Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សិស្សានុសិស្សមានអាយុ ១៥ឆ្នាំ ដែលកំពុងសិក្សានៅមធ្យមសិក្សាបឋមភូមិ ដោយសារកត្តាមួយចំនួនដូចជា សិស្សចូលរៀនយឺត និងការរៀនត្រួតថា្នក់ ជាដើម។ល។

លោកបានលើកឡើងបែបនេះ អំឡុងពេលដឹកនាំកិច្ចប្រជុំអនឡាញស្តីពី ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងអប់រំបានត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025) តាមរយៈរៀបចំផែនការសកម្មភាពបំប៉នសិស្សនៅតាមសាលារៀនដែលបានជ្រើសរើសជាសាលារៀនសំណាក និងការចូលរួមពីប្រធានមន្ទីរ ការិយាល័យជំនាញ សាលារៀនសំណាក និង រៀបចំយន្តការពិនិត្យតាមដាន ដើម្បីធានាសិស្សទទួលបានការបំប៉នស្តីពីការអនុវត្តគំរូសំណួរតេស្ត PISA។

លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖«កម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ធ្វើការវាស់វែងលើសមត្ថភាពរបស់សិស្សអាយុ ១៥ឆ្នាំ លើមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ដែលនៅកម្ពុជាសិស្សអាយុ ១៥ឆ្នាំកំពុងសិក្សានៅមធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី ៧ ដល់ទី ១០ ដោយសារកត្តាមួយចំនួនដូចជា សិស្សចូលរៀនយឺត និងការរៀនត្រួតថា្នក់ ជាដើម។ល»។


តេស្តរង្វាយតម្លៃអន្តរជាតិ វាស់វែងលើសមត្ថភាព ៦កម្រិត ដែលផ្តោតលើសមត្ថភាពយល់ដឹងការស្វែងរកព័ត៌មាន ការចេះគិតពិចារណា និងអាចធ្វើទំនាក់ទំនងរវាងព័ត៌មានក្នុងការសិក្សាជាមួយនឹងចំណេះដឹងប្រចាំថ្ងៃ។ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអនុវត្តកម្មវិធី PISA ចំនួន ៣លើក៖ លើកទី១ គឺកម្រិតសាកល្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០១៧ (PISA-D), លើកទី២ PISA ២០២២ និងលើកទី៣ នៅឆ្នាំ ២០២៥ ដែលការចុះប្រមូលទិន្នន័យផ្លូវការសម្រាប់កម្មវិធី PISA ២០២៥ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តី បានគូសរំលេចពីសារៈសំខាន់នៃលទ្ធផលរបស់កម្មវិធីតេស្តរង្វាយតម្លៃកម្រិតអន្តរជាតិ PISA គឺជាលទ្ធផលកម្រិតខ្ពស់មួយរបស់ប្រព័ន្ធអប់រំ និងជាមុខមាត់របស់កម្ពុជា ក៏ដូចជាការវាស់វែងសមិទ្ធផលលើវិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ។

ក្នុងន័យនេះ លោកស្នើឱ្យក្រុមការងារបន្តប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីអនុវត្តផែនការសកម្មភាពនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយត្រូវជំរុញការរៀនបំប៉ន និងរៀនពេញមួយថ្ងៃនៅតាមសាលារៀនគោលដៅ ត្រូវហ្វឹកហាត់អនុវត្តទាំងតេស្តគំរូ និងតាមមេរៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម