Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋគ្រប់គ្នា​ហ៊ានចេញមុខដើម្បីប្រឆាំងអំពើ​អាក្រក់ និងអសីលធម៌

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​រដ្ឋ​មិន​ចង់​ប្រើប្រាស់​ច្បាប់​ដើម្បី​កម្រិត​នូវ​សេរីភាព​របស់​ពលរដ្ឋ​នោះ​ទេ ដោយ​ជំរុញ​ដល់​ការ​អប់រំ​​ជា​សំខាន់វិញ។ សម្ដេច​បាន​ជំរុញ​ដល់​ពលរដ្ឋ​ក្នុង​សង្គម​ចូលរួម​លុប​បំបាត់​អំពើ​អាក្រក់​គ្មាន​សីលធម៌​ឱ្យ​អស់​តាម​រយៈ​ការ​ចូលរួម​គ្នា​អប់រំពេល​ដែល​ឃើញ​កំហុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងពិធី​សម្ពោធអាគារ​អន្ដេវេសិកដ្ឋានតេជោសន្ដិភាព និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ស្វាយពពែ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ២០២៥​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថាក្នុង​ស្ថានភាពនៃអំពើ​អបាយមុខ ក្មេង​ទំនើង​ អសីលធម៌​សង្គម​កើត​ឡើងច្រើន​លើ​បណ្ដាញ​សង្គម​ សម្ដេច​បាន​ជំរុញដល់​ពលរដ្ឋ​ក្នុង​សង្គម​ រួម​ទាំង​ព្រះសង្ឃផងដើម្បី​អប់រំឱ្យ​បាន​ច្រើន​តាម​រយៈការ​បញ្ចេញសារល្អៗឱ្យ​ច្រើន​ដើម្បី​ឱ្យ​អំពើ​ល្អ​គ្រប់ដណ្ដប់​លើ​ភាព​អវិជ្ជមាន​នោះ ហើយ​ពលរដ្ឋ​នីមួយៗ​ត្រូវ​ប្រកាន់​នូវសីលធម៌ដើម្បី​ធ្វើ​ឱ្យ​កត្តាអវិជ្ជមាន​កាន់តែថយ​ទៅ។

សម្ដេច​ថា៖ «ច្បាប់​រដ្ឋ​នឹង​ប្រើប្រាស់ចំពោះ​អ្នកដើរ​ហួសព្រំដែន​។ តែ​យើង​មិនចង់​ប្រើប្រាស់ច្បាប់​លើ​ប្រជាពលរដ្ឋ​ទេ​តែយើង​ចង់​ឱ្យ​សង្គម ឱ្យឪពុកម្ដាយ ឱ្យ​គ្នា​យើង​រួម​គ្នា​ដើម្បី​អប់រំ​ឱ្យបាន​ល្អ​។ នេះ​ហើយ​ជា​ចិរីភាព​ដែល​សង្គមមួយ​សុខដុមនីយកម្មមិន​ទាល់​តែ​ប្រើច្បាប់​ដើម្បីគ្របមនុស្ស​ឱ្យ​នៅទេ ត្រូវ​តែ​គោរពគ្នា​ទៅវិញទៅមក»។

សម្ដេច​ថា​ប្រសិនជា​ឃើញ​នរណា​ម្នាក់ធ្វើខុសពលរដ្ឋទាំង​អស់​ចេញសារ​ដើម្បី​កែ​លម្អ​ណែនាំ​ធ្វើ​ឱ្យ​កែប្រែមក​ល្អវិញ ហើយ​ប្រសិនជានៅ​តែរឹង​ទទឹង​មិន​ស្ដាប់ការ​អប់រំនោះ​ទើបរដ្ឋចាត់វិធានការ​ច្បាប់ដែលជាជម្រើសចុងក្រោយ​។

អ្នកប្រាជ្ញាអាល់ប៊ីត អេនស្ទែន ធ្លាប់បានលើកឡើងថា៖ «ពិភពលោកមិនមែនត្រូវបានបំផ្លាញដោយអំពើអាក្រក់ទេ តែដោយសារអំពើល្អនាំគ្នាឈរមើលដោយមិនធ្វើអីសោះ»។

អ្នក​ជំនាញទស្សនៈវិជ្ជា លោកបណ្ឌិត ឈត ប៊ុន​ថង បាន​លើក​ឡើង​ថាការ​ចូលរួម​របស់​ពលរដ្ឋ​ពិត​ជា​អាច​លុប​បំបាត់​នូវ​អំពើ​អាក្រក់​គ្មាន​សីលធម៌ក្នុងសង្គម​បាន​ ពេលដែលពលរដ្ឋ​បាន​យល់​ដឹង​ពី​សីលធម៌ គុណ​ធម៌ អំពើល្អ អំពើ​អាក្រក់ និង​សិទ្ធិកាតាព្វកិច្ច​របស់​ខ្លួនចំពោះ​សង្គម។

លោកថា៖ «ការ​ដែល​ពលរដ្ឋ​មិន​ព្រម​ចូលរួម​ជួយ​តម្រង់ទិសកែ​លម្អអីផ្សេង​ៗហ្នឹង​ក៏​ មាន​ន័យ​ថា​គាត់​មាន​កំហុស​ដែរ។ មិន​មែន​ដោយ​សារ​គាត់​ប្រព្រឹត្តិ​អំពើ​លួច​ប្លន់​ចាប់​ជំរិត​ទេ តែ​គាត់​បាន​សាង​កំហុស​មួយ​គឺ​មិន​ឈឺឆ្អាល​នឹងសង្គម កំហុស​មួយ​ដែល​មិន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កែលម្អសង្គម​ឬ​ក៏​តម្រង់​ទិសយុវជន​ឬមនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​មិន​ល្អ​ហ្នឹង​ចាត់ទុក​ជា​កំហុស​»។

បើតាម​លោកបណ្ឌិត ឈត ប៊ុនថង ការ​ចូលរួម​របស់​ពលរដ្ឋ​ពិតជាសំខាន់​ក្នុង​ការ​ជួយ​ដល់​សង្គម​មួយ​ឱ្យ​មាន​ភាព​រីកចម្រើន និង​សេចក្ដី​ថ្លៃ​ថ្នូរ ប្រសិន​បើ​គ្មាន​ការ​ចូលរួម​ពី​ពលរដ្ឋទោះបីប្រទេស​នោះ​មាន​ច្បាប់​ល្អ និង​អាជ្ញាធរ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​ការ​រៀបចំសង្គម​ស៊ីវីល័យ​មួយ​មិនអាច​ទៅ​រួចដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម