​ស្គាល់ និង​ល្បី​ល្បាញ​គួរ​ឱ្យ​កត់​សម្គាល់​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​របស់​និស្សិត។ កាល​ពី​ឆ្នាំ ២០១៨ ដែល​ជា​ឆ្នាំ​ដំបូង​មាន​និស្សិតចំនួន ១៩ ក្រុម បាន​ចុះ​ឈ្មោះចូលរួមប្រកួត។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កម្មវិធី​ប្រកួត​នេះ​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ដោយឆ្នាំ២០២៥នេះ មាន​និស្សិត​ចំនួន៦០ក្រុម​បាន​ចុះឈ្មោះ​ចូលរួមប្រកួតប្រជែង អត្ថបទ​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ​នេះ​ផ្តោតសំខាន់លើប្រធានបទស្តីអំពី៖ «ការកែច្នៃផលិតផស្វាយ ព្រម​ទាំងសិក្សាលក្ខណៈបច្ចេកទេស​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​ប្រកប​ដោយនវានុវត្តន៍ សម្រាប់ទីផ្សារ» ដែល​ឆ្លុះ​បញ្ចាំង​ពីសក្តានុពលដ៏សំខាន់​របស់ប្រទេសកម្ពុជាក្នុងការ​ផលិត និង​នាំ​ចេញ​ស្វាយ។

ក្នុង​នោះ​ជម្រុះ​នៅ​សល់​១០​សម្រាប់​វគ្គផ្តាច់ព្រ័ត្រ​ហើយ​ចម្រាញ់​យក​៣ក្រុម​ដោយ​ចំណាត់​ថ្នាក់លេខ១ និង​ចំណាត់ថ្នាក់លេខ២ បាន​ទៅ​លើ​ក្រុម​និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​និង​ចំណាត់​ថ្នាក់​លេខ៣​ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម