ព័ត៌មានអន្ដរជាតិ
ថៃរំពឹងពន្ធអាមេរិក «មិនលើស២០%» ខណៈត្រៀមបើកទីផ្សារ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានរំពឹងថា សហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធខ្ពស់ពី ៣៦ ភាគរយ មកត្រឹមប្រហាក់ប្រហែលនឹងអត្រាពន្ធដែលប្រទេសក្នុងតំបន់ជាប់ ពោលគឺមិនលើសពី ២០ ភាគរយ ខណៈថៃត្រៀមរួចរាល់ក្នុងការបើកទីផ្សារទូលំទូលាយសម្រាប់ទំនិញអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod នារសៀលថ្ងៃសុក្រនេះ។

លោក ពិឆៃ បានបង្ហើបពីទំនុកចិត្តបែបសុទិដ្ឋិនិយមរបស់ខ្លួនជាថ្មីនៅថ្ងៃសុក្រនេះ ក្រោយមានការចរចាគ្នាចុងក្រោយតាមប្រព័ន្ធវិដេអូ រវាងក្រុមចរចាថៃដែលមានលោកជាអ្នកដឹកនាំ និងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។
លោក ពិឆៃ ថា ពន្ធមិនលើស ២០ ភាគរយ ដែលថៃរំពឹងទុក គឺជាអត្រាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ធៀបនឹងវៀតណាម (២០ ភាគរយ) និងឥណ្ឌូណេស៊ី (១៩ ភាគរយ) ខណៈថៃ ពន្ធសម្រាប់ទំនិញឆ្លងកាត់ តម្រូវឱ្យមានការពិភាក្សាបន្ថែមទៀត។
ទោះបីមានការរំពឹងបែបនេះក្ដី មកទល់ពេលនេះ គេមិនទាន់ឃើញមានការសម្រេចផ្លូវការណាមួយជាដុំកំភួនរវាងថៃ និងអាមេរិកនៅឡើយទេ។ បើតាមលោក ពិឆៃ ថៃបានដាក់សំណើពាណិជ្ជកម្មថ្មីទៅកាន់អាមេរិក ដើម្បីជាផ្នែកមួយនៃការចរចា ហើយសង្ឃឹមថា អត្រាពន្ធទាបជាងមុនថ្មីនឹងត្រូវប្រកាសឡើងមុនថ្ងៃ ១ សីហា ដែលពន្ធខ្ពស់រំពឹងចូលជាធរមាន។
រដ្ឋមន្រ្តីថៃដដែលអះអាងថា សហរដ្ឋអាមេរិកបានលើកឡើងពីភាព «ប្រសើរឡើងខ្លាំង» នៃសំណើពាណិជ្ជកម្មរបស់ថៃ ខណៈថា ថៃបានត្រៀមខ្លួនរួចរាល់ក្នុងការបើកទីផ្សារទូលំទូលាយឱ្យទំនិញអាមេរិក ដើម្បីជំរុញការនាំចេញ និងប្រកួតប្រជែង ក្នុងន័យថា យន្តការនេះគឺជាថ្នូរនឹងការទម្លាក់ពន្ធចុះរបស់អាមេរិក។

លោក ពិឆៃ បានបន្តប្រាប់អ្នកកាសែតនៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ «យើងមិនគ្រាន់តែបើកទីផ្សារ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម(សម្រាប់អាមេរិក)ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែហ្មត់ចត់ដើម្បីបង្កើតសេដ្ឋកិច្ចរឹងមាំ។ ប្រសិនបើយើងទិញកាន់តែច្រើន យើងក៏ត្រូវតែអាចលក់បានកាន់តែច្រើននៅទូទាំងពិភពលោក»។
ជុំវិញកង្វល់ទាក់ទងនឹងផលប៉ះពាល់នៃការបើកទីផ្សារសម្រាប់ទំនិញអាមេរិក លោក ពិឆៃ បានលើកឡើងថា ថៃមានសិទ្ធិជ្រើសរើសដើម្បីការពារផលិតផលដែលងាយរងគ្រោះផ្នែកសេដ្ឋកិច្ចមួយចំនួន ជាពិសេសទំនិញកសិកម្ម។ សម្រាប់ទំនិញរសើបៗ ដូចជាសាច់ជ្រូក ដែលបង្កក្ដីបារម្ភពីភាគីពាក់ព័ន្ធក្នុងស្រុកផ្សេងៗនោះ លោក ពិឆៃ បានបញ្ជាក់ជាថ្មីថា មិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានសម្រេចឡើងទេ ហើយការចរចាបន្ថែមជាមួយភាគីអាមេរិកកំពុងបន្ត។
ការផ្សាយពីសារព័ត៌មានផ្សេងៗក្នុងស្រុកថៃ បានឱ្យដឹងថា សំណើពាណិជ្ជកម្មថ្មីរបស់ថៃ រួមមានទាំងការលុបចោលនូវពន្ធលើ ៩០ ភាគរយ នៃទំនិញនាំចូលពីសហរដ្ឋអាមេរិក ធៀបនឹង ៦០ ភាគរយ នឹងសំណើចាស់។ យ៉ាងណាមិញ មិនមានការបញ្ជាក់ណាមួយលម្អិត ពីប្រភេទទំនិញទាំងនោះទេ ខណៈនាពេលកន្លងមក ថៃប្ដេជ្ញាបង្កើនការទិញថាមពល និងទំនិញកសិកម្មអាមេរិក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


