ព័ត៌មានជាតិ
អ្នកជំនាញថា អន្តេវាសិកដ្ឋានសម្តេចតេជោសម្រាប់សិស្សស្រីមករៀននៅភ្នំពេញ គឺសុវត្ថិភាព ជួយពង្រឹងសមត្ថភាពស្ត្រី
អ្នកជំនាញ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម និងទស្សនវិជ្ជា និងលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ បានគាំទ្រចំពោះការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សនារីមកពីបណ្តាខេត្តបន្តការសិក្សានៅភ្នំពេញរបស់សម្តេចតេជោ ហ៊ុន សែន ដោយអ្នកជំនាញទាំង២ អះអាងដូចគ្នាថា អន្តេវាសិកដ្ឋាននេះ នឹងផ្តល់សុវត្ថិភាពខ្ពស់ដល់សិស្សស្រី មានការថែទាំត្រឹមត្រូវ ជាពិសេស រួមចំណែកជំរុញដល់ការពង្រឹងសមត្ថភាពស្ត្រីក្នុងសង្គមជាតិ។

ការគាំទ្ររបស់អ្នកជំនាញទាំង២ បន្ទាប់ពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា សម្តេច និងក្រុមគ្រួសារ ផ្ដល់ដី ២ហិកតា ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅជ្រោយចង្វារ សាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីក្រីក្រមកពីបណ្ដាខេត្តបន្តការសិក្សានៅរាជធានីភ្នំពេញ។ ការសាងសង់នេះ គឺចំណាយថវិការបស់សម្តេច និងក្រុមគ្រួសារផ្ទាល់។ បន្ទាប់ពីសាងសង់រួច នឹងប្រគល់ជាសម្បត្តិរដ្ឋ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកិច្ចការនារី។ ក្នុងខ្លឹមសារនោះ សម្តេច បានបញ្ជាក់ថា៖ “ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគ កសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ”។
ជុំវិញការសាងសង់អន្តេវាសិកដ្ឋាននេះ លោកស្រី ជា វណ្ណី បានប្រាប់មក កម្ពុជាថ្មី ថា ក្នុងនាមលោកស្រីជាស្ត្រីម្នាក់ ពិតជារំភើបឥតឧបមា និងមានមោទកភាពយ៉ាងក្រៃលែងចំពោះគុណតម្លៃដែលសម្តេចបានចំណាយថវិកាផ្តាល់ខ្លួន ជួយដល់សិស្សស្រីដែលមានជីវភាពក្រីក្រ មានឱកាសបន្តការសិក្សានៅភ្នំពេញ និងអាចស្នាក់នៅកន្លែងដែលមានផាសុខភាព និងសុវត្ថិភាព មានការមើលខុសត្រូវល្អ ដើម្បីឱ្យពួកគេបញ្ចៀសពីហានិភ័យផ្សេងៗ។ លោកស្រី យល់ឃើញថា អន្តេវាសិកដ្ឋាននេះ ជួយសម្រាលបន្ទុកគ្រួសារ ដូចជាការចំណាយថ្លៃស្នាក់នៅពេលសិក្សានៅភ្នំពេញ និងការចំណាយប្រចាំថ្ងៃបានមួយកម្រិត។ បន្ថែមពីនេះ សិស្សស្រីដែលរស់នៅឆ្ងាយពីគ្រួសារ នឹងទទួលបានការមើលថែត្រឹមត្រូវ ទោះបីពេលឈឺក៏មានប៉ុស្តិ៍សុខភាពដើម្បីជួយទាន់ពេលវេលា។ ជាមួយគ្នានេះ នៅពេលដែលសិស្សរស់នៅជុំគ្នា នឹងជួយពន្លឿនការសិក្សាពួកគេ តាមរយៈការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ទាំងមេរៀនសាលា និងកិច្ចការសង្គម។

លោកស្រី ជា វណ្ណី បន្តទៀតថា អន្តេវាសិកដ្ឋាននេះ ជំរុញសមត្ថភាពស្ត្រីក្នុងការអភិវឌ្ឍ គាំទ្រដល់ការកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ពួកគាត់ក្នុងការកសាងប្រទេសដែលវាក៏ជាឱកាសមួយផ្តល់ឱ្យនិស្សិតស្រីទទួលបានការអប់រំដែលមានគុណភាព ដោយមិនជាប់ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ។ តាមរយៈការគ្រប់គ្រងដោយរដ្ឋ អន្តេវាសិកដ្ឋាននេះនឹងត្រូវបានគ្រប់គ្រង ដើម្បីធានាបាននូវសេវាកម្មដែលមានគុណភាពប្រកបដោយចីរភាព និងយូរអង្វែង។
លោកស្រី បញ្ជាក់ថា៖ “អន្តេវាសិកដ្ឋាននេះ មិនត្រឹមតែផ្ដល់កន្លែងស្នាក់នៅប្រកបដោយសុខសុវត្ថិភាពសម្រាប់និស្សិតស្រីប៉ុណ្ណោះទេ ថែមទាំងជួយឱ្យនិស្សិតស្រីក្រីក្រមានឱកាសអភិវឌ្ឍន៍ខ្លួន ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងទាំងចំណេះធ្វើ និងជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមដែលខ្លួនរស់នៅ ក៏ដូចជាសម្រាប់ភពផែនដីដ៏ស្រស់ត្រកាលនៃយើង ក្រោមម្លប់នៃសន្តិភាព”។

ចំណែក បណ្ឌិត ឈត ប៊ុនថង ប្រាប់មក កម្ពុជាថ្មី មិនខុសពីលោកស្រី ជា វណ្ណី ឡើយ។ លោកបានគាំទ្រចំពោះគម្រោងនេះ នឹងបានលើកឡើងថា ការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីតាមបណ្តាខេត្តមករៀននៅភ្នំពេញរបស់សម្តេចតេជោ គឺជារឿងល្អបំផុត ព្រោះបច្ចុប្បន្ន លោកគិតថា នៅពេលដែលសិស្សស្រីមករស់នៅភ្នំពេញដើម្បីបន្តការសិក្សាអាចមានហានិភ័យមួយចំនួន ដូចជាការរំខានដោយសំឡេងពីមជ្ឈដ្ឋានជុំវិញដែលធ្វើឱ្យពិបាករៀន ឬរងការបៀតបៀនជាដើម។

លោកបណ្ឌិត និយាយថា៖ “បើមានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី គឺជួយបានមួយចំណែកធំណាស់ ឃើញសម្តេចមានទាំងមណ្ឌលសុខភាពទៀត។ ហើយបើសិនជាយើងមានអន្តេវាសិកដ្ឋាន ត្រូវមានរចនាសម្ព័ន្ធ អ្នកគ្រប់គ្រង អ៊ីចឹងហើយ ប្រសិនជាមានរឿង មានបញ្ហាការរំលោភបំពាន ឬការប៉ះទង្គិចអី មានអ្នកគ្រប់គ្រងនៅទីហ្នឹង អន្តរាគម និងដោះស្រាយបានទាន់ពេល”។
លោកបណ្ឌិត ឈត ប៊ុនថង បន្តទៀតថា នៅពេលសិស្សស្រីទទួលបានការស្នាក់នៅអន្តេវាសិកដ្ឋាននេះ គឺទទួលបានការស្នាក់នៅឥតគិតថ្លៃ មានបន្ទប់សម្រាក មានបន្ទប់ព្យាបាល និងមានសុវត្ថិភាពខ្ពស់ មិនមានការរំខានពីមជ្ឈដ្ឋានជុំវិញ ដែលផ្តល់ភាពងាយស្រួលដល់ការរៀនសូត្ររបស់សិស្សស្រី។
អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា៖ “សម្រាប់ការរៀនសូត្រ គឺសំខាន់ភាពស្ងាត់ គ្មានការរំខានពីការចាក់ធុងបាស់ ពីការផឹកស៊ី ឡូឡា ការលេងល្បែងស៊ីសង ការរំខានអីហ្នឹង គឺរឿងហ្នឹងសំខាន់ណាស់សម្រាប់អ្នករៀនសូត្រ”។ ហេតុនេះ លោកថា ប្រសិនជាមានអន្តេវាសិកដ្ឋានបែបនេះ នឹងផ្តល់មានស្ងប់ស្ងាត់ដល់សិស្ស មានសុវត្ថិភាពខ្ពស់ ដើម្បីជំរុញការរៀនសូត្រដល់សិស្សជាស្ត្រីកាន់តែល្អប្រសើរទៀត។
សូមជម្រាបថា បើតាមការសរសេរលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ការសាងសង់អន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ មានបន្ទប់ទឹក និងចង្រ្កានបាយ ដោយត្រូវសាងសង់ចំនួន ១២០បន្ទប់។ បន្ថែមពីនេះ អន្តេវាសិកដ្ឋានក៏មានសាងសង់ប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីជួយពេលមានជំងឺផ្សេងៗ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


