ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ កម្ពុជា មានសាលាឯកជននៅគ្រប់កម្រិតជិត ៦ ពាន់សាលា នៅទូទាំងប្រទេស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានសាលាឯកជននៅគ្រប់កម្រិតប្រមាណ ៥ ៧៤៧ សាលា នៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ២០២៥-២០២៧ និងប្រគល់បណ្ណសរសើរនាយក/នាយិកាថ្លើម និងគ្រូឆ្នើម នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមសាលាគ្រប់កម្រិតជិត ៦ ០០០ សាលា ក្នុងនោះ សាលាមត្តេយ្យមាន ៤ ៣០០ ចំណោមសាលា ៩ ០០០ សាលា ក្នុងនោះ មតេយ្យសហគមន៍ជាង ៣ ០០០។ សាលាបឋមសិក្សាមាន ៨៩០ សាលា ក្នុងចំណោម ៧ ៤០០ សាលា មានសិស្ស ២ លាន ២ សែននាក់។ សាលាមធ្យមសិក្សាមាន ៤៤២ សាលា ក្នុងចំណោមជាង ១ ៨០០ សាលា និងគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ១១៥ ក្នុងចំណោម ១៩៤ កន្លែង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ជារួមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩.៥៩១ ដោយមានសិស្សនិស្សិតសរុប ៤.១៧១.៩៦២ នាក់។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់អប់រំកុមារចាប់ពីតូចឡើងទៅ ដើម្បីឱ្យកុមារក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «បច្ចុប្បន្នការអប់រំកុមារតូចបើទោះបីជាក្នុងយុគសម័យបច្ចេកវិទ្យា ក៏មានតួនាទីដ៏សំខាន់កុមារតូចជាមូលដ្ឋានគ្រឹះ ហើយតួនាទីការអប់រំកុមារតូចពិសេសការថែរក្សាចាប់តាំងពីអាយុសូន្យឆ្នាំ ពិសេសតាំងពីក្នុងផ្ទៃ ហើយ ១ ពាន់ថ្ងៃដំបូង មានតួនាទីសំខាន់ដើម្បីឱ្យខួរក្បាលរបស់កុមារមានការលូតលាស់បានល្អ ផ្តល់អាហារូបត្ថម្ភធានាបាននូវការអនាម័យដែលនាំនូវសុខភាពរាងកាយ និងនាំមកនូវការបណ្តុះពុទ្ធិ ទាំងពុទ្ធិខាងផ្នែកបញ្ញា ទាំងពុទ្ធិមិនមែនផ្នែកបញ្ញា ការរីកលូតលាស់រាងកាយ ចលនាតូចធំ អារម្មណ៍ និងទំនាក់ទំនងសង្គម ដែលទាំងអស់នេះគឺនាំមកខួរក្បាលលូតលាស់បានល្អ។ អីចឹងតួនាទីរបស់កុមារតូចគឺរៀនតាមបែបលេងហេតុនេះហើយធ្វើឱ្យកុមារមានរំញោចធ្វើឱ្យប្រព័ន្ធកោសិកាសរសៃប្រសាទផ្សារភ្ជាប់គ្នាលូតលាស់»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្មេងដែលមានការថែទាំល្អក៏មានការលូតលាស់ល្អ ដូច្នេះគុណភាពធនធានមនុស្សត្រូវតែបំប៉នចាប់ពីកុមារតូចនៅបឋមសិក្សាគឺធ្វើយ៉ាងណាឱ្យកុមារចេះអាន ចេះសរសេរ ចេះគិតលេខ ហើយឱ្យកុមារមានកាយសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
លើសពីនេះទៀត ត្រូវឱ្យកុមាររៀនភាសាខ្មែរឱ្យច្បាស់ជាមុនសិន មុននឹងរៀនភាសាផ្សេងទៀតដូចជាភាសាអង់គ្លេស ឬភាសាចិន ដោយសារភាសាអង់គ្លេសងាយរៀនជាងភាសាខ្មែរ។ ដូចនេះហើយបានជា សម្តេចមហាបវរធិបតី តម្រូវឱ្យសាលាអន្តរជាតិបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សា ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ព្រោះថាការលើកកម្ពស់ការអប់រំ ដើម្បីឱ្យប្រទេសជាតិមានការឯកភាពគ្នាមានអត្តសញ្ញាណជាតិឱ្យប្រជាជនមានសាមគ្គីគ្នា ធានាបាននូវសុខសន្តិភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស