ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើកុមារតូច ជាការធានា និងទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការវិនិយោគលើកុមារតូច គឺជាការធានា និងការទទួលខុសត្រូវ និងជាប្រយោជន៍ផ្ទាល់ចំពោះអនាគតកុមារដែលជាកូនចៅរបស់ប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” កាលពីថ្ងៃទី ២២ មករា លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការវិនិយោគលើកុមារតូច តាមរយៈការយកកូនមកចុះឈ្មោះចូលទារកដ្ឋាន ដែលមានអ្នកជំនាញទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវ សម្រាប់មើលថែទាំកុមារនៅតាមទារកដ្ឋានដែលមានស្តង់ដារគុណភាព ដូចជា មានការផ្តល់អាហារប្រកបដោយអនាម័យ និងល្អចំពោះសុខភាព មានកន្លែងគេង មានសម្ភារៈសម្រាប់កុមារលេង ទីធ្លាលេងក្នុង និងក្រៅបន្ទប់ ស្របតាមលក្ខណៈបច្ចេកទេស ដែលបង្កលក្ខណៈឱ្យមាតាបិតា អ្នកអាណាព្យាបាល មានឱកាសប្រកបមុខរបរ និងការងារប្រចាំថ្ងៃ ដោយមិនមានការបារម្ភពីកូនតូច។

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាបង្កើតទារកដ្ឋាន សហគមន៍រោងចក្រសហគ្រាស សម្រាប់កូនកម្មករ-កម្មការិនីអាយុចាប់ពី ៣ ខែ ដល់ក្រោម ៣ ឆ្នាំ ដោយទទួលបានសេវាថែទាំ គាំពារ និងអភិវឌ្ឍន៍ប្រកបដោយជំនាញវិជ្ជាជីវៈ ក្នុងគោលដៅសម្រាលបន្ទុកគ្រួសារ បន្តលើកកម្ពស់សុខុមាលភាពទាំងឪពុកម្ដាយ និងកុមារតូច ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់នូវការអប់រំពហុវិស័យ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាស្ថាប័នដឹកនាំ បានកំណត់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងការអប់រំកុមារតូច ដោយផ្តោតជាសំខាន់លើការបង្កើតកម្មវិធីទារកដ្ឋានសហគមន៍រោងចក្រសហគ្រាសជាអាទិភាពចំពោះមុខ ក្នុងចំណោមការងារអាទិភាពដទៃទៀត។ ជាលទ្ធផល ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) ក្រោមការគាំទ្រថវិកាពីធនាគារពិភពលោក បានរួមគ្នារៀបចំបង្កើតទារកដ្ឋានផ្តល់សេវាថែទាំ គាំពារ និងអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈបានចំនួន ១៣ កន្លែង នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកប្រចាំកម្ពុជា ដែលបានគាំទ្រថវិកាដល់សកម្មភាពនានាពាក់ព័ន្ធការរៀបចំសេចក្តីព្រាងអនុក្រឹត្យដ៏មានសារៈសំខាន់នេះ និងបានផ្ដល់នូវអនុសាសន៍ឱ្យយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗចំនួន ៥ រួមមាន ៖ ១) ផ្តល់នូវសុខភាពល្អ ២) ផ្តល់អាហារូបត្ថម្ភ ៣) ផ្តល់ឱកាសសម្រាប់ការរៀនសូត្រតាំងពីវ័យដំបូង ៤) ផ្តល់ការថែទាំប្រកបដោយការឆ្លើយតប ៥) ផ្តល់សន្តិសុខ និងសុវត្ថិភាព ព្រមទាំងសូមស្នើឱ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការផ្ដល់សេវាឱ្យបានល្អ និងមាននិរន្តរភាព ស្របតាមចក្ខុវិស័យលើកកម្ពស់សុខុមាលប្រជាជន និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងការប្រែក្លាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ផ្ទាល់ដល់កុមារតូចដែលជាកូនចៅបងប្អូនប្រជាជនកម្ពុជា។

សេចក្ដីព្រាងអនុក្រឹត្យស្ដីពី”ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” ដែលត្រូវលើកយកមកពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួង ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍នាពេលនេះ មាន ៦ ជំពូក និង ២៧ មាត្រា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


