ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ថ្លែងថា ការបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបង្កើតព័ត៌មានបំភ្លៃ ការបំភ្លើសខុសពីការពិត មិនមែនជាសេរីភាពសារព័ត៌មាន មិនមែនជាសេរីភាពបោះពុម្ពផ្សាយឡើយ ប៉ុន្តែរំលោភបំពានទៅលើច្បាប់ ហើយទង្វើបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖«ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត ដែលយើងនិយាយជារួមគឺព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃនិងព័ត៌មាន បំភ្លើសនេះ គឺមិនមែនជាសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយទេ នោះគឺជាការរំលោភបំពានទៅលើច្បាប់… ហើយការបំពានច្បាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។»។

ស្របពេលជាមួយក្រសួងព័ត៌មាន ដាក់ចេញ«យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» លោករដ្ឋមន្ត្រីព័ត៌មាន អះអាងថា ការដាក់ចេញយុទ្ធនាការនេះមិនមែនជាការគាបសង្កត់សេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែជាការផ្ដល់សុវត្ថិភាព ជាការការពារសិទ្ធិរបស់ពលរដ្ឋដែលត្រូវទទួលបានព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាពសម្រាប់ប្រជាជនរាប់លាននាក់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចំនួន៣២០៨ព័ត៌មាន ហើយនៅឆ្នាំ២០២៤ មានការផ្សាយព័ត៌មានក្លែងក្លាយចំនួន៣៦៥១ ព័ត៌មាន។ ផ្អែកលើការកត់សម្គាល់លោក នេត្រ ភក្ត្រា អះអាងថា ក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងបង្កើតព័ត៌មានក្លែងក្លាយមួយចំនួនធំពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ បញ្ហាទឹកដី ជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យអស់ជំនឿ និងស្អប់រដ្ឋាភិបាល ហើយឈានដល់ផ្ទុះបដិវដ្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងរម្លឹកដោយចំៗថា កាលពីឆ្នាំពី២០២៤ កន្លងទៅ ក្រុមប្រឆាំងជ្រុលនិយមបានបង្កើតព័ត៌មានក្លែងបន្លំ និងបំភ្លៃ មានចរិតបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ញុះញង់ឱ្យបះបោរឱ្យតវ៉ា ដូចជាករណីបំភ្លៃ និងក្លែងបន្លំព័ត៌មានលើ CLV-DTA ដែលកាលណោះក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានថា រដ្ឋាភិបាលកម្ពុជា កាត់ដី៤ខេត្ត ក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ទៅឱ្យប្រទេសជិតខាង ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើរដ្ឋាភិបាល រៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបាតុកម្មជាដើម។

លោក នេត្រ ភក្ត្រា លើកឡើងថា ជាមួយនិន្នាការនៃការប្រើប្រាស់បណ្ដាញកាន់តែកើនឡើង ការបង្កើតព័ត៌មានក្លែងក្លាយឡើង គឺកាន់តែមានភាពពិសពុល បង្កប់គំនិចទុច្ចរិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន តាមរយៈការបំភ្លៃការពិតពីប្រទេសកម្ពុជា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ គិតខុសលើរដ្ឋាភិបាលចំពោះរដ្ឋាភិបាលកម្ពុជា។

លោក នេត្រ ភក្ត្រា អះអាងថា ដោយមើលឃើញពីភាពកាចសាហាវនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ទើបក្រសួងព័ត៌មានសម្រេចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឡើង ដើម្បីកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយឱ្យបានតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមព័ត៌មានកម្ពុជាឱ្យអស់ ដើម្បីធានាឱ្យសន្តិសុខព័ត៌មានតាមរយៈការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងគុណភាពព័ត៌មានដែលបញ្ជូនទៅប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់។

ពីសន្និសីទសារព័ត៌មានដដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃថា ស្របពេលបច្ចេកវិទ្យាទំនើប កានតែរីកចម្រើន អ្នកសារព័ត៌មានមួយចំនួន ដែលផ្សាយផ្ទាល់ (Live)រាល់ដំណឹង ឬព័ត៌មានភ្លាមៗ មិនបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ឡើយ ពោលគឺផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពតែម្ខាង គ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រភពខ្លះផ្ដល់ព័ត៌មានមិនពិត មិនបានផ្ទៀងផ្ទាត់ ឬសួរប្រភពទាំងសងខាងឱ្យមានតុល្យភាពព័ត៌មានឡើយ ហើយការផ្សាយបែបនេះ បណ្ដាលឱ្យមានការយល់ច្រឡំ។
ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា អំពាវនាវឱ្យអ្នកសារព័ត៌មានកុំប្រញាប់ចេញផ្សាយពេក ត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន រក្សាតុល្យភាពព័ត៌មាន សួរប្រភពទាំងសងខាងទាំងអ្នកដែលចោទប្រកាន់គេ និងអ្នកដែលត្រូវគេចោទ ដើម្បីជៀសវាងប្រភពបោកប្រាស់ បណ្ដាលឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានលក្ខណៈបរិហារកេរ្តិ៍។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានថា ការផ្សាយព័ត៌មានក្លែងក្លាយពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះបុុគ្គលណាម្នាក់ ដោយភ្ជាប់លក្ខខណ្ឌជំរិតទារប្រាក់ បើមិនប្រាក់តាមកំណត់ នឹងផ្សាយព័ត៌មាន មិនមែនការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់កម្ពុជា។
លោក នេត្រ ភក្រ្តា ប្រាប់បន្តថា អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធ ឬសិទ្ធិពិសេសណាមួយជួយឱ្យរួចខ្លួនពេលខ្លួនធ្វើខុសច្បាប់ឡើយ ពោលបើធ្វើខុសត្រូវច្បាប់ទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែអ្នកសារព័ត៌មានមានតែអាវក្រោះជួយការពារខ្លួននៅពេលផ្សាយព័ត៌មានពិតត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ស្ដីរបបសារព័ត៌មាន និងជាពិសេសអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ