ជីវិតកម្សាន្ដ
តារាជើងចាស់រស់នៅអាមេរិក មិនភ្លេចក្ដីស្រមៃ ខំសន្សំសំចៃរហូតអាចសង់ផ្ទះបុរាណថ្មីនៅសៀមរាប
តារាសម្តែងស្រីជើងចាស់ល្បីល្បាញតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ៨០-៩០ ដែលត្រូវបានទស្សនិកជនគាំទ្រ និងចាត់ទុកជាតារាទឹកភ្នែកដើរតួកម្សត់ លោកស្រី នារី រ័ត្នគន្ធា កំពុងសំងំសង់ផ្ទះបុរាណដ៏ធំនៅខេត្តសៀមរាប ក្រោយពីលោកស្រីបានចាកឆ្ងាយពីវិស័យសិល្បៈ កំឡុងឆ្នាំ២០០១ ហើយចេញទៅរស់នៅសហរដ្ឋអាមេរិក និងរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាទាហានធ្វើការលើកប៉ាល់។

កំពុងមានវត្តមាននៅកម្ពុជា ដើម្បីត្រៀមថតភាពយន្តភាគថ្មី លោកស្រី នារីរ័ត្ន គន្ធា ស្រដីដោយទន់ភ្លន់ និងរួសរាយរាក់ទាក់បានឱ្យ “កម្ពុជាថ្មី” ដឹងថា ជារៀងរាល់ឆ្នាំ លោកស្រីតែងមកកម្ពុជា ជួនកាលមកម្ដង ឬពីរដង ដើម្បីមើលការសាងសង់ផ្ទះបុរាណ នៅស្រុកកំណើត នាខេត្តសៀមរាប។

លោកស្រី នារីរ័ត្ន គន្ធា បានបញ្ជាក់ថា៖ “ជាផ្ទះបុរាណក្នុងក្ដីសុបិន ដែលខ្ញុំតែងប្រាថ្នាចង់បានតាំងពីក្មេងវ័យមក ហើយខ្ញុំក៏ខំធ្វើតាមក្ដីស្រមៃរបស់ខ្ញុំ។ ក្នុងរយៈពេល ៣ ៤ឆ្នាំនេះ ខ្ញុំជាប់រវល់រៀបចំធ្វើផ្ទះបុរាណ តែឥឡូវនេះ ហើយមួយចំហៀងហើយ ខ្ញុំបន្តធ្វើមួយចំហៀងទៀត ប្រហែលនឹងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។

លោកស្រីបានឱ្យដឹងថា លោកស្រីស្រឡាញ់ផ្ទះបុរាណជាយូរមកហើយ គ្រាន់តែមិនទាន់មានលលទ្ធភាព ក៏ចេះតែរក្សាក្ដីស្រមៃនេះទុកក្នុងបេះដូង និងខំសន្សំសំចៃបន្តិចម្ដងៗ រហូតមានលទ្ធភាពទើបបានសាងសង់ផ្ទះបុរាណឱ្យក្ដីសុបិនក្លាយជាការពិត។

លោកស្រី នារីរ័ត្ន គន្ធា បញ្ជាក់ថា៖ “ចំពោះតម្លៃសាងសង់ ខ្ញុំសូមមិនបង្ហាញ ដើម្បីកុំឱ្យមានការគិតថា អួត ព្រោះឈើបច្ចុប្បន្នមានតម្លៃថ្លៃ ហើយពិបាករក។ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ ខ្ញុំបានសន្សំមួយថ្ងៃបន្តិចៗដូចកណ្ដៀរពូនដី មិនឱ្យបាត់បង់ក្ដីសុបិនខ្ញុំទេ។ ថ្ងៃនេះខ្ញុំគ្មានលទ្ធភាព ថ្ងៃស្អែកបើខ្ញុំមាន ខ្ញុំនឹងធ្វើម្ដងបន្តិចៗរហូត ធ្វើតាមលទ្ធភាព”។

លោកស្រី នារីរ័ត្ន គន្ធា បានឱ្យដឹងបន្ថែមថា ផ្ទះបុរាណកំពុងសាងសង់នេះមានទំហំផ្ទះតភ្ជាប់គ្នា ២៥ ម៉ែត្រ គុណ ១៦ ម៉ែត្រ មានស្ពានឆ្លង ដោយសង់លើដីទំហំដីជាង ៣ ០០០ ម៉ែត្រការ៉េ។ លោកស្រីបញ្ជាក់ថា ដីនេះមិនមែនជាដីកេរឪពុកម្ដាយចែកឱ្យទេ គឺជាដីដែលលោកស្រីបានទិញជាង ២០ឆ្នាំហើយ ដោយទិញបន្តិចម្ដងៗរហូតដល់ជាង ៣ ០០០ ម៉ែត្រការ៉េនេះ។ នៅពេលលោកស្រីមិនមានវត្តមាននៅកម្ពុជា លោកស្រីបានពឹងពាក់ប្អូន ម្ដាយ និងឪពុកមារ មកជួយមើលការខុសត្រូវជាមួយជាង ហើយលោកស្រីបានឧបត្ថម្ភដល់ក្មួយ ២ គ្រួសារ ឱ្យមើលថែទាំផ្ទះ ដោយសង់ផ្ទះឱ្យពួកគាត់រស់នៅក្បែរផ្ទះនោះដើម្បីមានពេលបោសសំអាត ជម្រះស្មៅ មើលថែដំណាំផ្សេងៗ។

លោកស្រី នារីរ័ត្ន គន្ធា លើកឡើងថា ប្រសិនបើផ្ទះបុរាណនេះទាក់ភ្នែកផលិតកម្មដទៃថាសមនឹងសាច់រឿងរបស់គាត់ ហើយចង់ជួលថតភាពយន្ត គឺលោកស្រីពេញចិត្តជួលសម្រាប់ថតភាពយន្តដោយរីករាយ។ លោកស្រី បញ្ជាក់បន្ថែមថា៖ “ហើយចំពោះភ្ញៀវទាំងក្នុង និងក្រៅស្រុកដែលមានដំណើរកម្សាន្តនៅខេត្តសៀមរាប ក្រែងលោហាងអូតែលគេពេញ ហើយបើពួកគាត់មិនប្រកាន់ថា ផ្ទះខ្ញុំនៅជាយក្រុងជនបទអីទេ ឬពួកគាត់ស្រឡាញ់ផ្ទះបែបបុរាណ ស្ងប់ស្ងាត់ សម្រស់ធម្មជាតិ ពួកគាត់អាចមកជួលស្នាក់នៅ១យប់ ២យប់ តដល់សប្ដាហ៍ ឬ១ខែ ២ខែ តាមតម្រូវការ ក៏ខ្ញុំជួលជូនដែរ អាចទាក់ទងតាមឆាត Facebook បាន”។

លោស្រីសូមគោរពអរគុណមហាជនទាំងក្នុង និងក្រៅប្រទេសដែលនៅតែអាណិតស្រឡាញ់ គាំទ្រលោកស្រី ទោះមានវ័យចំណាស់ទៅហើយ និងសូមបន្តគាំទ្រទៀត ដោយលោកស្រីនឹងមានវត្តមានក្នុងភាពយន្តភាគខ្នាតធំរឿង អប្សរាមហាអង្គរ ដឹកនាំសម្ដែងដោយ លោក ហ្វៃ សំអាង។

គួរបញ្ជាក់ថា លោកស្រី នារីរ័ត្ន គន្ធា ចាប់ផ្ដើមចូលវិស័យភាពយន្តក្នុងឆ្នាំ១៩៨៤ អ្នកនាងធ្លាប់បានសាងស្នាដៃក្នុងរឿងជាច្រើនដូចជា “កំលោះឆ្នាំ ៩១” “បុប្ផាភ្នំពេញ” រឿង “ផ្លូវបែកជាបី” “មរណមាតា” ជាដើម។ បន្ទាប់ពីសម្ដែងជាតួ នាងទាវ ក្នុងកម្រងវីដេអូចម្រៀង ខារ៉ាអូខេ រឿង ទុំទាវ កំឡុងឆ្នាំ ២០០០ មក តារាសម្ដែងតួស្លូតបូតទន់ភ្លន់ និងទឹកភ្នែករូបនេះ បានបាត់ស្រមោលពីវិស័យសិល្បៈ។ បច្ចុប្បន្ន លោកស្រី និងស្វាមី រួមទាំងកូនពីរនាក់ រស់នៅក្នុងរដ្ឋអាយលែន និងមានមុខរបរបើកហាងឈ្មោះ “នារី រ័ត្នគន្ធា New Collection” លក់សំលៀកបំពាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍បែបបុរាណខ្មែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ