ព័ត៌មានជាតិ
អ្នកជំនាញ៖ ការនិពន្ធបទចម្រៀងចង្វាក់ប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរធ្លាក់ចុះគួរឱ្យព្រួយបារម្ភ
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា សម័យបច្ចុប្បន្ន ហាក់មិនសូវមានការនិពន្ធបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរច្រើនសម្រាប់បុណ្យចូលឆ្នាំខ្មែរ បើធៀបនឹងសម័យមុន ហើយក៏ជាក្តីបារម្ភមួយប្រសិនជាបញ្ហានេះមិនត្រូវបានយកចិត្តទុកដាក់ខ្ពស់។

ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ ស្របតាមការសង្កេតបបច្ចុប្បន្នឃើញថា បទចម្រៀងចង្វាក់ប្រពៃណីខ្មែរដូចជាមិនសូវមានការផលិតច្រើនដូចមុនឡើយ ពោល គឺសង្កេតឃើញមានជាចង្វាក់បែបទំនើប ឬមានលាយបុរាណ និងសម័យខ្លះ ឬបទខ្លះទៀត បែបជាចង្វាក់បែកស្លុយ មិនមានអត្ថន័យដែលទាក់ទងនឹងចម្រៀងប្រពៃណីខ្មែរតែម្តង។
លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យ កម្ពុជាថ្មី ដឹងថា បើនិយាយពីសម័យមុន ដែលជាសម័យប្រើប្រាស់កាសែត CD ឬ VCD ចាក់ចម្រៀង ហើយក៏មានតម្រូវការទិញច្រើនពីប្រជាជនយកទៅស្តាប់ ដូច្នេះ បានជាមានការផលិតច្រើនពីបទចម្រៀងប្រពៃណីខ្មែរសម្រាប់លក់នៅលើទីផ្សារ។ ប៉ុន្តែ សម័យបច្ចុប្បន្ន លោកបណ្ឌិតថា ប្រជាពលរដ្ឋមិនសូវប្រើប្រាស់របស់ទាំងអស់នឹងទៀត បែរមកប្រើប្រាស់ និងស្តាប់ចម្រៀងតាមយូធូប និងអ៊ីនធឺណេតវិញ ដែលធ្វើឱ្យទីផ្សារមិនសូវសម្បូរដូចគ្នា គួបផ្សំនឹងតម្រូវការបច្ចុប្បន្នទៀត ក៏ធ្វើឱ្យបទចម្រៀងប្រពៃណីខ្មែរថយចុះ ហើយបទចម្រៀងសម័យទំនើបចង្វាក់កន្ត្រាក់អារម្មណ៍ ឬ បែកស្លុយ មានច្រើនជាង ចំណែកអត្ថន័យ ក៏មិនបម្រើដល់ប្រពៃណីខ្មែរ និងអត្ថន័យបុណ្យចូលឆ្នាំខ្មែរ ដែលជាកត្តាមួយគួរឱ្យព្រួយបារម្ភ ហើយបទចម្រៀងបែបប្រពៃណីខ្មែរនឹងកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “ជំហានបែបនេះ ជាជំហានមួយដែលមានការផ្លាស់ប្តូរទៅរកតាមចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មីផង ទី២ ធ្វើតាមតម្រូវការទីផ្សារផង។ អ៊ីចឹង ធ្វើឱ្យការនិពន្ធបទចម្រៀង ការផលិតបទចម្រៀងដែលពាក់ព័ន្ធនឹងប្រពៃណីខ្មែរ មានលំនាំបែបប្រពៃណីខ្មែរ ហាក់ដូចជា ថយចុះគួរឱ្យព្រួយបារម្ភ ហើយបើសិនជាលំនាំបែបហ្នឹងចេះតែបន្តទៅមុខទៀត យើងបារម្ភដែរ។ បារម្ភថា ការផលិតបទចម្រៀងបែបប្រពៃណីខ្មែរ បង្ហាញពីអត្តសញ្ញាណខ្មែរកាន់តែថយចុះទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ”។

យ៉ាងណា ជុំវិញករណីទាំងអស់នេះ លោកបណ្ឌិត បញ្ជាក់ថា ពាក់ព័ន្ធបញ្ហាទាំងអស់នេះ ប្រសិនជាក្រសួង ស្ថាប័នពាក់ព័ន្ធ រកឃើញពីឫសគល់ និងមូលហេតុនៃការផលិតបទចម្រៀងប្រពៃណីខ្មែរថយចុះ និងដោះស្រាយបញ្ហានេះបាន នោះនឹងធ្វើឱ្យបទចម្រៀងប្រពៃណីខ្មែរមានការកើនឡើងវិញ។ ប៉ុន្ទែ ប្រសិនជាក្រសួង ឬស្ថាប័នពាក់ព័ន្ធ រកពីមូលហេតុ ឬមិនអាចដោះស្រាយបាននោះ ពិតណាស់ បទចម្រៀងប្រពៃណីខ្មែរនឹងថយចុះ ហើយអ្នកផលិតបទចម្រៀងដែលមិនសូវគិតគួរពីអត្តសញ្ញាណខ្មែរ នឹងកើនឡើង។ បន្ថែមពីនេះ នឹងធ្វើឱ្យយុវជនខ្មែរជំនាន់ក្រោយមិនបានស្គាល់ពីវប្បធម៌ប្រពៃណីខ្មែរបានច្បាស់នោះទេ ចំណែក វប្បធម៌របស់បរទេស ក៏អាចនឹងហូរចូលកម្ពុជាច្រើនជាងមុនដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ