KPT+
ដឹងព័ត៌មាននេះហើយ លែងបារម្ភខ្លាំង ករណីក្រពើភ្នំបង្កគ្រោះថ្នាក់ដល់មនុស្ស ឬនៅ?
នៅក្នុងប្រទេសកម្ពុជាមានក្រពើ ២ ប្រភេទគឺ ក្រពើភ្នំ (crocodylussiamensis) និងក្រពើទឹកប្រៃ (crocodylus porosus)។ ក្រពើទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នា ហើយអាចបង្កាត់ពូជគ្នាបាននៅក្នុងកសិដ្ឋានដោយផលិតបានជាក្រពើកាត់។ ទោះជាយ៉ាងណាក៏ដោយ ក្រពើទឹកប្រៃ តែងតែរស់នៅជិតទឹកសមុទ្រ មានទំហំធំ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាង ក្រពើភ្នំ។

នាយកដ្ឋានអនុសញ្ញាអន្តរជាតិ និងជីវៈចម្រុះ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំ ត្រូវបានគេដាក់ឈ្មោះផ្សេងៗគ្នាដូចជា៖ ក្រពើភ្នំ ក្រពើត្រី ឬក្រពើទន្លេ និងមានឈ្មោះវិទ្យាសាស្រ្តថា crocodylussiamensis។ លក្ខណៈរូបរាង ក្រពើភ្នំ មានច្រមុះធំទូលាយជាងក្រពើទឹកប្រៃ ហើយអាចមានប្រវែងសរុបរហូតដល់ ៤ ម៉ែត្រ។ ក្រពើភ្នំមានលក្ខណៈខុសពីក្រពើទឹកប្រៃ ដោយមាន ស្រកាដាច់ពីគ្នាចំនួនបួន (ខាងក្រោយកញ្ចឹងក) នៅលើ ក ផ្នែកខាងក្រោយផ្ទៃឆ្អឹងលលាក្បាល។ ស្រកាខ្នង និងពោះរបស់វាមានរាងបួនជ្រុង។ វាមានធ្មេញស្រួចៗជាមធ្យមចំនួនពី ៦៤ ទៅ៦៦។ គេពុំដែលឃើញ ក្រពើភ្នំវាយប្រហារ ឬរំខានមនុស្សឡើយ លើកលែងតែយើងធ្វើឱ្យវាភ្ញាក់ ឬខឹងសម្បា។ ក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា ភាគច្រើនស៊ីត្រី និងពស់ជាអាហារ ប៉ុន្តែពួកវាក៏ស៊ីក្តាម សត្វល្អិត បក្សី និងថនិកសត្វតូចៗផងដែរ។

ក្រពើភ្នំមានដើមកំនើតនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍រួមមាន កម្ពុជា វៀតណាម ឡាវ និងកាលីម៉ាន់តាន់ ក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ ប្រវត្តិដើមនៃក្រពើភ្នំ គឺរស់នៅក្នុងដែនជម្រកធំល្វឹងល្វើយតាមតំបន់ដីសើមក្នុងប្រទេសកម្ពុជា ប៉ុន្តែសព្វថ្ងៃនេះនៅមានសេសសល់តិចតួចកំពុងរស់នៅក្នុងព្រៃធម្មជាតិ។ មួយភាគធំរស់នៅតំបន់ដាច់ស្រយាលជួរភ្នំក្រវាញភាគនិរតី ហើយមួយភាគតូចនៅរាយប៉ាយតាមតំបន់ទន្លេស្រែពក សេសាន និង សេកុង។

ទីជម្រក ក្រពើភ្នំរស់នៅតាមតំបន់ទឹកសាបមានដូចជា វាលភក់ បឹង ស្ទឹង និងទន្លេដែលមានទឹកហូរតិចៗ។ ពួកវាចូលចិត្តរស់នៅតាមតំបន់ព្រៃលិចទឹកដែលមានពន្លឺថ្ងៃ និងច្រាំងដីខ្សាច់សម្រាប់សម្រាក់សំដិលថ្ងៃ ហើយជម្រៅទឹកយ៉ាងតិច ១,២ ម៉ែត្រពេញមួយឆ្នាំ។ នៅប្រទេសកម្ពុជា ក្រពើភ្នំអាចរស់នៅតាមតំបន់ភ្នំដែលមានរយៈកម្ពស់រហួតដល់ ៦០០ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ក្រពើភ្នំខ្លះប្រើប្រាស់អន្លង់ជ្រៅៗ ឬធ្វើរូងតាមច្រាំងស្ទឹង ឬត្រពាំង ដើម្បីលាក់ខ្លួនពីការគំរាមគំហែង ឬជួយរក្សាភាពត្រជាក់ពិសេសនៅរដូវប្រាំង។

ក្រពើភ្នំ ត្រូវបានចាត់ថ្នាក់ជាសត្វទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត កំពុងប្រឈមមុខនឹងការដាច់ពូជពីធម្មជាតិ។ ក្រពើភ្នំត្រូវបានការពារដោយច្បាប់កម្ពុជា ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិនូវរាល់ផលិតផលពីក្រពើភ្នំ ត្រូវតែដាក់កម្រិតយ៉ាងតឹងរឹងបំផុត។ ចាប់តាំងពីឆ្នាំ២០០០មក គម្រោងអភិរក្សក្រពើកម្ពុជា បានធ្វើការស្រាវជ្រាវពីវត្តមានក្រពើនៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះក៏មានអង្គការផ្សេងៗទៀតដូចជា អង្គការអភិរក្សអន្តជាតិ (CI) និងអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS)។ អង្គការអភិរក្សអន្តរជាតិ បាន និងកំពុងបង្កើតឡើងនូវកម្មវីធីភាពជាអ្នកគ្រប់គ្រងសហគមន៍របស់ខ្លួននៅតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្តាល រីឯអង្គការសមាគមន៍អភិរក្សសត្វព្រៃវិញ បានសហការណ៍ជាមួយរដ្ឋបាលជលផល ដើម្បីល្បាតនៅតាមព្រែកកំពង់សោម និងសិក្សាពីការផ្លាស់ទីរបស់សត្វក្រពើភ្នំតាមរយៈឧបករណ៍វិទ្យុចាប់សំឡេងនៅបឹងទន្លេសាប។

ថ្មីៗនេះ សត្វក្រពើភ្នំ ឬក្រពើត្រី ដែលត្រូវបានចាប់ដោយឈ្មួញខុសច្បាប់ឱ្យឃ្លាតឆ្ងាយពីលំនៅធម្មជាតិ ត្រូវបានក្រុមអភិរក្សសត្វព្រៃ ដឹកមកពីខេត្តសៀមរាប មកលែងនៅតំបន់អភិរក្សក្នុងបឹងដែលហ៊ុមព័ទ្ធរបងជុំវិញ ស្ថិតនៅដែនជម្រកសត្វព្រៃ ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានចំនួន ២៥ក្បាល ក្នុងនោះងាប់អស់ ៣ក្បាល។

លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រពើភ្នំ ឬក្រពើត្រី ស៊ីខ្យង ក្តាម កង្កែប ត្រីជាអាហារ វាមិនកាចសាហាវដូចសត្វក្រពើមួយប្រភេទទៀតដែលស៊ីសាច់ជាអាហារទេ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ចៀសវាងគ្រោះថ្នាក់ដោយជាយថាហេតុណាមួយ។

ជាមួយគ្នានេះ ក្រុមអភិរក្សបានអញ្ជើញអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមទាំងព្រះសង្ឃ ដើម្បីចូលរួមដឹងឮ ជួយផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីដឹងថា ទីនេះមានសត្វក្រពើភ្នំ ឬក្រពើត្រី និងជួយអភិរក្សទាំងអស់គ្នា។ នៅពេលឃើញសត្វទាំងនេះទៅឆ្ងាយពីដែនអភិរក្ស សូមកុំសម្លាប់ ត្រូវរាយការណ៍មកអាជ្ញាធរ ឬក្រុមអភិរក្សភ្លាមៗដើម្បីជួយសង្គ្រោះពួកវាបានទាន់ពេលថែមទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួន ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ បានចំនួន ១៤៦ ក្បាល មានដូចជា៖ ១. ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ២៧ ក្បាល, ២. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ៤៩ ក្បាល, ៣. ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ០៩ ក្បាល, ៤. អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ២០ ក្បាល, ៥. អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (លែងកូនក្រពើព្រៃ) ០៦ ក្បាល, ៦. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ខែកុម្ភៈ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ២៥ ក្បាល, ៧. ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ១០ ក្បាល៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា