ព័ត៌មានជាតិ
ក្រសួងអប់រំដាក់ចេញវិធានការ២បង្រៀនឲ្យគ្រូចេះសង្កេតមើលបញ្ហាផ្លូវចិត្តរបស់ក្មេងនាសម័យឌីជីថល
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កុមារភាគច្រើននៅកម្ពុជាមានបញ្ហាផ្លូវចិត្ត និងមិនចេះនិយាយច្រើនបន្ទាប់ពីពួកគេប្រើប្រាស់ប្រព័ន្ធឌីជីថលច្រើន។ ជាការឆ្លើយតបក្រសួងអប់រំក៏បានដាក់ចេញនូវសេចក្តីណែនាំ និងសៀវភៅអប់រំផ្លូវចិត្តចំពោះកុមារ ដល់គ្រូបង្រៀនដើម្បីឱ្យពូកគាត់ចេះសង្កេត និងជួយអប់រំកុមារពីបញ្ហាផ្លូវចិត្ត។ នេះបើតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងបរិបទកូវីដ-១៩ បានធ្វើឱ្យសាលារៀនទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការសិក្សាផ្ទាល់រយៈពេលជិត២ឆ្នាំ ដោយតម្រូវឱ្យសិស្សានុសិស្ស សិក្សាតាមប្រព័ន្ធអនឡាញ។ ជាហេតុនាំឱ្យពួកគេមានឱកាសប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចច្រើន ដូចជាទូរសព្ទដៃទំនើប ឬ អាយផេបជាដើម ធ្វើឱ្យពួកគេចាកឆ្ងាយពីសង្គមមនុស្ស ផ្តាច់ការទាក់ទងនាំឱ្យក្មេងមួយចំនួនទៀតមានបញ្ហាផ្លូវចិត្ត មិនចេះនិយាយផងដែរ។

ដោយមើលឃើញថា បច្ចុប្បន្ននេះ មិនមែនមានតែយុវជនទេដែលមានបញ្ហាផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្ត សូម្បីតែកុមារក៏កើតនូវជំងឺមួយនេះដែរ។ ដូច្នេះហើយ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិត្យសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានចេញនូវចំណាត់ការពីរ ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ។
ចំណាត់ការទី១ គឺដាក់ចេញនូវសេចក្តីណែនាំ និងសៀវភៅបណ្តុះបណ្តាលសុខភាពផ្លូវចិត្តដល់កុមារ ដើម្បីបង្រៀនឱ្យគ្រូបង្រៀនចេះកត់សម្គាល់ពីបញ្ហាផ្លូវចិត្តរបស់ពួកគេ។ ចំណាត់ការទី២ គឺដាក់ចេញនូវសុខភាពបន្តពូជរបស់យុវវ័យក្នុងកម្មវិធីសិក្សា ដើម្បីឱ្យពួកគាត់បានដឹងពីការលូតលាស់របស់កុមារ និងរបៀបនៃការគាំទ្រដល់ពួកគេ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានសង្កត់ធ្ងន់ថា កំណែទម្រង់នេះ គឺផ្តោតសំខាន់លើចំណេះដឹងរបស់គ្រូ ចំពោះការយល់ដឹងពីការវិវត្តរបស់កុមារ និងយុវវ័យ ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សគ្រប់រូប ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗដល់អ្នកសិក្សា។
បន្ថែមពីនោះ សាលារៀនគឺជាកន្លែងមួយសម្រាបជួយអ្នកសិក្សាគ្រប់រូប ស្ទើរតែគ្រប់វិស័យ ជាពិសេស គ្រូបង្រៀនត្រូវពង្រឹងផ្នែកប្រឹក្សាយោបល់ឱ្យបានខ្លាំងក្លា សម្រាប់ជួយដោះស្រាយបញ្ហាដល់ពួកគេ ព្រោះសុខភាពផ្លូវចិត្តគឺជារឿងមួយដែលសំខាន់មិនគួរមើលរំលង។ ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើតជាវេទិកាអប់រំផ្លូវចិត្តតាមរយៈប្រព័ន្ធផ្សេងៗ គឺជារឿងមួយដែលមានសារៈសំខាន់ណាស់សម្រាប់ពួកគេ។
គួររំលឹកថា សព្វថ្ងៃនេះជំងឺផ្លូវចិត្ត ការបាក់ទឹកចិត្ត គឺជាជំងឺមួយប្រភេទដែលកាចសាហាវខ្លាំង កំពុងវាយលុកខ្លាំងដល់សង្គមខ្មែរ មិនថាជាកុមារ ឬយុវជនឡើយ។ ដូច្នេះម្តាយឪពុក និងអាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ តាមសង្កេត និងកំណត់ពីការប្រើប្រាស់ប្រព័ន្ធឌីជីថលចំពោះកូនឱ្យបានត្រឹមត្រូវ ជៀសវាងពួកគេមានបញ្ហាអ្វីមួយជាយកថាហេតុ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


