ព័ត៌មានជាតិ
អ្នកជំនាញ៖ ថៃកំពុងធ្វើសង្គ្រាមចិត្តសាស្ត្រតាមរយៈការផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យខ្មែរបែកបាក់ផ្ទៃក្នុង
វិវាទព្រំដែនកម្ពុជា-ថៃ បានបន្តអូសបន្លាយក្លាយជាបញ្ហាស្មុគស្មាញក្នុងការដោះស្រាយសម្រាប់ប្រទេសទាំងពីរ។ បញ្ហានេះដែរ ភាគីថៃបានប្រើយុទ្ធសាស្ត្រជាច្រើនមកលើកម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនា ធ្វើឱ្យខ្មែរបែកបាក់ផ្ទៃក្នុង និងលែងទុកចិត្តគ្នារវាងសាធារណជន និងរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងរឿងនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានសង្គេតឃើញថា បញ្ហាព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ ភាគីថៃបានប្រើសមរភូមិ៣ ផ្ទួនៗគ្នា ទី១.សមរភូមិយោធា ដោយចូលទន្ទ្រានទឹកដីកម្ពុជា ទី២.សមរភូមិចិត្តសាស្ត្រ ដែលព្យាយាមបំភ្លៃព័ត៌មានខុសពីការពិត ដើម្បីធ្វើសង្គ្រាមចិត្តសាស្ត្រ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីខ្មែរ បំបាក់ទំនុកចិត្តពលរដ្ឋខ្មែរ និងរដ្ឋាភិបាល និងកងកម្លាំងយោធាកម្ពុជា។ ទី៣.សង្គ្រាមការទូត តាមរយៈវោហារសាស្ត្រការទូត និងវោហាសាស្ត្រសារព័ត៌មាន ហើយថៃជាប្រទេសមួយដែលអន្តរជាតិស្គាល់ច្រើនជាងកម្ពុជា។
លោកបណ្ឌិត បានលើកឡើងថា «ប្រជាពលរដ្ឋខ្មែរ មិនគួរយោងឯកសារពីប្រទេសថៃទេ ឬដកស្រង់ពីសារព័ត៌មានរបស់ថៃទេ ព្រោះថៃបានធ្វើព័ត៌មានបំភ្លៃ ដើម្បីបំបាក់ស្មារតីសង្គមខ្មែរ សង្គមកម្ពុជាយើង អញ្ចឹងហើយថៃព្យាយាមផ្សាយនូវព័ត៌មានណាដែលធ្វើឱ្យយើងបាត់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងយោធាកម្ពុជា។ ក្នុងនាមយើងជាប្រជាជាតិកម្ពុជា ដែលស្រលាញ់ជាតិមាតុភូមិមិនគួរយល់ស្រប និងដកស្រង់ចេញពីសារព័ត៌មានថៃដែលវាយប្រហារបំបាក់ស្មារតីខ្មែរនោះទេ»។

ជុំវិញរឿងនេះដែរ លោកបណ្ឌិត បានអំពាវនាវដល់អ្នកនយោបាយកម្ពុជាទាំងអស់ អ្នកវិភាគ អ្នកតាមដានសង្គម អ្នកបញ្ចេញមតិ និងអ្នកផលិតមាតតិការផ្សេងៗ ឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីតទល់ជាមួយបច្ចាមិត្តរួមគ្នា ហើយផ្តល់ជំនឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីជាកម្លាំងរួម។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញដែរថា វិវាទកម្ពុជា-ថៃ ដែលមានការផ្ទុះអាវុធកាលពីពេលថ្មីៗនេះ ភាគីថៃបានផ្សព្វផ្សាយព័ត៌មានបំភ្លើស និងបំប៉ោងព័ត៌មានមិនពិតជាបន្តបន្ទាប់។ លោកថា យោធាភាគីថៃមានចេតនាមុន និងបានរៀបចំសេណារីយោ ដោយធ្វើការបាញ់ប្រហារមកលើកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយបង្កាច់បង្ខូចដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់កងទ័ពកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាជាដើម។

បើតាមការសង្គេតរបស់លោកបណ្ឌិត ក្នុងនោះដែរ ក៏ឃើញមានទាំងកាសែតអាជីពថៃ ប្រជាពលរដ្ឋ ក្រុមគណបក្សប្រឆាំង ក្រុមជាតិនិយម ក្រុមជ្រុលនិយមរបស់ថៃជាដើម តែងតែព្យាយាមបំពុល និងបំប៉ោងព័ត៌មាន។ ដោយភាគីថៃបានធ្វើទាំងសង្គ្រាមប្រដាប់អាវុធ និងងសង្គ្រាមចិត្តសាស្ត្រតាមបែបសារព័ត៌មាន។ លោកបណ្ឌិតបន្តថា «ធម្មតាគូប្រឆាំងរបស់យើងគេមិនដែលផ្សាយព័ត៌មានល្អអំពីយើង ព័ត៌មានចំណុចខ្លាំងរបស់យើងនោះទេ ប្រសិនបើគេអាចធ្វើឱ្យយើងប្រេះស្រាំ ធ្វើឱ្យយើងបាក់ទឹកចិត្ត ធ្វើឱ្យយើងឈ្លោះគ្នាផ្ទៃក្នុងកាន់តែខ្លាំង សត្រូវរបស់យើងគេកាន់តែសប្បាយ»។
ទន្ទឹមនេះ លោកបណ្ឌិត បានអំពាវនាវឱ្យពលរដ្ឋទាំអស់ ទាំងអ្នកនយោបាយ និងអ្នកតាមដានដទៃទៀត ប្រុងប្រយ័ត្នចំពោះរឿងនេះកុំឱ្យឆាប់ជឿទៅលើអ្វីដែលជាព័ត៌មានរបស់ភាគីម្ខាង ជាពិសេសនៅពេលដែលមានវិវាទ និងមានជម្លោះបែបនេះ ព្រោះថាប្រាកដណាស់ព័ត៌មានពីភាគីម្ខាងដែលជាបច្ចាមិត្ត មិនដែលផ្សាយល្អពីយើងនោះទេ។
លើសពីនេះ មិនត្រូវប្រញ៉ាប់ជឿនូវអ្វីដែលជាការផ្សព្វផ្សាយរបស់ភាគីសត្រូវនោះទេ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាមុនសិន ជាពិសេសប្រភពព័ត៌មានដែលចេញពីក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន ឬចេញពីប្រភពរដ្ឋាភិបាល ឬថ្នាក់ដឹកនាំធំៗ។ បើមិនដូច្នោះទេ នឹងត្រូវគេបំពុល នាំឱ្យបាត់បង់ជំនឿទុកចិត្តមកលើកងទ័ព មកលើថ្នាក់ដឹកនាំ មកលើរាជរដ្ឋាភិបាលជាដើម៕

អត្ថបទ៖ គេន ម៉ាលិះ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ