Connect with us

ព័ត៌មានជាតិ

អាជីវករ​លក់ដូរ​តាមផ្សារក្នុងក្រុងបាត់ដំបង​ នៅ​តែ​និយម​ប្រើ​ថង់ប្លាស្ទិក ​វេចខ្ចប់អាហារ​ដល់​អតិថិជន

បានផុស

នៅ

នៅតាម​ទីផ្សារនានានៅក្នុងក្រុងបាត់ដំបងក៏ដូចជាតាមបណ្តាស្រុក អាជីវករ​ភាគច្រើន​នៅ​តែ​បន្ត​ប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់​​វេចខ្ចប់ ម្ហូបអាហារ នំចំណី ត្រីសាច់ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​​រស់នៅ​ក្រុង​បាត់ដំបង អ្នកស្រី ធារី បានលើកឡើងថា «បើនិយាយពីថង់ប្លាស្ទិកគ្រាន់តែគ្រួសារខ្ញុំវិញ ចង់ ២ ការ៉ុង។ ពេលខ្ញុំចូលផ្សារម្តងៗអាជីវករច្រកត្រីសាច់ម្តងថង់ ២ ចុះនៅបន្លែ និងគ្រឿងផ្សេងៗទៀតជិត ១០ ថង់ប្លាស្ទិកបាត់ទៅហើយ»។

ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ចាន់ នី ដែល​រស់នៅសង្កាត់រតន:​ ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា «គ្រួសារខ្ញុំកូនច្រើន មិនទាន់គិតអំពីថង់វេចខ្ចប់ទិញម្ហូប​ពីផ្សារផង។ គ្រាន់តែកូនៗទិញនំចំណីមួយថ្ងៃៗខ្ញុំដើរប្រមូលចង់ហត់ ហើយបើគិតទាំងថង់ប្លាស្ទិក​ដែលខ្ញុំខ្ចប់​ទិញម្ហូប​មកពីផ្សារទៀត មួយខែអាច ២ ការ៉ុង។ តែខ្ញុំបានប្រមូលដុតក្នុងរណ្តៅ ដែលបានជីកទុកសម្រាប់ប្រមូលថង់ទុក​ដុត​ម្តងៗ តែវាក៏​បង្កក្លិនស្ងៀមដល់អ្នកជិតខាង»។

ទាក់ទងគ្រប់គ្រង​ការ​ប្រើប្រាស់​ថង់ប្លាស្ទិក ពលរដ្ឋ​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា បើសិនជាចង់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក មន្ត្រីជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធគួរតែចុះណែនាំទៅ​អាជីវករលក់ដូរតាមទីផ្សារ មិនមែនគ្រាន់តែចុះតាមបណ្តា​ស្រុកហើយធ្វើការណែនាំដល់​សិស្សសាលាប៉ុណ្ណោះទេ នាំតែខាតពេលនិងថវិកាធ្វើដំណើរដោយគ្មានប្រសិទ្ធិភាព​។

ពលរដ្ឋ​ថា ការប្រើប្រាស់ថង់ប្លាស្ទិកពិតប្រាកដមិនមែនកូនសិស្ស ឬពលរដ្ឋនៅតាមមូលដ្ឋានទេ គឺជាអាជីវករលក់​ដូរ​តាម​ទីផ្សារ​ឯនោះទេ ដែលជាអ្នកប្រើប្រាស់ពិតប្រាកដ គួរមន្ត្រីជំនាញអនុវត្តឲ្យបានចំចំណុចនិងគោលដៅច្បាស់លាស់។

មន្ត្រីបរិស្ថានធ្លាប់បានឲ្យដឹងថា ខាងមន្ត្រីជំនាញតែងតែង​ចុះណែនាំតាមសាលារៀននានានៅតាមបណ្តាស្រុក អំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយដាក់ក្រោមប្រធានបទ “យើងទាំងអស់គ្នាចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក”។ តែការឆ្លើយតបពីប្រជាពលរដ្ឋថា រហូតមកដល់ពលនេះ អត់មានប្រសិទ្ធិភាព ចំនួនការប្រើប្រាស់ហាក់គ្មានការថយចុះ បើសិនជាមន្ត្រីជំនាញមិនកំណត់យកអាជីវករលក់ដូរតាមទីផ្សារជាគោលដៅចម្បង។

កម្ពុជាថ្មីមិនទាន់បានការឆ្លើយតបពីលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត ខណះលោកបានចូលមើលសំណួរ កម្ពុជាថ្មី តែមិនមានការឆ្លើយតបនៅឡើយ។

បើយោងតាមកំណត់ត្រាស្តីពីកម្រិតនៃការបំបែកធាតុអំពីផលិតផលប្លាស្ទិក​គឺ​ ថង់ប្លាស្ទិកមានកម្រិតរយះពេលពី ១០ ដល់ ២០ ឆ្នាំ ,កន្ទុយបារី ១០ ដល់ ១២ ឆ្នាំ ,កែវកាហ្វេខ្ចប់យកតាមខ្លួន ៣០ ឆ្នាំ ,កែវស្នេា ៥០ ឆ្នាំ ,បំពង់បឺតប្លាស្ទិក ២០០ ឆ្នាំ ប្រដាប់ដាក់ភេសជ្ជៈធ្វើពីប្លាស្ទិក ៤០០ ឆ្នាំ ,ដបប្លាស្ទិក ៤៥០ ឆ្នាំ ,កែវប្លាស្ទិក ៤៥០ ឆ្នាំ, កន្ទបកូនក្មេងដែលប្រើប្រាស់ហើយចោល ៥០០ ឆ្នាំ ,ច្រាសដុសធ្មេញជ័រប្លាស្ទិក ៥០០ ឆ្នាំ ,ខ្សែសន្ទូច​ជ័រប្លាស្ទិក ៦០០ ឆ្នាំ និងសំឡីអនាម័យ ៥០០-៨០០ ឆ្នាំ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម