KPT+
៦ កត្តា នាំឱ្យមានមនុស្ស ច្រើនប្រើពាក្យអសុរោះក្នុងការរស់នៅ និងលើបណ្ដាញសង្គម
រស់ក្នុងសង្គម មនុស្សតែងមានទំនាក់ទំនងគ្នា ទាំងផ្ទាល់ ទាំងប្រយោល ឬពីចម្ងាយ។ បច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាលើពិភពលោក មានការផុសផុលក្នុងការប្រើបណ្ដាញសង្គម ដើម្បីភ្ជាប់ និងបង្កើត ទំនាក់ទំនង ចែករំលែក ការផ្សព្វផ្សាយ ក៏ដូចជាការទទួលបានព័ត៌មាននានា។ ជាមួយគ្នានេះ នៅពេលឃើញយោបល់អ្វីមិនត្រូវចិត្តខ្លួន ទោះបីត្រឹមត្រូវក្ដី មនុស្សមួយចំនួន ច្រើនឆ្លើយតប ឬបញ្ចេញមតិភ្ជាប់ដោយកំហឹង ឬតិះដៀល ជាជាងផ្ដល់ហេតុផល ឬដំណោះស្រាយ។

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី សីលធម៌សង្គម របស់ “កម្ពុជាថ្មី” នាពេលថ្មីៗនេះថា ការណ៍ដែលនាំឱ្យមានមនុស្សមួយចំនួនច្រើនតែប្រើពាក្យអសុរោះក្នុងការរស់នៅ ក៏ដូចជានៅលើបណ្ដាញសង្គម គឺមាន មូលហេតុចម្បងចំនួន ៦កត្តា។

ទី១. អ្នកខ្លះអាចជា សារជាតិពីកំណើតរបស់គាត់។ នៅលើពិភពលោកនេះ ទស្សនវិទូ ចែកមនុស្សជា ៣ប្រភេទ មនុស្សខ្លះមិនសូវល្អ ឬអាក្រក់ពីកំណើត មនុស្សខ្លះគឺល្អពីកំណើត ប៉ុន្តែសង្គមធ្វើឱ្យមនុស្សល្អនោះប្រែអាក្រក់វិញ ហើយប្រភេទទី៣ គឺសារជាតិមនុស្ស មិនល្អ មិនអាក្រក់ទេ គឺអាស្រ័យលើការកែច្នៃ ការអប់រំ។ សម្រាប់លោកជាអ្នកទស្សនវិជ្ជា ការណ៍ដែលធ្វើឱ្យមនុស្សបញ្ចេញមតិយោបល់មិនល្អលើបណ្ដាញសង្គម អាចតិច ឬច្រើនភ្ជាប់សារជាតិពីកំណើតរបស់គាត់។
ទី២. គឺដោយសារការអប់រំ ឬឥទ្ធិពលក្នុងគ្រួសារ ព្រោះគ្រួសារខ្លះ ទម្លាប់និយាយអាក្រក់ ពាក្យអសុរោះ អា មឹង ឬពាក្យគ្រោតគ្រាតជារឿងធម្មតាក្នុងគ្រួសារគាត់។ ដល់ពេលគាត់ទៅបញ្ចេញក្នុងសង្គមជាក់ស្ដែង ឬក្នុងបណ្ដាញសង្គមក្ដី គឺគាត់គិតថា ហ្នឹងជារឿងធម្មតា គាត់និយាយធម្មតារបស់គាត់ហ្នឹងទៅ។ ប៉ុន្តែសម្រាប់អ្នកដទៃ ស្ដាប់ទៅគឺ គ្រោតគ្រាត។
ទី៣. អាចថា គឺជាទម្លាប់របស់គាត់ គឺធ្វើអីក៏ហិង្សា និយាយអីក៏គ្រោតគ្រាត អ៊ីចឹងទម្លាប់មិនល្អហ្នឹង ចេះតែមាន ដល់ពេលតែបញ្ចេញក្នុងបណ្ដាញសង្គមគឺ ហិង្សាគ្រោតគ្រាតបែបនោះដែរ។

ទី៤. សម្រាប់អ្នកខ្លះ ជួនកាលដោយសារគាត់ទទួលឥទ្ធិពលពីសង្គមដែរ។ ពួកគាត់ចូលក្នុងសង្គមជាក់ស្ដែង គាត់ចូលក្នុងបណ្ដាញសង្គមក្ដី ជាពិសេសកុមារ និងយុវជន នៅពេលឃើញអ្នកល្បីល្បាញ ឬអ្នកលក់អនឡាញល្បី ឬបុគ្គលជាឧកញ៉ា អ្នកនយោបាយមួយចំនួន ប្រើសម្ដីមិនសមរម្យ ឬយករឿងបែកបាក់ក្នុងគ្រួសារផ្ទាល់ខ្លួនទៅនិយាយ ហែកកេរ្តិ៍ជេរគ្នា… ដែលឥទ្ធិពលនេះបានសាយភាយដល់យុវជន ឬធ្វើឱ្យអ្នកខ្លះយល់ឃើញថា ពេលនិយាយរឿងកេរ្តិ៍អស់នោះ នាំឱ្យទទួលបានការ Like Share ចំនួនអ្នកចូលមើលច្រើន ក៏ធ្វើតាម។
ទី៥. ហើយមួយទៀត ក៏ដោយសារការសេពគប់ គាត់ដើរសេពគប់តែជាមួយអ្នកនិយាយពាក្យអសុរោះ ប្រើពាក្យគ្រោតគ្រាតអ៊ីចឹងទៅ នោះឱ្យគាត់ចេះប្រើពាក្យបែបនោះដែរទៅ។ ជាមួយគ្នានេះ អ្នកធ្វើការលើបណ្ដាញសង្គម ឬអ្នកសារព័ត៌មានមួយចំនួន ក៏បង្ហាញគំរូមិនល្អមួយចំនួនដែរ ជួនកាលទៅស៊ីផឹក ឬនិយាយពាក្យអសុរោះជាដើមនោះ ដែលនេះជាចំណែកជះឥទ្ធិពលដល់យុវជន។
ទី៦. រឿងផ្សេងទៀតអាចថា ពួកគាត់មានចំណុចមិនល្អខ្លះៗដូចបានរៀបរាប់ពីខាងលើ ហើយពួកគាត់ខ្វះការតម្រង់ទិសពីគ្រួសារ ពីសាលារៀនជាដើម។ មិនមែនមានន័យថា ឪពុកម្ដាយមិនណែនាំទេ ប៉ុន្តែមិនទាន់ដល់កម្រិត ដូចនេះនៅពេលការអូសទាញខ្លាំង ហើយការអប់រំ ការតម្រង់ទិសនៅក្នុងសាលារៀនខ្សោយ អ៊ីចឹងចង់មិនចង់ គឺផ្អៀងទៅខាងការអូសទាញមិនល្អនោះ។

គួរបញ្ជាក់ថា បណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ដើម្បីឆ្លើយឱ្យច្បាស់ជាងនេះទៅទៀត គឺត្រូវការធ្វើការស្រាវជ្រាវលម្អិតមួយ ដោយមានចម្រុះវ័យ ភេទ និងកម្រិតនៃការយល់ដឹងទាំងតិច និងច្រើន។ ចំណែកការឆ្លើយពេលនេះ គឺជាការសង្កេតផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍ និងអ្វីដែលបានឃើញ បានគិតឃើញ ពីមូលហេតុ ធាតុផ្សំដែលមនសុ្សចូលចិត្តឆ្លើយតប ឬបញ្ចេញមតិដោយពាក្យគ្រោតគ្រាត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល