ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកស្ទឹងត្រង់ សម្រុកដាំដុះដំណាំទុរេន បង្កើនពង្រីកផ្ទៃដីដាំដុះរាប់រយហិកតា
ពលរដ្ឋក្នុងស្រុកស្ទឹងត្រែង ក្នុងខេត្តកំពង់ចាមបានបង្កើនផ្ទៃដីដាំដុះដំណាំទុរេន ស្របពេលដំំណាំសេដ្ឋកិច្ចដ៏សំខាន់នេះ បានក្លាយជាមុខព្រួយជំរុញការនាំចេញទៅក្រៅប្រទេស ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក បាន ស្រង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹងថា បច្ចុប្បន្នទូទាំងស្រុកស្ទឹងត្រង់ មានផ្ទៃដីដាំដុះដំណាំទុរេនប្រមាណជាង ២ ពាន់ហិកតា ខណៈឆ្នាំក្រោយគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតរហូតដល់ ២៥០០ ហិកតា។

ខណៈកៅស៊ូជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់ពីមុនមក បច្ចុប្បន្នដំណាំទុរេនបានក្លាយជាដំណាំសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីរបស់ពលរដ្ឋនៅស្រុកស្ទឹងត្រង់ ស្របពេលស្រុកស្ទឹងត្រង់មានភូមិសាស្រ្តអំណោយផលក្នុងការដាំដុះដំណំាលើតំបន់ខ្ពង់រាបដ៏ក្រហមនេះ។
អ្នកស្រី ផាត ផាន់នី កសិកររស់នៅភូមិបែកអន្លូង ស្រុកស្ទឹងត្រង់ដែលបានដាំដុះដំណាំទូរេនលើផ្ទៃដីជាង ៤ ហិកតាបានឲ្យដឹងថា ដំណាំទុរេនដែលអ្នកស្រីដាំឆ្នាំនេះប្រមូលផលបានច្រើនជាងឆ្នាំមុន។ យ៉ាងណាមិញ តម្លៃហាក់មានការធ្លាក់ចុះបន្តិចបើធៀបឆ្នាំមុន។

ក្នុងការសាកសួររបស់ក្រុមអ្នកសារព័ត៌មានដែលធ្វើដំណើរទៅដល់ទីតាំងចម្ការទុរេនផ្ទាល់ អ្នកស្រី ផាត ផាន់នី បានបង្ហើបពីចំណូលពីការប្រមូលផលទុរេនក្នុងមួយឆ្នាំៗបានប្រមាណជាង ១០ ម៉ឺនដុល្លារ ដែលអាចនិយាយបានថាជាដំណាំដែលអាចកើបចំណូលបានក្រាស់ក្រែងបើធៀបដំណាំកសិកម្មផ្សេងទៀត។
ដោយសារមើលឃើញពីតម្លៃសេដ្ឋកិច្ចខ្ពស់ អ្នកស្រីគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមប្រមាណ ៨ ហិកតានៅឆ្នាំក្រោយ។
មិនខុសគ្នានេះដែរ លោក ស៊ីវ ថា ម្ចាស់ចម្ការទុរេនដ៏ធំដែលបានវិនិយោគដាំដុះដំណាំទុរេនលើផ្ទៃដីរាប់សិបហិកតានៅស្រុកស្ទឹងត្រង់បានឲ្យដឹងថា ដំណាំទុរេនចាយទុនច្រើនបន្តិច ប៉ុន្តែទទួលបានផលនិងចំណូលឆ្លើយតបការចំណាយ។

លោកលើកទឹកចិត្តដល់ពលរដ្ឋដែលមានលទ្ធភាពគួរងាកមកដាំដុះដំណាំទុរេន ស្របពេលដែលរដ្ឋាភិបាលក៏កំពុងជំរុញការនាំចេញស្តេចផ្លែឈើនេះទៅក្រៅប្រទេសជាពិសេសទីផ្សារប្រទេសចិន។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានប្រមាណជាង ២០ ស្ថាប័នចុះផ្សព្វផ្សាយពីសក្ដានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ចាមបានថ្លែងថា តាមព័ត៌មានដែលលោកទទួលបាននៅរដូវប្រមូលផលទុរេនឆ្នាំនេះ ខេត្តកំពង់ចាមទទួលបានទេសចរមកកម្សាន្តរហូតដល់ស្ទះចរាចរណ៍។

លោកបានរំលឹកពីប្រវត្តិខេត្តកំពង់ចាមដែលក្រៅពីល្បីដំណាំកៅស៊ូជាយូរមកហើយនោះ ឥលូវនេះពលរដ្ឋចាប់ផ្ដើមស្គាល់ខេត្តជាប់ដងទន្លេមួយនេះតាមរយៈដំណាំទុរេនដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ច។
លោកមើលឃើញថា ដំណាំទុរេនជាដំណាំដែលនឹងអាចទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន និងអាចជាគោលដៅទេសចរណ៍ថ្មីបន្ថែមទៀតនៅរដូវទុរេន សម្រាប់ទាក់ទាញទេសចរមកកម្សាន្ត៕




-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


