កីឡា
រឿងនៅពីក្រោយធ្វើឲ្យម្ចាស់មេដាយមាស វ៉ិត ចន្ថា ក្លាយជាកីឡាការិនីពិការដ៏ឆ្នើម
វ៉ិត ចន្ថា បានក្លាយជាកីឡាការិនីរត់ប្រណាំងពិការដ៏ឆ្នើមសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីរកបានមេដាយចំនួន៥គ្រឿងពីកីឡាអាស៊ានប៉ារ៉ាហ្គេម និងកំពុងត្រៀមខ្លួនប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។

ដើមឡើយ វ៉ិត ចន្ថា ជាអ្នកធ្វើការតាមផ្ទះឲ្យគេនៅខេត្តកំពង់ស្ពឺដើម្បីរកចំណូលជួយដល់ម្តាយមេម៉ាយ និងត្រូវទទួលបន្ទុកជួយមើលថែប្អូនៗដែលមានគ្នា៥នាក់តាំងពីអាយុ១៣រហូតដល់២០ឆ្នាំ។ ក្រោយមក កីឡាការិនីពិការរូបនេះទៅធ្វើការនៅរោងចក្រកាត់ដេរ និងរៀនជំនាញកាត់ដេរដើម្បីបើករបបកាត់ដេរនៅផ្ទះផ្ទាល់ខ្លួន។
ពេលមួយក្នុងឆ្នាំ២០១៤ លោក វណ្ណា គ្រូបង្ហាត់កីឡាបាល់ទះជនពិការបានទៅដេរខោអាវនៅកន្លែង វ៉ិត ចន្ថា ហើយក៏បានណែនាំឲ្យបានចូលហ្វឹកហាត់កីឡារត់ប្រណាំង។ កីឡាការិនីរូបនេះបានរៀបរាប់ថា ៖«ពេលគ្រួសារជួបការខ្វះខាតខ្លាំង ខ្ញុំបានទៅធ្វើការផ្ទះឲ្យគេ ចេញផ្ទះមួយទៅផ្ទះមួយ ឲ្យតែគេជួលទៅហើយ។ ប្អូនរបស់ខ្ញុំទៅស៊ីឈ្នួលមើលគោឲ្យគេមួយឆ្នាំបានស្រូវ១៥ថាំង សំខាន់ឲ្យតែបានរស់។ ខ្ញុំបានពិការជើងអាយុ១២ឆ្នាំ អាយុប្រហែល១៤ឆ្នាំខ្ញុំបានដើរធ្វើការផ្ទះឲ្យគេរហូតដល់ខ្ញុំអាយុជាង២០ឆ្នាំ។ ការធ្វើការពីផ្ទះមួយទៅផ្ទះមួយជាច្រើនឆ្នាំនោះបានធ្វើឲ្យខ្ញុំរឹងមាំ ហើយការហ្វឹកហាត់កីឡាលំបាកមិនស្មើនឹងការលំបាកដែលខ្ញុំឆ្លងកាត់ការងារធ្វើការដើម្បីចិញ្ចឹមជីវិតទេ»។

ពេលសួរថា តើមានកត្តាអ្វីដែលជំរុញឲ្យ វ៉ិត ចន្ថា ក្លាយជាកីឡាការិនីរត់ប្រណាំងដ៏ឆ្នើមម្នាក់នៅក្នុងប្រទេសកម្ពុជា? ម្ចាស់មេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿងបានរៀបរាប់ថា ៖«កត្តាខ្លាំងបំផុតគឺខ្ញុំខំប្រឹងខ្លួនឯង និងមានការលើកទឹកចិត្តពីអ្នកជុំវិញខ្លួន។ ខ្ញុំធ្លាប់ឮពាក្យសំដីខ្លះនិយាយថា ជនពិការធ្វើអ្វីមិនកើត។ ខ្ញុំឮបែបនោះ ខ្ញុំអន់ចិត្តដែរ តែគ្មានអ្វីតបតទៅគេទេ។ ពេលឃើញកីឡាជនពិការរីកចម្រើន ខ្ញុំតែងតែចាំទុកក្នុងចិត្តថា ថ្ងៃណាមួយខ្ញុំគង់ធ្វើបាន»។
«អីចឹងខ្ញុំខំប្រឹង ខំហើយខំទៀត។ ខ្ញុំខំប្រឹងហាត់រត់ អត់សម្រាកទេ។ ជូនកាលដួលវេទនាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែប្រឹងក្រោកឈរ រត់បន្តទៀត។ ក្បាលជង្គង់ខ្ញុំបែកឈាម ហើម ស្នាមសុះទាំងសងខាង។ ពីដំបូងគ្រូអត់សូវឲ្យប្រឹងហាត់ខ្លាំងទេ ខ្លាចទ្រាំមិនបាន។ អីចឹងពេលដល់ផ្ទះ ខ្ញុំហាត់ម្នាក់ឯងដូចជាលោតអន្ទាក់។ លោតអន្ទាក់ថ្ងៃនេះបាន១០០ ស្អែកលោត១១០ ថ្ងៃបន្ទាប់លោតកើនឡើងរហូត។ ខ្ញុំខំបង្វឹកខ្លួនឯង លោកគ្រូបង្ហាត់១០ ខ្ញុំហាត់២០ លើសពីការកំណត់របស់គ្រូថែមទៀត»។

ការប្រឹងប្រឹងមិនគិតពីការនឿយហត់អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត វ៉ិត ចន្ថា បានចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី។ នៅពេលនោះកីឡាការិនីរូបនេះមិនទទួលបានមេដាយទេ ប៉ុន្តែបានដឹងពីភាពខ្លាំងរបស់ដៃគូដើម្បីបង្កើនសមត្ថភាពទៀត។
ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី២គឺនៅឆ្នាំ២០១៧ វ៉ិត ចន្ថា ធ្វើបានល្អដោយទទួលបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ហើយអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនីមកពីខេត្តកំពង់ស្ពឺធ្វើបានយ៉ាងល្អឥតខ្ចោះដោយទទួលបានមេដាយមាស២គ្រឿង និងប្រាក់១គ្រឿង។
ឥឡូវនេះ វ៉ិត ចន្ថា អាយុ៤០ឆ្នាំ កំពុងត្រៀម៣វិញ្ញាសាសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា។ កីឡាការិនីរូបនេះបានដាក់គោលដៅជាអាទិភាពគឺវិញ្ញាសាលោតចម្ងាយដែលនាងត្រូវការពារមេដាយមាស និងបន្ទាប់មកវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


