ព័ត៌មានជាតិ
ប្រឡងឌីប្លូម ២ ថ្ងៃ នៅមណ្ឌលភ្នំពេញ មានបេក្ខជនអវត្តមាន ២៣៦ នាក់ ភាគច្រើនជាបុរស
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមរយៈពេល ២ ថ្ងៃនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានចំនួន ២៣៦ នាក់ ភាគច្រើនជាបុរស។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី ១៥ កក្កដា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមរយៈពេល ២ ថ្ងៃនេះ មានបេក្ខជនមកប្រឡងចំនួន ១៧ ៤២៩ នាក់ ស្រី ៨ ៨៥២ នាក់ ក្នុងចំណោមបេក្ខជនសរុប ១៧ ៦៦៥ នាក់ ចែកជា ៦៥ មណ្ឌល ត្រូវជា ៧៤៣ បន្ទប់ ក្នុងនោះ បេក្ខជនអវត្តមានចំនួន ២៣៦ នាក់ ស្រី ៨៣ នាក់ ស្មើនឹងបុរសមាន ១.៣៣% និងស្រី ០.៩២%។

លោកបានបន្តថា បេក្ខជនអវត្តមាន ២៣៦ នាក់ ក្នុងនោះ ប្រឡងថ្ងៃទី ១ អវត្តមានចំនួន ២២៤ នាក់ ពេលព្រឹកអវត្តមាន ២២២ នាក់ និងពេលរសៀលអវត្តមាន ២ នាក់ និងប្រឡងថ្ងៃទី ២ នេះ បេក្ខជនអវត្តមានមានចំនួន ១២ នាក់ ពេលព្រឹកអវត្តមាន ៨ នាក់ និងពេលរសៀលអវត្តមាន ៤ នាក់។

លោកបានបន្តទៀតថា សម្រាប់ដំណើរការប្រឡងឌីប្លូមរយៈពេល ២ ថ្ងៃនេះ បានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ មានបេក្ខជនប្រឡងឌីប្លូមចំនួន ១៧៧ ៣៨២ នាក់ ក្នុងនោះ ស្រី ៩៥ ៥០៩ នាក់ ចែកជា ១៨៤៥ មណ្ឌល ទាំងរដ្ឋ និងឯកជន បើធៀបទៅនឹងឆ្នាំមុន មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុន មានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌល ទាំងរដ្ឋ និងឯកជន។

លោកស្រីបានបន្តទៀតថា ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ និង ១៥ កក្កដា ឆ្នាំ ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី ២១ កក្កដា ខាងមុខ។ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០ មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន តែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

រីឯរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន ៤៤៥ ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ ១០០ ពិន្ទុ សរុបពិន្ទុទាំងអស់ ៥៤៥ ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់គឺ ៥៤៥ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៦០ ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុជាប់ ៤៤៥ ដក ២៥ ចែកនឹង ២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី ២៦០ ដល់ ៣៣៧ ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី ៣៣៨ ដល់ ៤១៥ ពិន្ទុ និងនិទ្ទេសល្អចាប់ ៤១៦ ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនពិន្ទុចាប់ពី ២១០ ដល់ ២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី ២៧៣ ដល់ ៣៣៥ ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទុចាប់ពី ៣៣៦ ឡើងទៅ ទទួលបាននិទ្ទេសល្អ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


