ព័ត៌មានជាតិ
អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី
អ្នកតាមដានសង្គម ២រូប បានប្រាប់មក កម្ពុជាថ្មី ដូចគ្នាថា អំឡុងពេលមានវិវាទព្រំដែន កម្ពុជា-ថៃ ប្រជាជនកម្ពុជា គួរតែទៅលេងនៅប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ឱ្យបានច្រើនតាមសមត្ថភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីបង្ហាញពីការស្រឡាញ់សម្បត្តិវប្បធម៌ខ្មែរ ការស្រឡាញ់ជាតិ និងការលើកទឹកចិត្តកងទ័ពខ្មែរនៅតំបន់ព្រំដែន។

លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានប្រាប់ កម្ពុជាថ្មី ថា ក្នុងពេលដែលកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា កងទ័ពកម្ពុជាបានឈរជើងនៅទីនោះដើម្បីការពារទឹកដីពីជនឈ្លានពានដែលជាកិច្ចការការពារជាតិ ហើយកិច្ចការការពារជាតិគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់តាមរយៈរូបភាពផ្សេងៗគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិតថា ការទៅលេងនៅតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងទ័ព គឺជារឿងមួយចាំបាច់ និងសំខាន់ណាស់ គឺជាចលនាមហាជនមួយដែលត្របាញ់ចូលគ្នារវាងកងទ័ព និងមហាជន ដើម្បីការពារមាតុភូមិកម្ពុជា។

ក្នុងស្ថានភាពជម្លោះរវាងប្រទេសទាំង២ លោកបណ្ឌិត ដៀប សុផល ឃើញថា មានការប្រឈមមុខដាក់គ្នាចច្រើន ដូចជាការប្រឈមមុខការផ្ទុះប្រដាប់អាវុធ សង្គ្រាមពាក្យសម្តីតាមបណ្តាញសង្គម និងវប្បធម៌ ដែលបានរាលដាលច្របល់ចូលគ្នា។ លោកក៏មើលឃើញថា ឥរិយាបថរបស់ប្រជាជនថៃមួយចំនួន បានបញ្ចេញអាកប្បកិរិយាមិនគប្បី បំផ្លើស និងបំភ្លៃការពិត ហេតុនេះ លោកបណ្ឌិត បានប្រាប់ទៅពលរដ្ឋត្រូវទប់ទល់នឹងស្ថានភាពនេះឱ្យបានល្អ ដោយត្រូវយល់ឱ្យច្បាស់ថា ទាំងអស់នេះ គឺជាសង្គ្រាមចិត្តសាស្ត្រ កុំជឿ កុំទទួលយកតាមការបំផ្លើសរបស់សត្រូវ ពោល គឺត្រូវស្វែងរកការពិតរបស់ខ្លួន។ ប្រជាពលគ្រប់រូប ត្រូវមានជំហរដាច់ខាតរបស់ខ្លួន គឺរួមគ្នាការពារទឹកដី កុំចាញ់បោកឧបាយកល និងបម្រើឱ្យឧបាយរបស់សត្រូវដាច់ខាត និងដើរតាមមាគ៌ាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកជំនាញរូបនេះ សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបថា៖ “យើងត្រូវទៅលេង យើងទៅសួរសុខទុក្ខបងប្អូនយុទ្ធជនរបស់យើងដែលនៅហាលភ្លៀងហាលខ្យល់ ប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ហើយនៅឆ្ងាយពីគ្រួសារ យើងទៅលេង យើងទាំងអស់គ្នាជាគ្រួសាររបស់គាត់”។ លោកសង្កត់ធ្ងន់ ថា ពលរដ្ឋគួរទៅឱ្យបានច្រើនគ្នា និងធ្វើអ្វីដែលអាចធ្វើបានដើម្បីជួយដល់កងទ័ពជួរមុខ បង្ហាញថា ខ្មែរតែមួយ រួមសុខរួមទុក្ខជាមួយគ្នា។
ចំណែក លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់មក កម្ពុជាថ្មី មិនខុសពីបណ្ឌិត ដៀប សុផល ឡើយ។ លោកស្រីបណ្ឌិត យល់ឃើញថា ពលរដ្ឋកម្ពុជា គួរតែទៅលេងនៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ឱ្យបានច្រើន តាមសមត្ថភាពរៀងខ្លួន និងសុវត្ថិភាពជាក់ស្តែងនៅតាមព្រំដែន។ ការទៅលេងនៅតំបន់ព្រំដែននេះគឺជាការប្រសើរណាស់ បង្ហាញពីការស្រឡាញ់ ការការពារ អភិរក្សសម្បត្តិវប្បធម៌ដែលបន្សល់ពីដូនតាខ្មែរ ហើយក៏អាចជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋតាមតំបន់ព្រំដែនបន្ថែមទៀតដែរ។ បន្ថែមពីនេះ ក៏ចូលរួមចំណែកការពារព្រំដែនពីជនឈ្លានពានចង់យកទឹកដីខ្មែរ ដោយលោកស្រីបញ្ជាក់ថា នៅពេលពលរដ្ឋខ្មែរទៅលេងច្រើន ក៏ធ្វើឱ្យអ្នកចង់ឈ្លានពានមានការខ្លាចរអាដូចគ្នា។

លោកស្រីថា ក្នុងស្ថានភាពជម្លោះ កម្ពុជា-ថៃ ជាង១ខែមកនេះ ប្រជាជនកម្ពុជា គួរបង្ហាញប្រកាន់អាកប្បកិរិយាចាស់ទុំ អត់ធ្មត់ កុំឆ្លើយតបទាំងអារម្មណ៍ខុសឆ្គង និងប្រុងប្រយ័ត្នខ្ពស់ កុំធ្វើដូចប្រជាជនថៃមួយចំនួន។ លោកស្រី និយាយថា៖ “ដូច្នេះ គឺយើងកុំបង្កជម្លោះ ហើយការកុំបង្កជម្លោះហ្នឹងមិនមែនឱ្យអត់ធ្មត់រហូតដល់ថ្នាក់គេជាន់ជើង គេវាយអីហើយយើងមិនតបតទេ ពេលហ្នឹងគឺយើងតបត។ តែបើក្នុងតែករណីប្រើបណ្តាញសង្គម ប្រើអារម្មណ៍ទេ យើងកុំយកអារម្មណ៍ដ៏ល្អផូរផង់របស់យើង ទៅច្រឡោតខឹងជាមួយអ្នកដែលមិនដឹងអី”។ លោកស្រី ក៏បញ្ជាក់ទៀតថា កម្ពុជាគួររក្សាជំហររឹងមាំតែមិនទន់ជ្រាយ ប្រាកដប្រជា រក្សាភាពម៉ឺងម៉ាត់ សមរម្យដោយគុណតម្លៃនៃជីវិតរស់នៅក្នុងសង្គម និងឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ នោះអន្តរជាតិ នឹងគាំទ្រកម្ពុជា។
លោកស្រី បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ប្រសិនជានៅតំបន់ព្រំដែនមានសុខសុវត្ថិភាពល្អ ពលរដ្ឋខ្មែរគួរទៅលេងនៅទីនោះឱ្យបានច្រើន ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ជាតិ ព្រមទាំងគោរព ផ្តល់តម្លៃដល់មរតកវប្បធម៌ដូនតាខ្មែរដូចគ្នា។ បន្ថែមពីនេះ ការទៅទស្សនានៅតំបន់ប្រាសាទតាមព្រំដែន ក្រៅពីការស្រឡាញ់ជាតិ ក៏បង្ហាញពីការកសាងសន្តិភាពរវាងអ្នកជិតខាង និងអ្នកជិតខាងផងដែរ។ ការធ្វើខ្លួនជាអ្នកជិតខាងល្អ លោកស្រី ជា វណ្ណី ថា ក៏អាចក្លាយជាគំរូល្អ សម្រាប់អ្នកជិតខាង សម្រាប់អ្នកនៅក្នុងតំបន់ និងក្រៅតំបន់ដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


