ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានពីផលប៉ះពាល់ធ្ងន់នៃពន្ធ ៣៦% របស់ ត្រាំ ខណៈជំរុញពន្លឿនការចរចា
អ្នកជំនាញក្នុងប្រទេសថៃ កំពុងសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរនៃពន្ធខ្ពស់ ៣៦ ភាគរយ លើទំនិញថៃ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខណៈជំរុញឱ្យរដ្ឋាភិបាលពន្លឿនការចរចាដើម្បីបន្ធូរបន្ថយវា។

បញ្ហាដែលត្រូវបានលើកឡើងរួមមានផលប៉ះពាល់លើការប្រកួតប្រជែងសម្រាប់ការនាំចេញ និងការធ្លាក់ចុះនៃទំនុកចិត្តវិនិយោគិន ជាពិសេសវិនិយោគិនពីបរទេស ស្របពេលដែលសេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ ប្រឈមនឹងបញ្ហាផ្សេងៗរួចហើយរួមទាំងវិបត្តិនយោបាយ វិបត្តិទេសចរណ៍ និងបំណុលគ្រួសារ ដែលធ្វើឱ្យកំណើនដើរយឺតយ៉ាវ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira ដែលដឹកនាំក្រុមចរចាថៃ បាននិយាយថា លោកភ្ញាក់ផ្អើលនឹងការសម្រេចចិត្តរបស់អាមេរិក ប៉ុន្តែលោកមានទំនុកចិត្តថា ថៃនៅតែអាចចរចាកាត់បន្ថយពន្ធខ្ពស់នេះ មុនពេលវាចូលជាធរមាននៅថ្ងៃទី១ ខែសីហា។
ក្រោយអាមេរិកប្រកាសកិច្ចព្រមព្រៀងពន្ធ ២០ ភាគរយ លើវៀតណាម លោក Pichai និងមន្រ្តីថៃផ្សេងទៀត បានអះអាងថា ថៃអាចនឹងជាប់ពន្ធតិចជាងវៀតណាម យ៉ាងណាមិញបានសុំឱ្យអាមេរិកពន្យារពេលបន្ថែមដើម្បីចរចា។ ខណៈជួបការលំបាក ហើយថ្ងៃកំណត់ចាស់ (៩ កក្កដា) ខិតជិតមកដល់ ថៃបានបញ្ជូនសំណើថ្មីទៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដោយបន្ថែមការបើកទីផ្សារសម្រាប់ទំនិញកសិកម្ម និងឧស្សាហកម្មអាមេរិក រួមជាមួយការទិញថាមពលអាមេរិក ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាង ៤៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។

ខណៈវៀតណាមបើកទីផ្សារទាំងស្រុងឱ្យសហរដ្ឋអាមេរិកដោយមិនគិតពន្ធ លោក Pichai បានឱ្យដឹងថា ក្នុងសំណើថ្មី ប្រទេសថៃបានយល់ព្រមកាត់បន្ថយពន្ធនាំចូលសម្រាប់ជាង ៩០ ភាគរយ នៃទំនិញអាមេរិក ដោយមុខទំនិញមួយចំនួនត្រូវបានកាត់បន្ថយអត្រាពន្ធមកត្រឹមសូន្យភាគរយ។
យ៉ាងណាមិញ លោកបានពន្យល់យ៉ាងដូច្នេះថា៖ «មានទំនិញ(អាមេរិក)ប្រហែល ១០ ភាគរយ ដែលយើងមិនអាចកាត់បន្ថយពន្ធបាន ដោយសារយើងត្រូវការពារអាជីវកម្មក្នុងស្រុក និងធានាថាវិធានការពន្ធ មិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនិញពីប្រទេសដទៃ ដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយ ហើយក៏ជាទីផ្សារនាំចេញដ៏សំខាន់ផងដែរនោះ»។
បច្ចុប្បន្ន ថៃមានរយៈពេលប្រហែល ៣ សប្ដាហ៍ ដើម្បីចរចាទម្លាក់ពន្ធ ខណៈប្រទេសគូប្រជែងដទៃក្នុងតំបន់ រងនូវពន្ធតិចជាងថៃ ក្នុងនោះរួមមាន វៀតណាម (២០ ភាគរយ) ម៉ាឡេស៊ី (៣៥ ភាគរយ) និងឥណ្ឌូណេស៊ី (៣២ ភាគរយ)។
ដោយសារតែកម្រិតខ្ពស់ជាងគូប្រជែងនេះហើយ ទើបអ្នកជំនាញថៃព្រមានពីផលប៉ះពាល់លើការប្រកួតប្រជែងសម្រាប់ទំនិញនាំចេញថៃ និងការវិនិយោគនៅក្នុងស្រុកថៃ រួមទាំងលទ្ធភាពដែលថា វិនិយោគបរទេសជាពិសេសពីចិន និងជប៉ុន អាចផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួនចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងទៀត។

សេដ្ឋវិទូ និងជាអ្នកជំនាញខាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច លោក Kobsak Pootrakool បានលើកឡើងថា ប្រសិនបើវៀតណាមប្រឈមមុខនឹងពន្ធ ២០ ភាគរយ ហើយម៉ាឡេស៊ី ២៥ ភាគរយ នោះវាទាបជាងថៃចន្លោះពី ១០-១៦ ភាគរយ ដែលនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចេញថៃ ដោយសារដៃគូពាណិជ្ជកម្មអាចជ្រើសរើសទិញទំនិញពីប្រទេស ដែលត្រូវចំណាយទាបជាងសម្រាប់ពន្ធ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ចំពោះផលប៉ះពាល់លើការវិនិយោគ លោក Kobsak ដែលជំរុញឱ្យថៃបង្កើនការចរចា យល់ឃើញថា ថ្លៃពន្ធខ្ពស់នៅថៃនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្តវិនិយោគពីបរទេស ដោយសារអ្នកវិនិយោគអាចជ្រើសរើសបង្កើតរោងចក្រនៅក្នុងប្រទេសដែលមានអត្រាពន្ធទាប ដូចជាវៀតណាមជាដើម។
ជាមួយគ្នានោះ ប្រធានសមាគមអចលនទ្រព្យថៃ លោក Pornarit Chounchaisit បាននិយាយបន្ថែមថា ពន្ធ ៣៦ ភាគរយ បង្កការគំរាមកំហែងទាំងសម្រាប់សួនឧស្សាហកម្មថៃ ដែលមានការវិនិយោគបរទេសរួមចំណែកសំខាន់ ជាពិសេសច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ បញ្ហាពន្ធ ក៏បង្កការព្រួយបារម្ភអំពីអនាគតនៃការវិនិយោគបរទេសក្នុងប្រទេសថៃ ជាពិសេសពីចិន។ ក្រុមហ៊ុនចិនជាច្រើនបាននឹងកំពុងទិញដីក្នុងប្រទេសថៃ ជាពិសេសនៅតំបន់ឧស្សាហកម្មក្នុង EEC។ ប្រសិនបើតម្លៃផលិតកម្មខ្ពស់ នោះក្រុមហ៊ុនទាំងនោះអាចពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្មរបស់គេទៅកន្លែងផ្សេង។

ខណៈជំរុញការចរចា នាយកគ្រប់គ្រង និងជាប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Kiatnakin Phatra Financial Group លោក Pipat Luengnaruemitchai ឯណោះវិញ បាននិយាយថា ស្ថានភាពបច្ចុប្បន្ន ថៃពិបាកចរចាក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះជាមួយរដ្ឋបាល ត្រាំ ណាស់ ដែលទាមទារឱ្យថៃត្រូវពិចារណាពីយុទ្ធសាស្រ្ត «ផ្ដល់ឱ្យ និងយកមកវិញ» តាមរយៈការយល់ឱ្យច្បាស់ពីការទាមទាររបស់សហរដ្ឋអាមេរិក។
ចំណែកឯអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Korn Chatikavanij បានយល់ស្របការណ៍ដែលថា ថៃពិបាកប្រើយុទ្ធសាស្រ្តឈ្នះទាំងសងខាង ហើយថា ពន្ធ ៣៦ ភាគរយ គឺជា «លទ្ធផលនៃលទ្ធភាពដ៏អាក្រក់បំផុត»។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer លោកបានរិះគន់ក្រុមចរចាថៃ មិនមើលពីស្ថានការណ៍ឱ្យរហ័ស មិនដូចជាវៀតណាម ដែលប្រើសំណើយុទ្ធសាស្រ្តផ្សេងៗដើម្បីបានទម្លាក់ពន្ធមកត្រឹម ២០ ភាគរយ។ អតីតរដ្ឋមន្រ្តីដដែល បន្តយ៉ាងដូច្នេះថា៖ «សំណួរសួរថា ក្នុងការចរចា តើយើងបន្តព្យាយាមការពារអ្នកណា? តើការការពារនោះសាកសមនឹងការលំបាកសម្រាប់អ្នកនាំចេញ និងការបាត់បង់ប្រាក់ចំណូលសម្រាប់ប្រទេសដែរឬទេ?»៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ