Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថា វិស័យទេសចរណ៍ថៃដើរដល់ «ផ្លូវបំបែក» ក្រោយទេសចរអន្តរជាតិធ្លាក់ចុះ

បានផុស

នៅ

ប្រធានអាជ្ញាធរឧស្សាហកម្ម​ថៃ (IEAT) និងជាអតីត​ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍​ថៃបាន​ដើរមកដល់ «ផ្លូវបំបែក» ក្រោយពេលអ្នកជំនាញជាច្រើន​ព្រមានពី «វិបត្តិទេសចរណ៍» ដោយសារតែការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​វិស័យទេសចរណ៍ថៃបានឆ្លងកាត់វិបត្តិជាច្រើននាពេលកន្លងមក ឥឡូវនេះវាត្រូវបានប្រឈមមុខ​នឹងការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់ ​ក៏ដូចជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរ។

លោក Supasorn បាន​ថ្លែង​ថា៖ «ទេសចរណ៍​ថៃ​បាន​ក្លាយ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​របស់​យើង ប៉ុន្តែ​ឥឡូវ​នេះ​វា​ស្ថិត​នៅ​ផ្លូវ​បំបែក។ ​បរិយាកាសកំពុងផ្លាស់ប្តូរ ហើយតួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភ»។

យោងតាមទិន្នន័យសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ ​ថៃបាន​ទទួល​ភ្ញៀវទេសចរបរទេសចំនួន ១៤,៣ លាន​នាក់ ដោយធ្លាក់ចុះ ២,៧ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ក្តីបារម្ភដ៏ធំបំផុតនោះ គឺការធ្លាក់ចុះយ៉ាងខ្លាំង​នៃ​ទេសចរពីទីផ្សារអាស៊ី ដែល​រួមចំណែកជិត ៦៣ ភាគរយ នៃភ្ញៀវអន្តរជាតិ។ ​

ចំនួនអ្នកទេសចរចិន ដែលជាប្រភពភ្ញៀវបរទេសដ៏ធំបំផុត​សម្រាប់ថៃ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៣២,៧ ភាគរយ ពី ២,៩១ លាន​នាក់ ក្នុងឆ្នាំ ២០២៤ មកត្រឹម ១,៩៥ លាននាក់​ នៅឆ្នាំនេះ។ ​វាជាលើកដំបូងហើយ​ក្នុងរយៈពេល ១២ ឆ្នាំ ដែលគេរំពឹងថា ចំនួនភ្ញៀវទេសចរចិន​ទៅលេងថៃនឹង​ធ្លាក់ចុះក្រោម ៥ លាននាក់ និងឆ្ងាយខ្លាំងពីកម្រិតខ្ពស់បំផុត ១១,១ លាននាក់ ក្នុងឆ្នាំ ២០១៩។​

ប្រធានអាជ្ញាធរឧស្សាហកម្ម​ថៃ (IEAT) និងជាអតីត​ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn

ការធ្លាក់ចុះនៃភ្ញៀវទេសចរចិន​ មួយភាគធំបណ្ដាលមកពីកង្វល់សុវត្ថិភាព​ផ្សេងៗ រួមទាំងការឆបោកប្រាស់ និងការជួញដូរមនុស្សជាដើម​។ ​យោងតាមការស្ទង់មតិរបស់ Dragon Trail International ចំនួនភ្ញៀវទេសចរចិនដែលបង្ហាញពីការព្រួយបារម្ភអំពីការធ្វើដំណើរទៅ​ថៃ បានកើនឡើងទ្វេដង។

ដើម្បីបញ្ច្រាសនិន្នាការនេះ លោក Supasorn បានអំពាវនាវឱ្យមានការ​កែប្រែដ៏សំខាន់​ក្នុងវិស័យទេសចរណ៍ថៃ ដោយ​ផ្តោតលើគុណភាព និរន្តរភាព និងការធ្វើពិពិធកម្មទេសចរណ៍។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើង​ត្រូវ​បង្កើត​យុគសម័យ​ថ្មី​នៃ​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​លើ​គោលដៅ​ គុណភាព​​ និង​អនាគត​កាន់តែល្អ​ប្រសើរ​»​។

យុទ្ធសាស្ត្រដែលបានស្នើឡើងរួមមានការពន្លឿនការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ខណៈ​កំណត់គោលដៅទាក់ទាញភ្ញៀវពីទីផ្សារថ្មីដូចជា​ឥណ្ឌា ដែល​រំពឹងថានឹងវ៉ាដាច់​រុស្ស៊ី ​ក្លាយជាប្រភព​ទេសចរធំជាងគេទី៣ ដោយសារការអនុវត្តគោលនយោបាយ​លើកលែងទិដ្ឋាការ។ ក្រៅពីនេះ លោក Supasorn ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទាញភ្ញៀវទេសចរដែលមានប្រាក់ចំណូលខ្ពស់ និងការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ដែលជាលំហូរប្រាក់ចំណូលមានស្ថេរភាព។

ជាមួយ​គ្នានោះ ​ថៃត្រូវតែកែលម្អការប្រកួតប្រជែងជាសាកលរបស់ខ្លួនដែលកំពុងតែធ្លាក់ចុះ ដូច​អ្វីដែលបាន​បង្ហាញក្នុងសន្ទស្សន៍អភិវឌ្ឍន៍ទេសចរណ៍ និងទេសចរណ៍ឆ្នាំ ២០២៤ ថា ​ថៃបានធ្លាក់ចុះចំណាត់ថ្នាក់​ចំនួន ១២ លេខ ដោយឈរនៅលេខរៀងទី ៤៧ លើពិភពលោក៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម