ព័ត៌មានជាតិ
ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ
លោក វ៉ាង តុងចូវ ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ប្ដេជ្ញាប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងគំរូមួយ។ លោក វ៉ាង តុងចូវ ប្ដេជ្ញាបែបនេះ នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលសម្ដេចអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែមេសា នេះ។

ការចូលជួបនាពេលនេះ ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន CCCC ចុះកិច្ចព្រមព្រៀងទាំង៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃព្រឹកថ្ងៃទី១៧ ខែមេសា មុនការមកដល់កម្ពុជារបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កិច្ចព្រមព្រៀងទាំង៥នោះ រួមមានកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន, កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, កិច្ចព្រមព្រៀងវិនិយោគ កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់, និងកិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

លោកប្រធានបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។

លោក វ៉ាង តុងចូវ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗសម្រាប់ការអនុវត្តគម្រោងនេះ ស្របពេលនៃដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា ព្រមទាំងបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នាពេលនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ថែមទៀត។
លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញលេីគម្រោងនេះ។ លោកប្រធាន ក៏បានគូសបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោង និងបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល និងសារៈសំខាននៃព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងបើកសក្ដានុពលក្នុងការតភ្ជាប់ផ្លូវទឹក ពីទន្លេទៅកាន់សមុទ្រ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ថែមទៀត។

សម្ដេចបវរធិបតី បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗសម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្រនៅខេត្តកែបដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាម។ ព្រែកជីកនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនជាពិសេស វិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ រដ្ឋាភិបាលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាមួយនឹងគម្រោងចំណាយទឹកប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក និងត្រូវការប្រើពេលវេលា៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់៕
ដោយ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ