ព័ត៌មានជាតិ
ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក សាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅវេលាម៉ោង៧នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ និងឯកជននៅទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បានសម្តែងក្តីត្រេករ អរ និងមានមោទភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងខាងលេី។
លោក បន្តថា ជាមួយគ្នានេះ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ជាដេីម ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព រួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

តាមរយៈអនុសាសន៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងទទួលបាននូវការទទួលស្គាល់អំពីតម្លៃលេចធ្លោជាសកលរបស់ទីតាំងទាំងបី ពីសំណាក់អ្នកជំនាញការអន្តរជាតិ (ICOMOS) ដោយរួមទាំងការវាយតម្លៃនិងការផ្តល់យោបល់គាំទ្រដល់ការដាក់បញ្ចូលជាបេតិកភណ្ឌ ពិភពលោកនូវទីតាំងទាំងបីនេះផងដែរ។

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាកាលបរិច្ឆេទនៃការចងចាំ និងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ អ ពៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


