សេដ្ឋកិច្ច
ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍
ខេត្តកំពង់ធំ៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។


ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

កម្មវិធីនេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

មានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពង់ធំ ទល់មុខវិមានឯករាជ្យ សាខាថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបដែលរួមមាន៖ សេវាកម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងអតិថិជនទូទៅ។

បំពាក់ជាមួយម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ ដែលអតិថិជនអាចចូលទៅប្រើប្រាស់ ២៤ ម៉ោងពេញមួយសប្តាហ៍ រួមជាមួយបន្ទប់ប្រជុំធំប្រកបដោយផាសុកភាព និងចំណតរថយន្តធំទូលាយ ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងចិត្តទុកដាក់ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីសារសំខាន់នៃវត្តមានសាខាថ្មីនេះថា៖ “ក្នុងនាមជាធនាគារខ្មែរសុទ្ធសាធ ការពង្រីកសាខាថ្មីរបស់យើងនីមួយៗគឺប្រៀបបានទៅនឹងស្ពានចម្លងទៅរកកាលានុវត្តភាពមួយដែលផ្សាភ្ជាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសហគមន៍ឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់។ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងពិតជារំភើបដែលបានរួមចំណែកដល់ការរីកចម្រើនរបស់ខេត្តនេះ។”

ខេត្តកំពង់ធំ ដែលមានប្រជាជនជិតមួយលាននាក់ ហើយក៏មានអំណោយផលខ្ពស់លើវិស័យកសិកម្មដោយបានរួមចំណែកប្រមាណ ៤% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេស និងមានប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំ។

វត្តមានសាខាថ្មីនេះ នឹងបំពេញបន្ថែមទៅលើបណ្តាញដែលមានស្រាប់របស់ធនាគារ វីង ដែលរួមមាន៖ ភ្នាក់ងារធនាគារ វីង ចំនួន ៤៦៦ ទីតាំង និងភ្នាក់ងារវីង ម៉ាស្ទ័រចំនួន ១១ កន្លែងនៅទូទាំងខេត្តកំពង់ធំដើម្បីធានាបានថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទោះបីស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។

ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកំពង់ធំដែលបើកគណនីបញ្ញើមានកាលកំណត់រយៈពេលចាប់ពី ១២ខែឡើងទៅ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុសម្រាប់ប្រជាជនខេត្តកំពង់ធំផ្ទាល់តែម្តង។

រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយបច្ចុប្បន្នធនាគារ វីង កំពុងបម្រើអតិថិជនជាង ៩,៥ លានគណនី គ្រប់គ្រងប្រាក់បញ្ញើអតិថិជនជិត ៣ ពាន់លានដុល្លារអាមេរិក ព្រមទាំងមានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទនៅលើអេប ធនាគារ វីង។ ហើយជាមួយនឹងការមកដល់នៃ ធនាគារ វីង សាខាខេត្តកំពង់ធំនឹងដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតសំដៅជំរុកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងខេត្តនេះកាន់តែប្រសើរ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


