Connect with us

ព័ត៌មានជាតិ

ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់សត្វព្រៃកម្រច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិបីខេត្ត

បានផុស

នៅ

​ក្រសួងបរិស្ថាន បានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។​​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ប្រភេទសត្វព្រៃជិតផុតពូជ ប្រភេទទទួល​រងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ​ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួង​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួង​បរិស្ថាន ពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញ​វត្តមានប្រភេទសត្វព្រៃ​​ដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួល​រងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំងដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបងចំនួន ១៦ គ្រឿង និងខេត្តកោះកុងចំនួន១០ គ្រឿង ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះ​ដឹង​ពីវិធីសាស្រ្តសិក្សា​ និង​ប្រមូល​​ទិន្នន័យ​ជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

នេះជាលើកទី២ហើយ ក្នុងក្របខណ្ឌនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវិដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

សូមបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារ​ពិភព​​លោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និង​គ្រោង​នឹង​​បញ្ចប់នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រង​តំបន់​​ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃ​អនុផល​ព្រៃឈើ​នៅតំបន់​ទេសភាព​ជួរភ្នំក្រវាញ និងបឹងទន្លេសាប​។

បើតាមក្រសួងបរិស្ថាន កាលដែលជ្រើសរើសដែនជម្រកសត្វព្រៃស្ថិត​ក្នុង​ភូមិសាស្រ្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថាដោយសារតែតំបន់ការពារ​ធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទ​​ព្រៃស្រោង ពាក់កណ្តាល​ស្រោង ​ព្រៃល្បោះ លាយ​ឡំ​ដោយ​ព្រៃឫស្សី និង​វាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តទាំង ៣ នេះ មានអូរបឹងបួរ ស្ទឹង​ជា​ប្រភព​ទឹក ដែល​ជា​​ទីជម្រក​​ប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយ​គាំទ្រដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវ​ឱ្យ​មាន​​​ការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស៕ កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម