ព័ត៌មានអន្ដរជាតិ
អាមេរិកទាមទារឱ្យថៃបើកទីផ្សារសម្រាប់សាច់ជ្រូក គោ មាន់ ដោយមិនគិតពន្ធ
កាសែត The Nation បានចុះផ្សាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកបានទាមទារឱ្យថៃបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ខ្លួនដោយមិនគិតពន្ធ រួមទាំងសម្រាប់សាច់ជ្រូក គោ មាន់របស់អាមេរិក ដែលបង្កជាកង្វល់ខ្លាំងសម្រាប់អាជីវករក្នុងវិស័យរបស់ថៃ។

ការផ្សាយរបស់ The Nation ធ្វើឡើងដោយផ្អែកលើប្រភពក្នុងរដ្ឋាភិបាលផ្សេងៗគ្នា ប៉ុន្តែមិនបញ្ជាក់អត្តសញ្ញាណជាលម្អិតទេ ចំពេលដែលរដ្ឋាភិបាលថៃកំពុងប្រឹងប្រែងដាក់សំណើពាណិជ្ជកម្មទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសពន្ធខ្ពស់ ៣៦ ភាគរយ ដែលកំណត់ថានឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ខាងមុខ។ ប្រភពនិយាយថា អាមេរិកចង់ឱ្យថៃបើកចំហទីផ្សារសម្រាប់ផលិតផលកសិកម្មផ្សេងៗ ជាពិសេសសាច់ជ្រូក សាច់មាន់ និងសាច់គោ ដើម្បីជាមធ្យោបាយដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលថៃតែងតែចំណេញនាពេលកន្លងមក។
ជុំវិញបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានបង្ហើបថា ថៃគ្រោងនឹងបើកទីផ្សារទៅកាន់សហរដ្ឋអាមេរិក ដោយកាត់បន្ថយពន្ធលើ ៩០ ភាគរយ នៃមុខទំនិញនាំចូលពីអាមេរិក។
មែនទែន ការបើកទីផ្សារសម្រាប់ទំនិញអាមេរិកដោយមិនគិតពន្ធ គឺជាវិធីសាស្រ្តទាមទារមួយរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយប្រទេសផ្សេងៗ រួមទាំងវៀតណាម ដែលជាប់ពន្ធ ២០ ភាគរយ។ យ៉ាងណាមិញ យុទ្ធសាស្រ្តបែបនេះ កំពុងបង្កក្ដីបារម្ភខ្លាំងសម្រាប់ប្រជាកសិករ និងអាជីវករថៃ ដែលប្រកបរបរចិញ្ចឹមសត្វយកសាច់ មានជ្រូក គោ មាន់ជាដើម។
ដោយសារតែសាច់ជ្រូកអាមេរិកមានតម្លៃផលិតកម្មទាប ថៃបារម្ភថា ការអនុញ្ញាតឱ្យនាំចូលដោយមិនយកពន្ធ នឹងធ្វើឱ្យខូចដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ដោយបង្ខំឱ្យកសិករចិញ្ចឹមជ្រូកក្នុងស្រុកជាច្រើនឈប់ធ្វើអាជីវកម្ម។ គេប៉ាន់ស្មានថា ការខាតបង់តម្លៃទីផ្សារអាចឈានដល់ ១១២,៣៣ ប៊ីលានបាត បើសិនសាច់ជ្រូកអាមេរិកនាំចូលទីផ្សារថៃដោយសេរី។
ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកថៃ លោក Sittiphan Thanakiatpinyo បាននិយាយថា៖ «ការបើកទីផ្សារឱ្យសាច់ជ្រូនអាមេរិក មានន័យថា រដ្ឋាភិបាលថៃកំពុងរុញច្រានកសិករថៃចេញពីប្រព័ន្ធផ្គត់ផ្គង់។ ខណៈរដ្ឋាភិបាលអាចទទួលបានសិទ្ធិនាំចេញកាន់តែច្រើនសម្រាប់ផលិតផលឧស្សាហកម្ម វានឹងបំផ្លាញឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក ដែលផ្ដល់ប្រយោជន៍ដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនទូទាំងប្រទេស។ ប្រសិនបើសេដ្ឋកិច្ចអាមេរិកនៅរស់ ប៉ុន្តែជីវភាពរបស់ពលរដ្ឋថៃធម្មតាដួលរលំ តើអ្នកណានឹងទទួលខុសត្រូវ?»។

លោកថា វាមិនត្រឹមតែប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងប៉ះពាល់យ៉ាងខ្លាំងក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មទាំងមូលរបស់ថៃ។ នេះរាប់បញ្ចូលទាំងកសិករដាំពោត និងសណ្តែកសៀង អ្នកផលិតចំណីសត្វ រោងចក្រកែច្នៃ និងកម្មកររាប់លាននាក់ ដែលរួមចំណែកក្នុងឧស្សាហកម្មសាច់ជ្រូក ដោយពួកគេអាចបាត់បង់ការងារ។
លើសពីនេះ អ្នកជំនាញថៃក៏មើលឃើញពីផលប៉ះពាល់ដូចគ្នាសម្រាប់សាច់មាន់ថៃ ចំពេលដែលថៃខ្លួនឯងផ្ទាល់ គឺជាប្រទេសផលិត និងនាំចេញសាច់មាន់ដ៏សំខាន់រួចហើយ។ ចំពោះសាច់គោវិញ ប្រទេសថៃបច្ចុប្បន្ននាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអូស្ត្រាលី និងនូវែលសេឡង់។ ប្រសិនបើសាច់គោអាមេរិកបំពេញតាមស្តង់ដារ និងវិញ្ញាបនបត្រដែលត្រូវការ ថៃនឹងសុខចិត្តបើកទីផ្សារសម្រាប់ការនាំចូល ដរាបណាវាត្រូវនឹងក្របខ័ណ្ឌច្បាប់ចាំបាច់។ នេះបើតាមការចុះផ្សាយរបស់ The Nation ដដែល។
សមាជិកម្នាក់នៃសមាគមចិញ្ចឹមគោថៃ លោក Wiwat Pongwiwatchai បានថ្លែងថា វិស័យចិញ្ចឹមគោថៃមិនដែលបង្កបញ្ហាដល់ការនាំចេញសាច់គោទៅសហរដ្ឋអាមេរិកទេ។ យ៉ាងណាមិញ វិស័យនេះជំទាស់យ៉ាងដាច់អហង្ការចំពោះការបើកទីផ្សារនាំចូលសាច់គោពីសហរដ្ឋអាមេរិក ដោយសារតែការប្រើប្រាស់សារធាតុ Beta-agonists ឬអ័រម៉ូនលូតលាស់សាច់ក្រហម ដែលបំពានច្បាប់របស់ថៃ ដោយបង្កហានិភ័យដល់សុវត្ថិភាពចំណីអាហារ។
គួររំឭកថា កន្លងមកមានការតវ៉ាពីប្រជាពលរដ្ឋថៃរួចមកហើយ លើការនាំចូល ឬបើកទីផ្សារនាំចូលសាច់ជ្រូក និងសាច់គោ ពីសហរដ្ឋអាមេរិក ដោយសារតែក្ដីបារម្ភពីផលប៉ះពាល់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


