ព័ត៌មានជាតិ
រដ្ឋ និងដៃគូ លែងក្រពើភ្នំពូជសុទ្ធ ១០ក្បាល នៅតំបន់ដាច់ស្រយាលពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ
អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ លែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្សក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគីរី បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។
តាមសេចក្ដីប្រកាសព័ត៌មានរួមឱ្យដឹងថា ក្រុមការងារជំនាញ ប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រា សម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។

សេចក្ដីប្រកាសព័ត៌មានរួមឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។

នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លោក Pablo Sinovas ឱ្យដឹងថា រយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការ និងរដ្ឋាភិបាល ខិតខំការពារ និងស្តារវត្តមានក្រពើភ្នំកុំឲ្យផុតពូជពីក្នុងធម្មជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គការ និងរដ្ឋាភិបាល បានលែងក្រពើភ្នំពូជសុទ្ធច្រើនឡើងៗ ហើយភាគីពាក់ព័ន្ធបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ។ ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ ហើយក្រពើភ្នំ ដែលបានលែងជាលើកដំបូង ដោយកម្មវិធីបង្កាត់ពូជក្រពើភ្នំសុទ្ធរបស់អង្គការ បាននិងកំពុងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជម្រុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជាពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីថា ពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ក្រសួងសហការលែងសត្វក្រពើភ្នំពូជសុទ្ធ សរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។ ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា ក្រសួងបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ ក្រសួងបរិស្ថាន ប្តេជ្ញា និងគាំទ្រក្នុងការ អនុវត្តគ្របខណ្ឌជីវៈចម្រុះសកល ក្នុងនោះមានចំណុចដៅទី៤ ស្តីពីការទប់ស្កាត់កុំឲ្យមានភាពផុតពូជនៃសត្វព្រៃណាមួយឡើយ។

ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែលោក អ៊ាង សុផល្លែត អះអាងថា ផ្អែកតាមការសង្កេតសត្វក្រពើភ្នំ មានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា ដែលនេះជា មោទនភាពសម្រាប់កម្ពុជាក្នុងពិភពលោក។

ក្រសួងបរិស្ថានបន្តពង្រឹង វិធានការ៤ចំណុច ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២-ភាពបៃតង បានផ្តោតលើការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានសត្វព្រៃ ជំរុញការបណ្តុះនិងចែកកូនឈើជូន ប្រជាពលរដ្ឋ ដាំស្តារព្រៃជាដើម ដើម្បីបង្កើតគម្របបៃតង និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីទទួលបានចំណូលបង្កើនជីវភាព និងការរស់នៅប្រកបដោយចីរភាព ដោយសក្តានុពលគោលដៅ លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត ដែលមានទីជម្រកសម្រាប់ប្រភេទសត្វព្រៃរស់នៅ ហើយការការពារជម្រកសុខសាន្ត ធានាការអភិរក្សនិងស្ដារវត្តមានក្រពើភ្នំ ក៏ដូចជាសត្វព្រៃដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងធម្មជាតិក្នុងប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរួមដាក់ក្ដីរំពឹងថា តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារវត្តមានសត្វប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


